
គម្រមអំពូលភ្លើងដែលច្នៃពីត្រឡោក។ រូបថត ហ្វេសប៊ុក
កំពង់ចាមៈផ្លែដូង ក្រៅពីទាញយកផលជាទឹក និងសាច់ហើយនោះ អ្នកបរិភោគតែងតែបោះចោលទៅជាកាកសំណល់ ពោលគឺមានមនុស្សតិចណាស់ដែលបានយកសំណល់របស់ផ្លែដូងឬសម្បកដូងទៅកែច្នៃជារបស់ប្រើប្រាស់ និងវត្ថុផ្សេងៗ។
នៅក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាមឯណោះ បុរសម្នាក់ ដោយសារមិនចង់ទុកចោលកាកសំណល់នៃផ្លែដូង ក៏បានកែច្នៃវាឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗដ៏គួរឱ្យទាក់ទាញ។
លោក ផុន ភាន់ វ័យ ៤៤ ឆ្នាំ រស់នៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានរៀបរាប់ ថា លោកបានចំណាយពេលជាមួយមុខរបរកែច្នៃមួយនេះអស់ពេលជាង២០ឆ្នាំមកហើយបើទោះបីជាជួបការលំបាកយ៉ាងណាក៏មិនបោះបង់ដែរ ដ្បិតអីវាជាមុខរបរដែលលោកស្រឡាញ់ ហើយលោកក៏បានបង្រៀនដល់កូនប្រុសតែម្នាក់គត់របស់លោកបន្ដផងដែរ។
មុនឈោងចាប់យករបរកែច្នៃផលិតផលទាំងនេះ លោក ផុន ភាន់ បានឱ្យដឹងថា ដើមឡើយលោកបានទៅរៀនជាជាងកាត់សក់នៅភ្នំពេញទេ តែគ្រាមួយមានមនុស្សម្នាក់ដែលលោកបានចាត់ទុកថាជាបងប្រុសបាននាំរូបលោកទៅដាក់ឱ្យរៀននៅសាលារចនាឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈព្រោះគាត់យល់ថាវាល្អសម្រាប់លោកនៅពេលខាងមុខ។
លោក ផុន ភាន់ បានបន្តថា៖ «រៀនយូរៗទៅខ្ញុំក៏ស្រឡាញ់មុខរបរមួយនេះនិងជាប់និស្ស័យបន្តមកនិងម្យ៉ាងវាត្រូវនឹងនិស្ស័យរបស់ខ្ញុំដែលចូលចិត្តកែច្នៃរបស់ដែលឥតប្រយោជន៍ទៅជារបស់ដែលមានប្រយោជន៍»។
អស់ពេលជាង ២០ ឆ្នាំកន្លងមក, បុរសអ្នកខេត្តកំពង់ចាមរូបនេះថា លោកបានឆ្លងកាត់អស់ហើយការលំបាកក្នុងជីវិតដែលកើតមានឡើងច្រើនខ្លាំងណាស់ និងមានពេលខ្លះត្រូវកែច្នៃផលិតផលផ្សេងៗផងត្រូវទៅធ្វើជាកូនជាងសំណង់ផងដោយសារតែចំណូលមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ។ម្យ៉ាងទៀតចិត្តលោកផ្ទាល់មិនចង់បោះបង់ហើយថែមទាំងចង់រកចំណូលបន្ថែមដើម្បីមកទិញត្រឡោកមកកែច្នៃរបស់ទាំងនេះដែរ។
បើតាមលោក ផុន ភាន់ មកទល់បច្ចុប្បន្ន ជីវភាពប្រចាំថ្ងៃរបស់លោកគឺពឹងផ្អែកទាំងស្រុងលើតែមុខរបរមួយនេះប៉ុណ្ណោះ ហើយបើទោះបីជាលក់ដាច់ ឬមិនដាច់ ក៏លោកមិនបោះបង់វាចោលដែរ ដោយសារតែចិត្តស្រឡាញ់មួយប៉ុណ្ណោះ។
ទាន់ទិនទៅនឹងវត្ថុធាតុដើម លោក ផុន ភាន់ បានប្រាប់ថា លោកកែច្នៃរបស់ប្រើប្រាស់ និងសម្រាប់តាំងលម្អទាំងនេះ ពីត្រឡោកដូង គ្រាប់ត្នោត ឫស្សីនិងកម្ទេចឈើដែលគេចោល។ ក្នុងមួយវត្ថុធាតុដើម លោកអាចកែច្នៃបានចន្លោះពី ២០០ ទៅ ៣០០ ម៉ូដ នៃផលិតផល ហើយលោកក៏បើកទទួលការកែច្នៃតាមតម្រូវការអតិថិជនផងដែរដូចជា ឆ្លាក់ឈ្មោះឬរូបផ្សេងៗ។
លោកផុន ភាន់ រៀបរាប់ឱ្យដឹងពីផលិតផលលោកថា សម្រាប់ស្រមោច១ មានតម្លៃ១ម៉ឺនរៀល ត្រឡោកកែច្នៃធម្មតាគ្មានឆ្លាក់១ មានតម្លៃ ៦ ពាន់រៀល រីឯផលិតផលអំពូលតាំងលម្អមានតម្លៃចាប់ពី១០ដុល្លារដល់ ៥០ ដុល្លារ អាមេរិក ដោយវាអាស្រ័យលើចំនួនអំពូល និងទំហំរបស់វា។ ក្រៅពីផលិតផលទាំងនោះក៏លោកនៅមានវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតដូចជា អណ្ដើកច្នៃពីត្រឡោកដូង ពីឫស្សីនិងប្រភេទថូជាច្រើនមុខថែមទៀត។
ដោយឡែកសម្រាប់ការលក់វិញម្ចាស់សិប្បកម្មលក្ខណៈគ្រួសាររូបនេះបានឱ្យដឹងថា៖«មិនទៀងទាត់នោះទេពោលវាគឺគ្រាន់អាចជួយដោះទាល់ប៉ុណ្ណោះដ្បិតអីផលិតផលទាំងនេះមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មាននោះទេបច្ចុប្បន្ននេះ»។
លោក ផុន ភាន់ ក៏បានស្នើដល់ពលរដ្ឋគ្រប់រូបជួយគាំទ្រផលិតផលខ្មែរ ទទួលស្គាល់ផលិតផលខ្មែរផងដែរ៕