អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០,៥% ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដល់ ៩៩,៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេក្នុងចំណោម ១៨៥ ប្រទេស។ នេះបើតាមប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រភពដដែលបន្តថា តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយអង្គការនេះបានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាល្លឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។
តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក ឡាវ វៀតណាម ជាដើម ដោយប្រើប្រាស់នូវនិយមតែមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានកំណត់ថា អ្នកមានការងារធ្វើគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ ៧ ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារតែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។
ដោយឡែក អ្នកគ្មានការងារធ្វើសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែល (១) មិនមានការងារ (២) ហើយកំពុងស្វែងរកការងារ (៣)និងអាចទទួលយកឱកាសការងារប្រសិនបើមាន។
ក្រសួងបន្តថា ដោយផ្អែកលើនិយមន័យនេះ សង្កេតឃើញថា ប្រទេសនៅលើពិភពលោក បានទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ បានប្រមូលនិងផលិតនូវទិន្នន័យទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ ដែលយើងអាចទាញយកទិន្នន័យទាំងអស់នេះបានជាសាធារណៈពី https://ilostat.ilo.org/data/# ។
យ៉ាងណាមិញលោក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ធ្លាប់លើកឡើងថា ប្រទេសកម្ពុជា អត្រាអ្នកគ្មានការងារធ្វើនៅមានច្រើន ទាំងអ្នកមានជំនាញ ទាំងសិស្សនិស្សិត កំពុងសិក្សានៅសាកលវិទ្យាល័យ ហើយការងារដែលធ្វើនោះក៏គ្មានគុណភាពថែមទៀត។
លោកបញ្ជាក់ថា៖ «អ្វីដែលរាជរដ្ឋាភិបាលចាត់ចូលជាអ្នកមានការងារធ្វើរហូតដល់ជាង ៩០ ភាគរយនេះគឺគិតសរុបទាំងអ្នកលក់ដូរ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់៣ និងអ្នកមានរបរតិចតួចជាដើមនោះ រាជរដ្ឋាភិបាលមិនគួរផ្ដោតអារម្មណ៍ទៅលើលទ្ធផលនេះពេកទេ»។
លោកថាដើម្បីលើកទឹកចិត្ដចំពោះការអភិវឌ្ឍវិស័យការងារនៅកម្ពុជានេះ រដ្ឋាភិបាលគួរគិតគូរបង្កើតឱកាសឱ្យយុវជន និងសហគ្រាសមូលដ្ឋានមកអភិវឌ្ឍន៍ ឬបង្កើតជាសហគ្រិនភាពដើម្បីបង្កើតការងារនៅក្នុងស្រុកឱ្យបានច្រើន ហើយទាក់ទាញកម្មករជំនាញឱ្យធ្វើការងារនៅក្នុងស្រុក បង្កើតជាផលិតកម្មឱ្យបានច្រើនជាជាងបញ្ជូនកម្មករទៅក្រៅប្រទេស។
យោងតាមប្រភពទិន្នន័យរបស់ ILOនេះ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបជាង ១% ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះគឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវ៕