អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោក ភាវ សុវុទ្ធី បានលើកឡើងថា បញ្ហាប្លាស្ទិក និងសំរាម គឺជាបញ្ហារួមរបស់មនុស្សលោក ដែលទាមទារឱ្យរួមគ្នាដោះស្រាយទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក តាមរយៈការបញ្ជ្រាបចំណេះដឹងពីផលប៉ះពាល់ និងការទុកដាក់សំរាម ដើម្បីសុខុមាលភាពសាធារណៈ។
លោក ភាវ សុវុទ្ឋី បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា កាលថ្ងៃទី៣១ ខែសីហា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោកបានឱ្យដឹងថា៖ «ជាការងារអាទិភាពយើងត្រូវគិតគូរ គឺការទទួលខុសត្រូវរបស់អ្នកផលិត ការបង្កើនសមត្ថភាព និងការផ្លាស់បូរឥរិយាបថរបស់អ្នកផលិតសំរាម ការបែងចែកសំរាមដោយគិតចាប់ពីកុមារតូច ដោយការបញ្ជ្រាបចំណេះដឹង តាមរយៈការអប់រំនៅតាមសាលារៀន ការរៀបចំសាលាមេត្រីបរិស្ថាន អារាមមេត្រីភាព មណ្ឌលសុខភាព សកម្មភាពមេត្រីបរិស្ថាន និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ»។
លោកបានបន្ថែមថា ទន្ទឹមនឹងការធ្វើទំនើបកម្មការគ្រប់គ្រងសំណស់ សំរាម ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រតាមដានហើយនោះ ការបែងចែក ការកែច្នៃសំរាម ទាំងប្លាស្ទិក ក៏យើងអាចយកទៅលក់ ទៅធ្វើជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ ឬធ្វើជាប្រេងឥន្ធនៈ និងសំរាមសរីរាង្គ ដែលអាចធ្វើជាជីកំប៉ុស្តិ៍ និងការប្រើប្រាស់ឡើងវិញថែមទៀតផង។
ដើម្បីឱ្យសកម្មភាពខាងលើបានជោគជ័យ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា៖«ការបញ្ជ្រាបទស្សនទានភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន ទៅក្នុងខ្សែច្រវ៉ាក់នៃការគ្រប់គ្រង សំណល់រឹង និងរាវ ក៏ត្រូវបានគិតគូរផងដែរ»។ លើសពីនេះ លោកថា ក្រសួងក៏បានផ្តោតលើការបញ្ជ្រាបផែនការសកម្មភាពនានាឱ្យទៅក្នុងផែនការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថែមទៀត។
ពាក់ព័ន្ធបញ្ហាសំរាមនេះ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានថ្លែងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធ ខណៈលោកក៏ជំរុញឱ្យអន្តរក្រសួងសហការគ្នារៀបចំ និងគ្រប់គ្រងរាល់បញ្ហាប្លាស្ទិក និងសំរាមដែលបង្កគ្រោះថ្នាក់ នៅតាមភពទឹកនានា ដើម្បីបញ្ចៀសផលប៉ះពាល់។
លោកបានលើកឡើងថា៖ «នេះគឺកិច្ចការសំខាន់ណាស់ ព្រោះកិច្ចការទាំងនេះ គឺជាកិច្ចការរសើបដែលទាមទារឱ្យមានកិច្ចអន្តរាគមន៍រួមគ្នា ទាំងកម្ពុជា និងសហគមន៍អន្តរជាតិមួយបន្ទាន់ ព្រោះថាបើសិនជាសំណល់ប្លាស្ទិក និងសំរាមដែលបង្កគ្រោះថ្នាក់ទាំងនោះ ទុកដាក់មិនបានត្រឹមត្រូវ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ បរិស្ថាន ជីវៈចម្រុះនៅក្នុងទឹក សេដ្ឋកិច្ចគ្រួសារ និងជាតិថែមទៀត»។
ក្រសួងបរិស្ថាន ធ្លាប់បានបង្ហាញថា បច្ចុប្បន្ននេះ សំរាមភាគច្រើននៅក្នុងសមុទ្ររបស់យើង គឺសំរាមប្លាស្ទិក។ ជារៀងរាល់ឆ្នាំប្លាស្ទិកប្រមាណ ៨ លានតោន ហូរចូលទៅក្នុងសមុទ្រ ស្មើនឹងឡានដឹកសំរាមធំមួយពេញ រៀងរាល់មួយនាទីម្ដង។ ជាងនេះទៀតសំណល់ប្លាស្ទិកក្នុងពិភពលលោកប្រមាណ ៩០% ត្រូវហូរចូលទៅក្នុងសមុទ្រតាមរយៈទន្លេធំៗចំនួន ១០។ ទន្លេចំនួន ៨ ក្នុងចំណោមទន្លេទាំង ១០ នេះ គឺឋិតនៅអាស៊ី ដែលក្នុងនោះ ទន្លេមួយ គឺទន្លេមេគង្គ។
ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានចាប់ផ្ដើមសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយដែលមានបទដ្ឋានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេស រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តស្វាយរៀងជាដើម៕