ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែសីហា បានដឹកនាំកិច្ចប្រជុំរួមជាមួយអ្នកជំនាញអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធ ដើម្បីធ្វើការសិក្សា និងពន្លឿនផែនការដោះស្រាយការលិចលង់ដោយសារជំនន់ទឹកភ្លៀង។
លោក ឃួង ស្រេង បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងបំណងសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល និងការរៀបចំផែនការបន្តលើការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងឱ្យបានយូរអង្វែងផងដែរ។
លោកថ្លែងថា៖ «ដើម្បីរកមធ្យោបាយដោះស្រាយឱ្យបានល្អចៀសវាងឱ្យបានពីការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទាមទារឱ្យយើងត្រូវរួមគ្នាដោះស្រាយឱ្យបានល្អ»។
លោកក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធទាំងអស់ ធ្វើកិច្ចការងារនេះជាកញ្ចប់តែ ១ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី ១៥ ទៅ ២០ ឆ្នាំ ហើយពាក់ព័ន្ធនឹងការងារនេះ រាជរដ្ឋាភិបាលក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសណ្ដស្ទឹងព្រែកត្នោតផងដែរ។ ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចរៀបចំជាគម្រោងធំ ១ ផ្ញើទៅរាជរដ្ឋាភិបាល។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញថ្លែងថា សម្រាប់រាជធានីភ្នំពេញ គឺបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគិតមកដល់ពេលនេះ បានស្ថាបនាប្រព័ន្ធលូបានជាង ៩២៤គីឡូម៉ែត្រ ហើយនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀតដែរ។
លោកថ្លែងថា៖ «នៅក្នុងរាជធានីភ្នំពេញ យើងបានដោះស្រាយបញ្ហាលិចលង់នេះបាន ៣២ កន្លែង រួចហើយ ហើយនៅពេលថ្មីនេះទៀតយើងដោះស្រាយបាន ៧ កន្លែងថ្មីទៀតផង»។
លោក ធី រតនៈ ជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ បានលើកឡើងថា ជារៀងរាល់ឆ្នាំ ពេលមានភ្លៀងធ្លាក់ខ្លាំង កំណាត់ផ្លូវតូចធំជាច្រើនក្នុងរាជធានីភ្នំពេញ តែងតែលិចលង់ដោយសារជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះលោកសុំឱ្យអាជ្ញាធរមូលដ្ឋាន ពិសេសស្ថាប័នពាក់ព័ន្ធ គួរតែចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះ ហើយក៏បានសុំឱ្យពលរដ្ឋប្រុងប្រយ័ត្នពីសុវត្ថិភាពក្រុមគ្រួសារនៅពេលមាន ទឹកលិចផងដែរ៕