ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ដែលនេះជាប្រទេសដំបូងគេ ដែលលោកចេញទៅចូលរួមប្រជុំ ចាប់តាំងពីលោក ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ នេះ។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២ ខែកញ្ញាថា លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមជាមួយថ្នាក់ដឹនាំផ្នែកឯកជនសំខាន់ៗរបស់កម្ពុជានឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីហ្សាការតា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា តាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ២០២៣ នេះ។
ប្រភពដដែលបន្តថា ឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាន បានកំណត់យកមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»ដែលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដែលក្នុងកិច្ចប្រជុំនោះក៏នឹងមានការពិភាក្សាលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗពីថ្នាក់ដឹកនាំអាស៊ាន និងកិច្ចការសន្តិសុខតំបន់ និងអន្តរជាតិផងដែរ។
ការចេញទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសជាលើកដំបូងរបស់លោកហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគយល់ថា រដ្ឋាភិបាលកម្ពុជាថ្មី អាចប្រើប្រាស់វេទិកាតំបន់ធំនេះ ក្នុងការបន្តរកច្រកចេញលើវិបត្តិមីយ៉ាន់ម៉ា ដោយកម្ពុជានៅតែដើរតួនាទីសំខាន់ព្រោះបានត្រួសត្រាយផ្លូវជាច្រើន កាលពីធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានបញ្ហាតំបន់ ១ រូបបានថ្លែងប្រាប់ថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ជាវេទិកាតំបន់ដ៏ធំដំបូងរបស់លោកនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ដែលទើបឡើងកាន់តំណែង។ លោកបន្តថា លោក ហ៊ុន ម៉ាណែត ត្រូវជួបតំណាងប្រទេស ទាំងសមាជិកអាស៊ាន និងដៃគូ ខណៈលោកជាមេដឹកនាំក្មេងជាងគេក្នុងវ័យ ៤៥ ឆ្នាំ ប៉ុន្តែជាឱកាសបង្ហាញមុខដែលអាចធ្វើឱ្យមានការចាប់អារម្មណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងថ្នាក់ដឹកនាំនានា។
សម្រាប់លោក ពុយ គា យល់ថា លោក ហ៊ុន ម៉ាណែត អាចប្រើប្រាស់មរតកនយោបាយពីជំនាន់លោក ហ៊ុន សែន សម្រាប់បន្តដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបានក្នុងវេទិកាអាស៊ាន ក្នុងកម្រិតផ្តល់អនុសាសន៍ និងបង្ហាញផ្លូវដល់ឥណ្ឌូនេស៊ី ជាពិសេសប្រទេសឡាវដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៤ ខាងមុខ ព្រោះកម្ពុជាមានបទពិសោធន៍ និងទំនាក់ទំនងពិសេសជាមួយក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា។
លោកសង្កត់ធ្ងន់ថា៖ «ក្នុងវិបត្តិមីយ៉ាន់ម៉ា កម្ពុជានៅតែដើរតួនាទីសំខាន់ ដោយសារកម្ពុជាបានធ្វើការច្រើន ត្រួសត្រាយផ្លូវច្រើន ព្រមទាំងទំនាក់ទំនងពិសេសដែលធ្លាប់មាន»។
លោកថា បញ្ហាមីយ៉ាន់ម៉ានឹងត្រូវធ្លាក់ក្នុងដៃប្រធានអាស៊ានបន្តពីឥណ្ឌូនេស៊ី គឺឡាវ នៅឆ្នាំក្រោយ ព្រោះស្ថានភាពបានខិតដល់ចុងអាណត្តិរបស់ឥណ្ឌូនេស៊ីទៅហើយ ដែលអន្តរជាតិព្យាករថា ឡាវនឹងមិនអាចធ្វើអ្វីបានច្រើនឡើយក្នុងវិបត្តិនេះ ដែលកម្ពុជាអាចបង្ហាញផ្លូវបាន។
ស្រដៀងគ្នានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងដែរថា វត្តមានលោក ហ៊ុន ម៉ាណែត នៅក្នុងវេទិកាអាស៊ានដំបូងនេះ ពិតជាមានសារៈសំខាន់ដើម្បីបង្ហាញខ្លួនជាលើកទី១ ជាមួយមេដឹកនាំអាស៊ាន និងដៃគូសន្ទនា និងដើម្បីជានិមិត្តរូបនយោបាយ ឬហៅថា ធម្មានុរូបភាពដែលជាការទទួលស្គាល់របបដឹកនាំរបស់លោកហ៊ុន ម៉ាណែត។
នៅក្នុងវិបត្តិមីយ៉ាន់ម៉ា លោក គិន ភា យល់ថា កម្ពុជាតាមរយៈរដ្ឋាភិបាលថ្មី គួរប្រើប្រាស់វេទិកាអាស៊ាន ដើម្បីបន្តជំរុញដល់ភាគីពាក់ព័ន្ធក្នុងជម្លោះ ធ្វើយ៉ាងណាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ឬកុងសង់ស៊ីស ៥ ចំណុច ដែលអាស៊ានដាក់ចេញកន្លងមក និងជំរុញឱ្យគ្រប់ភាគីជម្លោះបានចូលតុចរចាដោយមិនត្រូវផាត់ចោលផ្នែកណាមួយឡើយ។
លោកបានថ្លែងថា៖ «ចំណុចស្លាប់រស់ ធ្វើយ៉ាងណារកច្រកទ្វារការទូតក្រៅផ្លូវការបែបណា ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង ឱ្យព្រមទទួលយកលក្ខខណ្ឌដែលបានកំណត់ក្នុងកុងសង់ស៊ីស ៥ ចំណុច ដែលភាគីយោធាជាផ្នែកសំខាន់»។
លោកបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាថ្មី ត្រូវបន្តជំរុញយន្តការដែលរដ្ឋាភិបាលអាណត្តិមុនបានខិតខំត្រួសត្រាយផ្លូវ ជាពិសេសការចែករំលែកនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជានៅក្នុងវេទិកាអាស៊ាន។ រដ្ឋាភិបាលកម្ពុជា គួរធ្វើការជាមួយក្រុមប្រទេសដែលមានឥទ្ធិពលខ្លាំង ទៅលើរបបសឹកយោធាមីយ៉ាន់ម៉ា រួមមាន ចិន រុស្ស៊ី ឥណ្ឌាជាដើម ព្រោះរបបសឹកបានយកប្រទេសមហាអំណាចទាំងនេះជាខ្នងបង្អែក មិនព្រមចូលតុចរចា ឬនិយាយដោយសាមញ្ញ ប្រទេសទាំងនេះ ជាអ្នកបន្តគាំទ្ររបបក្រុងណៃពិដោឱ្យនៅបន្តរស់បាន។ នេះបើតាមការបន្ថែមពីលោក គិន ភា។
សូមរំឭកផងដែរថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា បានអូសបន្លាយអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីរបបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១៕