ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) ចុះសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង ដោយបានកំណត់ក្រុងបាត់ដំបង និងទីប្រជុំស្រុកមោងឫស្សី ជាក្រុង និងស្រុកគោលដៅ សម្រាប់ការសិក្សាប្រមូលធាតុចូលក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។
ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំពិភាក្សាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងការអភិវឌ្ឍទីក្រុងកាបូនទាប ការលើកកម្ពស់ការទទួលបានសេវាប្រកបដោយចីរភាពនៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរងក្រុងបាត់ដំបងលោក នូ ចំរើន ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រដ្ឋបាលក្រុងបាត់ដំបង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទីប្រឹក្សាគម្រោងវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
លោក ចៅ សុភ:ភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងនេះរៀបចំឡើងក្នុងគោលបំណង ៤សំខាន់ៗ ក្នុងនោះទី១ ណែនាំគោលគំនិតសេដ្ឋកិច្ចចក្រា លើការគ្រប់គ្រងប្រព័ន្ធសំណល់រឹងក្នុងក្រុង ទី២ កំណត់គម្លាតក្នុងការអនុវត្តការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង ទី៣ អភិវឌ្ឍន៍គម្រោងឆ្លើយតបនឹងតម្រូវជាក់ស្តែងថ្នាក់ក្រុង ស្រុក និងទី៤ ពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងវិស័យសាធារណ: និងឯកជន ប្រតិបត្តិករ។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រលើលទ្ធផលនៃការសិក្សាបឋម និងបានស្នើឱ្យបន្តជំហានសិក្សាបន្តបន្ទាប់លម្អិតមុនស្នើសុំយោបល់ថ្នាក់ដឹកនាំស្ថាប័ន សំដៅឈានដល់ការអនុវត្តគម្រោងឆ្នាំ២០២៥ និងស្នើឱ្យទីប្រឹក្សា GGGI សិក្សាបន្ថែមបង្កើតយន្តការ និង/ឬ នីតិវិធីលើការធ្វើប្រតិបត្តិការ និងថែទាំសម្រាប់គម្រោងឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ក្រសួងកំពុងខិតខំប្រឹងប្រែងពង្រីកការអភិវឌ្ឍលើការគ្រប់គ្រងនៃវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមបណ្តា រាជធានី ខេត្ត ដើម្បីឱ្យសមស្របដំណាក់កាលប្រទេសជាតិដែលកំពុងរីកចម្រើន៕