ភ្នំពេញៈមជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា បានប្រកាសផ្តល់ថ្នាំដោយឥតគិតថ្លៃ ចំពោះអ្នកជំងឺ ដែលត្រូវបានពិនិត្យឃើញថា មានជំងឺមហារីកគ្រាប់ឈាមប្រភេទ Chronic Myeloid Leukemia(CML)។
នៅក្នុងឆ្នាំ ២០០៦ មជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា បានបង្កើតឱ្យមាននូវប្រព័ន្ធបញ្ជូនអ្នកជំងឺថ្មីមួយ ដោយចាប់ដៃគូជាមួយនឹងអង្គការ NGO ក្រុមជំនុំគ្រីស្ទបរិស័ទ និងអង្គការបេសកកម្មគ្រីស្ទបរិស័ទក្នុងស្រុកសម្រាប់ការមើលថែទាំអ្នកជំងឺ។
លោក ឃន ភារម្យ ដែលជាអតីតគ្រូពេទ្យឯកទេសវេជ្ជសាស្រ្តគ្រួសារ នៅមជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា បានបញ្ជាក់ថា ជំងឺមហារីកគ្រាប់ឈាម (Leukemia) ចែកចេញជា ៤ ប្រភេទធំៗ គឺ ១.Acute Lymphocytic Leukemia (ALL) ២.Acute Myelogenous Leukemia (AML) ៣. Chronic Lymphocytic Leukemia (CLL) និងទី៤. Chronic Myelogenous Leukemia (CML)។ ជំងឺមហារីកគ្រាប់ឈាមប្រភេទ CML ភាគច្រើនកើតលើមនុស្សពេញវ័យនិងមនុស្សចាស់។
លោកបានរំឭកដល់អ្នកជំងឺមហារីកគ្រាប់ឈាមថា អ្នកជំងឺមហារីកគ្រាប់ឈាមប្រភេទ CML ត្រូវច្បាស់ថា ខ្លួនពិតជាមានជំងឺមហារីកគ្រាប់ឈាមប្រភេទ CML ពិតប្រាកដមែន ទើបអាចទៅទទួលការព្យាបាលនៅមជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជាបាន។
លោក បានបញ្ជាក់ថា៖«មជ្ឈមណ្ឌលសុខភាពមេត្តាករុណា ផ្តល់ជូននូវថ្នាំដោយឥតគិតថ្លៃ ប៉ុន្តែសេវាកម្មប្រឹក្សា និងការពិនិត្យផ្សេងៗ មជ្ឈមណ្ឌល នៅតែគិតថ្លៃធម្មតា។ ការផ្តល់ជូនថ្នាំនេះ គឺធ្វើឡើងដោយចិត្តសប្បុរសឥតគិតថ្លៃ ស្របពេលដែលថ្នាំទាំងនេះមានតម្លៃថ្លៃខ្លាំងនៅលើទីផ្សារ»។
តាមប្រសាសន៍លោក ឃន ភារម្យ អ្នកជំងឺមហារីកគ្រាប់ឈាមប្រភេទ CMLត្រូវចំណាយថវិកាយ៉ាងហោចណាស់២០០ដុល្លារ ក្នុង១ខែសម្រាប់ការព្យាបាល ដើម្បីបន្តរក្សាឱ្យមានសុខភាពល្អ។
លោកបានបញ្ជាក់ថា៖«ប្រសិនបើក្នុងករណីអ្នកជំងឺប្រើថ្នាំដោយមិនមានការប្រឹក្សាណែនាំពីគ្រូពេទ្យជំនាញ ជាទូទៅក្រោយពេលមួយឆ្នាំដុំពោះរបស់គាត់ចាប់ផ្តើមរីកឡើងវិញ ហើយគោលិកាឈាមសក៏ឡើងខ្លាំងមកវិញផងដែរ»។
លោកបន្តទៀតថា៖«ជាអកុសល ទោះជាគាត់ចាប់ផ្តើមប្រើថ្នាំ ដែលធ្លាប់ប្រើពីមុនត្រឹមត្រូវក៏ដោយ ក៏ប្រសិទ្ធភាពរបស់ថ្នាំថយចុះ ហើយដែរ ហើយជំងឺរបស់គាត់ប្រែជាពិបាកព្យាបាលជាងមុន និងអត្រានៃ ការស៊ាំ ថ្នាំខ្ពស់។ ដូច្នេះ វាសំខាន់ខ្លាំងណាស់ដែលអ្នកជំងឺ CML ទាំងអស់ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវការណែនាំពីគ្រូពេទ្យជំនាញរបស់ពួកគាត់ ដើម្បីជៀសផុតពីផលវិបាកផ្សេងៗ ដែលអាចកើតឡើង»។
តាមរបាយការណ៍ប្រចាំឆ្នាំ២០២០ របស់ MMCC បានបង្ហាញថា មជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា មានបុគ្គលិក សរុប១២៣នាក់ ក្នុងនោះបានទទួលព្យាបាល និងពិនិត្យអ្នកជំងឺចំនួន ២១ ៥៤២ នាក់ ក្នុង ១ ឆ្នាំ តាមរយៈព្រះវិហារជាដៃគូក្នុងប្រទេស និងអង្គការនានាចំនួន ១៧០ ស្ថាប័ន៕