រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ឈាង រ៉ា ស្នើនិងជំរុញថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ បង្កើនប្រសិទ្ធភាពការងារតទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ សំដៅធានាឱ្យបាននូវគុណភាព និងសុវត្ថិភាព។
ការស្នើនេះ ធ្វើឡើងក្នុងអំឡុងពេលអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣។
នាឱកាសនោះលោក ឈាង រ៉ា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ តាមអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យនានា នៅទីស្តីការក្រសួងសុខាភិបាល ដែលបានខិតខំបំពេញកាតព្វកិច្ចការងារបម្រើជូនជាតិ និងប្រជាពលរដ្ឋ តាមរយៈស្ថាប័នខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់ និងបន្តខិតខំដោយឥតសំចៃក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាល តាមជំនាញរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន និងកាន់តែប្រសើរឡើង។
បន្ថែមពីនេះលោកស្នើថា៖«សូមថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិកទាំងអស់ បន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពការងារតទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យបាននូវ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌»។
លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុង ដើម្បីចូលរួមគាំទ្រ និងសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
គួរជម្រាបជូនថា លោក ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលដែលទើបចូលកាន់តំណែងថ្មី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅខេត្តកំពង់ឆ្នាំង និងនៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យលទ្ធភាព ជំរុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
ក្នុងដំណើរបេសកកម្មរបស់លោក បានពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពផ្សេងទៀត រួមទាំងបញ្ហាប្រឈមនានា ដែលមាននៅក្នុងខេត្ដកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ កាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ប្រកបដោយសមធម៌។ ជាពិសេសការបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែកៀកប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពងាយស្រួលក្នុងទទួលសេវាថែទាំសុខភាព កាន់តែល្អប្រសើរ។
លោកបានបញ្ជាក់ថា៖«កិច្ចសហការរបស់អាជ្ញាធរ ជាមួយវិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ»៕