កោះកុងៈ ស្ថានទូត​ឥណ្ឌា​ប្រចាំ​​កម្ពុជា និង​អាជ្ញាធរ​មីន​កម្ពុជា កាលពី​ថ្ងៃទី ​៣១ ខែសីហា ឆ្នាំ ​២០២៣ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដោយបាន​ចុះហត្ថលេខា​អនុម័ត​ផ្ដល់​​ថវិកា​លើ​គម្រោង​បោសសម្អាត​មីន​ក្នុងស្រុក​ចំនួន ​៤ នៅ​ខេត្តកោះកុង​ដែល​នឹងត្រូវ​ប្រើ​ថវិកា ​៤២៦ ៧០៩ ​ដុល្លារ​អាមេរិក​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុ​ស្ស​​រណៈ​នៃ​ការយោគយល់​គ្នា​ពី​ «​គម្រោង​ភូមិ​អស់​មីន​នៅ​ខេត្ត​កោះកុង​» បានធ្វើ​ឡើង​នៅ​ខេត្ត​​កោះកុង ដោយមាន​ការចូលរួម​ពី​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​, ​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង រួម​នឹង​មន្ត្រី​ជាច្រើនរូប​ទៀត​។​

​យោងតាម​ការប្រកាសរ​បស់​អាជ្ញាធរ​មីនបាន​បញ្ជាក់ថា «​គម្រោង​ភូមិ​អស់​មីន​នៅ​ខេត្ត​​កោះកុង​» ​នេះ ទទួល​ការឧបត្ថម្ភ​​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្រោម​ក្របខ័ណ្ឌ​គម្រោង​ផ្តល់​ផល​​រហ័ស និង​សហការ​ជាមួយ​អា​​ជ្ញា​ធរ​កម្ពុជា​គ្រប់គ្រងសកម្មភាព​​កំចាត់មីន​ និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​។​

នៅឯ​ពិធី​ចុះហត្ថលេខា​នោះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​លើកឡើងថា​៖ «​តាមរយៈ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ឥណ្ឌា អាជ្ញាធរ​មីន​បានរៀបចំ​ផែនការ​បោសសម្អាត​មីន​ក្នុងស្រុក​បទុម​​សាគរ ស្រុកស្រែ​អំបិល ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង លើ​ទំហំ​ផ្ទៃដី ១ ៩៧២ ០៩១ ម៉ែត្រ​​ការ៉េ ស្មើនឹង​​ ៣៣​ ចម្ការមីន​ ដោយ​​ត្រូវ​ប្រើប្រាស់​ថវិកា​សរុប ៤២៦ ៧០៩​ ដុល្លារ​អាមេរិក​»​។​

​លោក​បានបន្តថា គម្រោង​នេះ​នឹង​ប្រែក្លាយ​ស្រុក​ទាំង ​៤ ខាងលើ​ជា​ស្រុក​អស់​មីន ព្រម​ទាំង​មាន​ប្រជាពលរដ្ឋ​ទទួលផល​​សរុប​ចំនួន ២០ ៣១៩​ គ្រួសារ ស្មើនឹង ៨៦ ៣៦៧​ នាក់​។​

​ខេត្តកោះកុង តាមរយៈ​ការងារ​បោសសម្អាត​មីន​នេះ នឹង​ជំរុញឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​បន្ថែមទៀត​តាមរយៈ​ការទទួល​​បាន និង​ការប្រើប្រាស់​ដី​ប្រកប​​ដោយ​សុវត្ថិភាព ក៏ដូចជា​ផ្តល់​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​តំបន់​ធម្ម​​ជាតិ​ខេត្តកោះកុង ហើយ​ប្រជា​ពលរដ្ឋ​នឹង​ទទួលបាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ផងដែរ​។​

​លោក ​លី ធុជ បាន​បញ្ជាក់ថា​៖ «​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​កិច្ចការ​អាទិភាព​មួយ និង​ទទួល​​បានការ​គាំទ្រ និង​យកចិត្ត​ទុក​​ដាក់​ខ្ពស់​ពី​ឯកឧត្តម ហ៊ុន ម៉ា​​ណែ​ត នាយករដ្ឋមន្ត្រី​ក្នុងការ​​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ផ្តល់​ស្នាមញញឹម​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កិច្ចការ​នេះ​លោក​បាននិងកំពុង​បន្ត​មរតក និង​ទទួល​បេសកកម្ម​ដ៏​ធំធេង​ពីស​ម្តេច ហ៊ុន សែន​»​។​

​សូម​បញ្ជាក់ដែរថា ប្រទេស​​ឥណ្ឌា ធ្លាប់បាន​ផ្តល់​ថវិកា​ជួយ​បោសសម្អាត​មីន​នៅ​ស្រុក​បទុម​​សាគរ ខេត្តកោះកុង និង​ផ្តល់​​អវយវៈ​ដល់​ជន​មាន​ពិការភាព​ដោយសារ​មីន និង​គ្រាប់​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​ ៥៥០​ នាក់​ផងដែរ​។​

​យោងតាម​របាយការណ៍​អាជ្ញា​​ធរ​មីន​ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ​ផ្ទៃដី​បោសសម្អាត​រួច​សរុប​ចំនួន ​២១៥ ​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​មាន​មីន​បោសសម្អាត​រួច​មាន ១១៣​ គីឡូម៉ែត្រ​ការ៉េ ដោយ​រកឃើញ​មីន​ប្រឆាំង​មនុស្ស ​១២ ២៩៦​ គ្រាប់​, ​មីន​ប្រឆាំង​រថក្រោះ​ ៨៧​គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​៣១ ៣០៧ ​គ្រាប់​។​

​ជាមួយគ្នានេះ​អាជ្ញាធរ​មីន គ្រោង​ប្រកាស​ខេត្ត ​៦ ជា​ខេត្ត​អស់​មីន​នៅ​ឆ្នាំនេះ រួមមាន​ខេត្ត​កំពង់​​ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប មណ្ឌលគិរី និង​ខេត្តរតនគិរី​៕​