ភ្នំពេញៈ គិត​ត្រឹម​រយៈពេល​ប្រមាណ​ជាជាង​ ៨ ​ខែ ​ក្នុង​ឆ្នាំ​២០២៣​ នេះ ផ្សោត​បានកើត​ថ្មី​ចំនួន ៧ ​ក្បាល ខណៈដែល​ចំនួន​ផ្សោត ៣​ ក្បាល ​ងាប់ បើ​ធៀប​ទៅនឹង​ឆ្នាំកន្លងមក។​

​លោក ឃឹម ហ្វី​ណង់ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក នា​ថ្ងៃទី​២ ខែកញ្ញា​ថា ក្រុមការងារ​ស្រាវជ្រាវ និង​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ប្រទះឃើញ​កូន​ផ្សោត​កើត​ថ្មី​១​ក្បាល​នៅក្នុង​ខេត្តស្ទឹងត្រែង​។​ ​កូន​ផ្សោត​១​នេះ គឺជា​កូន​ផ្សោ​តទី​៧ ដោយបាន​កត់ត្រា​ទុក​គិត​ត្រឹម​ដើមខែ​៩ នៃ​ឆ្នាំ​២០២៣​នេះ ទាំង​ចំនួន​ផ្សោត​កើត​ក៏មាន​ការកើនឡើង និង​ចំនួន​ផ្សោត​ងាប់​ក៏មាន​ការថយចុះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​។

​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២១ មាន​ផ្សោត​កើត​ចំនួន ៦​ក្បាល និង​ងាប់​ចំនួន ៩​ក្បាល។​ ​ឆ្នាំ​២០២២ មាន​ផ្សោត​កើត​ចំនួន ៦​ក្បាល និង​ងាប់​ចំនួន ១១​ក្បាល​។​

​របាយការណ៍​ដដែល ក៏បាន​បង្ហាញ​ផងដែរ ចាប់ពី​ខែមករា រហូតដល់​ដើមខែ​កញ្ញា ឆ្នាំ​២០២៣ មាន​ផ្សោត​កើត​ចំនួន ៧​ក្បាល និង​ងាប់​ចំនួន ៣​ក្បាល​។​

​លោក ឃឹម ហ្វី​ណង់ បានបញ្ជាក់​ថា​៖ «​នេះ​ជា​ចំនួន​មួយ​កើនឡើង​យ៉ាង​ល្អ បើ​ធៀប​នឹង​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​។ ទន្ទឹម​ជាមួយនឹង​ការថយចុះ​ច្រើន​នៃ​ចំនួន​ផ្សោត​ស្លាប់ បើ​ធៀប​នឹង​ឆ្នាំកន្លងមក​ផងដែរ​នោះ នេះ​គឺជា​សញ្ញា​ល្អ​សម្រាប់​ការអភិរក្ស​ផ្សោត​នៅ​កម្ពុជា​!»​។​

​ដោយឡែក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ក៏បាន​ប្រកាស​ឱ្យដឹង​ដែរ​ថា កូន​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី​១ក្បាល​នេះ មាន​អាយុកាល​ប្រមាណ ២០​ថ្ងៃ​បាន​ប្រទះឃើញ​ហែល​ក្នុង​ក្រុម​ហ្វូង​សត្វ​ផ្សោត​ពេញវ័យ​ដែលមាន​ចំនួន​ប្រមាណ​ជា​៨​ក្បាល នា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ក្នុង​អន្លង់​ត្បូង​ខ្លា ស្ថិតនៅ​ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​ក្រុមការងារ​ស្រាវជ្រាវ​និង​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល និង​អង្គការ​WWF កំពុង​បំពេញការងារ​ចុះ​អង្កេត​ស្ថានភាព​សត្វ​ផ្សោត​ទន្លេមេគង្គ​។

​អង្គការ WWF​បន្តថា​៖ «​វត្តមាន​របស់​សត្វ​ផ្សោត​នេះ ជា​កត្តា​ចង្អុលបង្ហាញ​មួយ ពី​គុណភាព​ធនធាន​ជលផល និង​គុណភាព​ទន្លេ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ជីវចម្រុះ ប្រព័ន្ធ​បរិស្ថាន​ធម្មជាតិ ដែល​ផ្តល់នូវ​សេវាកម្ម​អេកូឡូស៊ី​ក្នុងការ​ទ្រទ្រង់​ជីវិត​របស់​មនុស្ស និង​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន​តាមរយៈ​វិស័យ​ទេសចរណ៍​ផងដែរ​។ សូម​រួមគ្នា​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​កំពុង​រស់រាន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​បរិស្ថាន​ធម្មជាតិ​»​។​

​បើតាម​អង្គការ WWF​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់ទុកថា ជា​រតនសម្បត្តិ​ជាតិ មានជីវិត​របស់​កម្ពុ​ជា ហើយ​ជា​ប្រភេទ​ផ្សោត​មួយ​ប្រភេទ​ស្ថិតក្នុង​ចំណោម​៦​ប្រភេទ​នៃ​សត្វ​ផ្សោត​ទឹកសាប​កម្រ​បំផុត​ដែល​នៅ​សេសសល់​ក្នុង​ពិភពលោក​៕