ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា ចំពោះអ្នកដែលមានតួនាទីភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ បើសិនមានការស្រាវជ្រាវឃើញថា មានការពាក់ព័ន្ធជាមួយការប្រើប្រាស់ និងជួញដូរគ្រឿងញៀនមិនគួររក្សាទុកនៅជាកងកម្លាំងបំពេញតួនាទីភារកិច្ចទៀតទេ។
ការថ្លែងរបស់លោក ស សុខា បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៣០ ខែសីហា។
លោកបានបញ្ជាក់ថា៖ «ទុកក៏មិនដឹងចំណេញអី សំណួរនៅកន្លែងហ្នឹង គាត់ម្នាក់ មិនដឹងថា គាត់បានធ្វើប៉ុន្មានឆ្នាំហើយ ហើយរាប់ពាន់រាប់សែននាក់ ដែលត្រូវកើតទុក្ខដោយសារគាត់។ អ៊ីចឹងហើយខ្ញុំគិតថា ការងារនេះប៉ុន្មានថ្ងៃខាងមុខនឹងជជែកបន្ថែមជាមួយឯកឧត្តម ព្រំ សុខា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យទៅលើផែនការរួមធ្វើម៉េចរឹតបន្តឹងក្នុងការគ្រប់គ្រងគ្រឿងញៀន»។
ជាមួយគ្នានោះលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីការលុបបំបាត់ឱ្យបាននូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ ដែលចំណុចនេះលោកបានសង្កត់ធ្ងន់ទៅលើការអន្តរាគមន៍ចំពោះការជួញដូរគ្រឿងញៀន ព្រោះកន្លងមកធ្លាប់កើតមាន។ លោកថា នៅអាណត្តិមុនមានស្នងការរងម្នាក់ បានបន្លំឯកសារ និងមានការអន្តរាគមន៍រហូតទៅដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទៀតផង។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្រោយបញ្ចប់បេសកកម្មដ៏មមាញឹកក្នុងការបោះឆ្នោតតាមបណ្តាខេត្ត អាជ្ញាធរ ទើបបានបំពេញបន្ថែមនូវការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះខេត្តចំនួន ៤ រួមមានខេត្តព្រះសីហនុ បាត់ដំបង សៀមរាប និងកំពង់ឆ្នាំង បានធ្វើការដុតបំផ្លាញចោលគ្រឿងញៀនប្រមាណជាង ៦ តោន។
លោក មាស វិរិទ្ធ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ សីហាថា នៅរាជធានីភ្នំពេញ បានធ្វើការដុតបំផ្លាញចោលរួចហើយ នូវសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលសមត្ថកិច្ចចាប់បាន និងមានដីកាសម្រេចពីតុលាការ។ ការដុតបំផ្លាញនោះធ្វើឡើងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ ដែលមានគ្រឿងញៀនរហូតដល់ប្រមាណជាង ៥ តោន។
លោកបញ្ជាក់ថា ក្រៅពីខេត្តទាំង ៤ ខាងលើ និងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តផ្សេងៗមួយចំនួនទៀតក៏មានការដុតបំផ្លាញគ្រឿងញៀនចោលផងដែរ ប៉ុន្តែនៅមិនទាន់មានការបូកសរុបពីចំនួនគ្រឿងញៀននៅទូទាំងប្រទេស ដែលត្រូវដុតបំផ្លាញចោលទេ។
លោកថ្លែងថា៖ «គេអត់ទាន់បានបូកសរុបមកឱ្យខ្ញុំផង ប៉ុន្តែមានការដុតច្រើនខេត្ត។ ខ្ញុំខ្លួនឯងក៏អត់បានបូកសរុប ព្រោះខ្ញុំខ្លួនឯងចូលក្នុងពិធីខ្លះ អគ្គលេខាធិការរងមួយចំនួនចូលក្នុងពិធីខ្លះទៀត មានច្រើនរាជធានី ខេត្តគោលដៅ»។
លោកបន្តថា ការដុតបំផ្លាញចោលគ្រឿងញៀននៅទីសាធារណៈ គឺជាការបង្ហាញប្រាប់ដល់សាធារណជនឱ្យបានជ្រាបថា គ្រឿងញៀនដែលចាប់បានដោយសមត្ថកិច្ច ត្រូវយកទៅបំផ្លាញចោល គឺជាសារដាស់តឿនស្មារតីដល់យុវជន ឬអាណាព្យាបាល ឬអ្នកដែលមានបងប្អូនសាច់ញាតិរងគ្រោះដោយសារបញ្ហាគ្រឿងញៀនឱ្យបានយល់ជ្រួតជ្រាប។ ការដុតបំផ្លាញគ្រឿងញៀនជាសាធារណៈនេះក៏បង្ហាញផងដែរថា គ្រឿងញៀនគ្មានប្រយោជន៍អ្វីទាំងអស់ ហេតុនេះត្រូវតែបោះបង់ និងកុំមានការពាក់ព័ន្ធ។
លោក មាស វិរិទ្ធ លើកឡើងទៀតថា ក្នុងបេសកកម្មថ្មីរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើតបង្កើនសមិទ្ធផលថ្មី ជាពិសេសលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យចេញជាលទ្ធផលផ្លែផ្កាកុំឱ្យចំនួនអ្នកប្រើប្រាស់កើនឡើងជាបន្តទៀត។
លោកថ្លែងថា៖ «ដើម្បីកុំឱ្យចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើង គឺទាំងអស់គ្នាត្រូវបដិសេធការប្រើប្រាស់គ្រឿងញៀន នេះជាកិច្ចការងារ ១ ល្អ ធ្វើឱ្យភូមិ ឃុំ កាន់តែមានសុវត្ថិភាព ព្រោះបញ្ហាគ្រឿងញៀន នាំមកនូវបញ្ហាស្មុគស្មាញ ចាក់ស្រែះនៅក្នុងមូលដ្ឋាន»៕