ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្រើនរំឭកទៅកាន់រដ្ឋមន្ត្រីនៅតាមបណ្តាក្រសួងនានា ដែលមិនទាន់ធ្វើការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ដល់ថ្នាក់ដឹកនាំជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើការបែងចែកតួនាទីឱ្យរួចរាល់នៅក្នុងសប្តាហ៍ក្រោយនេះ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារនៅក្នុងក្រសួងដែលចំណុះឱ្យរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។
ការណែនាំនេះ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមបណ្តាក្រសួង ប៉ុន្តែថ្នាក់ដឹកនាំទាំងនោះ នៅពុំទាន់ទទួលបានការចាត់តាំងភារកិច្ចនៅឡើយទេ។
លោក ហ៊ុន ម៉ាណែត បានធ្វើការណែនាំដូចនេះ តាមរយៈសារសំឡេងដែលលោកបានថ្លែងនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣។
លោកបានថ្លែងថា កិច្ចការងារចំនួន៣ចំណុចដែលត្រូវធ្វើ ក្នុងនោះ ទី១ ចំពោះក្រសួងដែលមិនទាន់ធ្វើការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ត្រូវរួសរាន់ធ្វើឱ្យចប់ក្នុងសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការដឹកនាំ ទាំងលើការអនុវត្តការងាររបស់ក្រសួង និងស្ថាប័ន។ ចំណុចទី២ ក្នុងការកំណត់ការបែងចែកភារកិច្ច និងការទទួលខុសត្រូវនេះដាច់ខាតត្រូវធានាឱ្យបាននូវការបែងចែកឱ្យបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេសដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយចៀសវាងការលូកដៃទៅក្នុងការដឹកនាំផ្ទាល់ លើការងាររបស់អង្គភាពជំនាញរបស់ក្រសួង-ស្ថាប័ន ដោយមិនឆ្លងឬដោយរំលងឋានានុក្រមបច្ចេកទេស។ ទី៣ ចំពោះមុខត្រូវខិតខំធានាឱ្យបាននូវនិរន្តរភាព និងស្ថិរភាពនៃការអនុវត្តការងារនៅក្នុងស្ថាប័ន នៅក្នុងករណីចាំបាច់ដែលត្រូវធ្វើវិចារណកម្មមុខងារ ក្នុងថ្នាក់បច្ចេកទេស និងការរៀបចំមន្ត្រីឡើងវិញ។
លោកសង្កត់ធ្ងន់ថា៖ «ត្រូវចាត់ទុកថា ការធានានូវឯកភាព សាមគ្គីភាព និងសុខដុមរមនីយកម្មការងារ នៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ គឺជាកិច្ចការអាទិភាពដែលយើងត្រូវការយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា»។
លោកបន្ថែមថា ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ ចាត់តាំងប្រគល់ភារកិច្ចជូនមន្ត្រីដោយផ្អែកលើមូលដ្ឋាន ការប្រមូលផ្តុំមន្ត្រីទាំងអស់ជាកម្លាំងសរុបរបស់ស្ថាប័នតាមរយៈការធ្វើសុខដុមរមណីយកម្ម និងការរៀបចំឱ្យមន្ត្រីចាស់ដែលមានបទពិសោធន៍និងជំនាញ និងមន្ត្រីថ្មីដែលជាកម្លាំងថ្មី បានរួមធ្វើការជាមួយគ្នាតាមទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ធ្វើយ៉ាងនេះគឺសំដៅលើកកម្ពស់ សមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការស្នើនេះដោយហេតុមើលឃើញការបែងចែកភារកិច្ចនោះហាក់ដូចជានៅមានភាពយឺតយ៉ាវព្រោះប្រហែលជារដ្ឋមន្ត្រីត្រូវពិនិត្យពិចារណា សិក្សាគុណវុឌ្ឍិ លក្ខណសម្បត្តិរបស់រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ តាមបណ្តាក្រសួងស្ថាប័នឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២២ ខែសីហា មកដល់ពេលនេះ មានរយៈពេល ១០ ថ្ងៃហើយ។ អ៊ីចឹង ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងគួរតែត្រូវបានរៀបចំរួចរាល់ដើម្បីធានាបាននូវនិរន្តរភាព ប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធិភាព និងដើម្បីកុំឱ្យមានបញ្ហាសតិអារម្មណ៍ផ្ទៃក្នុងអង្គភាព ដោយសារភាគច្រើន រដ្ឋមន្ត្រីគឺជាថ្នាក់ដឹកនាំថ្មីវ័យក្មេង ដូច្នេះបើសិនជាទុកយូរ មិនមានការបែងចែកភារកិច្ចឱ្យបានលឿន អាចធ្វើឱ្យមានបញ្ហាសតិអារម្មណ៍។
លោកថ្លែងថា៖ «ដ្បិតយើងដឹងហើយថា នៅបណ្តាក្រសួងស្ថាប័ន មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក៏ច្រើនដែរ ហើយរដ្ឋមន្ត្រីថ្មីដែលទើបមកកាន់គ្រប់គ្រងក្រសួងក៏ត្រូវការពេលវេលាដើម្បីសិក្សាពីបទពិសោធន៍ សមត្ថភាព អតីតភាព ក៏ដូចជាចំណេះដឹង សញ្ញាបត្រមន្ត្រី ធ្វើយ៉ាងណាដើម្បីឱ្យការបែងចែកភារកិច្ចនោះ គឺវាមានប្រសិទ្ធភាពហើយឆ្លុះបញ្ចាំងទៅនឹងចំណេះជំនាញ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈរបស់មន្ត្រី»៕