ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀនដោយក្រសួងបានស្នើឱ្យសិស្សានុសិស្សទាំងអស់ចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នាដើម្បីភាពល្អបរិសុទ្ធបរិស្ថាន។
យុទ្ធនាការនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែកញ្ញាតទៅ ដែលផ្តើមដំបូងនៅតាមសាលារៀនទាំង ៤៤ក ន្លែង ដែលមានសិស្សសរុបជាង ១៨ ០០០ នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក អ៊ាង សុផល្លែត បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកលោកកាលពីថ្ងៃទី ២ ខែកញ្ញា ថា៖«សូមបងប្អូន ក្មួយៗទាំងអស់គ្នាចូលរួមដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង ហើយខ្ញុំសូមអនុវិទ្យាល័យ ហ៊ុន សែន ទួលសុភី ក្នុងស្រុកអូររាំងឪ ដែលបានប្រកាសប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការនេះ និងបានសន្យាមិនប្រើថង់ប្លាស្ទិកជាដាច់ខាត»។
ជាមួយគ្នានេះ លោកបានបង្ហាញនូវវីដេអូខ្លីដែលមានសិស្សានុសិស្សដែលកំពុងរៀននៅអនុវិទ្យាល័យ ហ៊ុន សែន-ទួលសុភី បានប្តេជ្ញាចិត្តតាមរយៈឃ្លីបវីដេអូថា៖«យើងខ្ញុំជាសិស្សមិនប្រើប្រាស់ថង់ប្លាស្ទិកជាដាច់ខាត»។
លោក ហួ ឆៃងន់ ស្ថាបនិកក្រុមយុវជនស្ម័គ្រចិត្តបរិស្ថានក្រៀលកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ថា ការដាក់ចេញយុទ្ធនាការកាត់បន្ថយប្លាស្ទិកតាមសាលារៀនពិតជាល្អ ខណៈលោកក៏សង្ឃឹមថា តាមរយៈយុទ្ធសាស្ត្រនេះនឹងទទួលបានផលលឿន។
លោកក៏បានបញ្ជាក់ដែរថា ដើម្បីឱ្យយុទ្ធនាការនេះកាន់តែល្អប្រសើរ ស្ថាប័នពាក់ព័ន្ធគួរបណ្តុះបណ្តាលបន្ថែម ឬផលិតវីដេអូពន្យល់ ឬការអនុវត្តជាក់ស្តែងណាមួយ ដើម្បីឱ្យកូនសិស្សបានយល់ពីផលប៉ះពាល់ជាក់ស្តែងពីសំណល់ប្លាស្ទិក។
លោក ហួ ឆៃងន់ ថា៖«បើសិនជាកូនសិស្សគ្រាន់តែទទួលបានការណែនាំកុំឱ្យប្រើប្រាស់ប្លាស្ទិក គាត់នឹងធ្វើតាម ប៉ុន្តែហេតុផលដែលមានន័យជាងនេះគួរតែពន្យល់ណែនាំពីផលអវិជ្ជមាននៃការប្រើប្រាស់ប្លាស្ទិកតាមរយៈវីដេអូ ឬធ្វើជាមាតិកាផ្សេងៗ។ ជារួមសម្រាប់ខ្ញុំ ខ្ញុំគាំទ្រ ១០០ ភាគរយលើគម្រោងនេះព្រោះជារឿងល្អ»។
ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ ថ្លែងថា សំណល់ប្លាស្ទិក និងសំរាមកំពុងបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងមកពីប្រភពទឹកនានា។
លោកបានថ្លែងថា៖ «នេះគឺកិច្ចការសំខាន់ណាស់ ដែលទាមទារឱ្យមានកិច្ចអន្តរាគមន៍រួមគ្នាទាំងកម្ពុជា និងសហគមន៍អន្តរជាតិមួយបន្ទាន់ ព្រោះថា បើសិនជាសំណល់ប្លាស្ទិក និងសំរាមដែលបង្កគ្រោះថ្នាក់ទាំងនោះ ទុកដាក់មិនបានត្រឹមត្រូវ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ បរិស្ថាន ជីវចម្រុះនៅក្នុងទឹក សេដ្ឋកិច្ចគ្រួសារ និងជាតិថែមទៀត»។
បើតាមក្រសួងបរិស្ថាន ក្នុង ១ ឆ្នាំ កម្ពុជាបង្កើតសំរាមរហូតដល់ជិត ៤ លានតោន ពោលគឺបង្កើតសំរាមជាង ៣ ម៉ឺនតោនក្នុង ១ ថ្ងៃនៅទូទាំងប្រទេស ក្នុងនោះតែរាជធានីភ្នំពេញ មានសំណល់សំរាមជាង ៣ ៥០០ តោន ១ ថ្ងៃដែល ២០% ជាប្លាស្ទិក។
ក្រសួងបានបន្តថា សំរាមម្ហូបអាហារ មានចំនួន ៧,៤ ភាគរយ សំរាមប្លាស្ទិកមានចំនួន ១៨ ភាគរយ, ក្រដាសមានចំនួន ៦ ភាគរយ, កៅស៊ូនិងស្បែកជាង ២ ភាគរយ និងសំណល់ផ្សេងៗទៀតមានចំនួនជិត ១៩ ភាគរយ។ គន្លឹះសំខាន់ៗក្នុងការកាត់បន្ថយ សំណល់ប្លាស្ទិក ដែលត្រូវអនុវត្តមានដូចជា កុំផ្តល់ជូនបំពង់បឺតប្លាស្ទិកដែលប្រើប្រាស់តែម្តង ដោយប្តូរមកប្រើបំពង់បឺតមិនមែនជាប្លាស្ទិកជំនួសវិញដូចជា ក្រដាស ឈើ លោហ:, បញ្ឈប់ការផ្ដល់ដបទឹកប្លាស្ទិក ដែលប្រើប្រាស់តែម្តង ហើយដាក់កន្លែងសម្រាប់ការច្រកទឹកនិង/ឬផ្ដល់កែវ ឬដបទឹកដែលប្រើប្រាស់បានច្រើនដង។
ផ្លាស់ប្តូរពីសម្ភារបន្ទប់ទឹកដែលប្រើប្រាស់បានតែម្ដង ទៅជាដបសម្រាប់ប្រើឡើងវិញ, ផ្តល់សម្ភារបន្ទប់ទឹក នៅពេលមានការស្នើសុំប៉ុណ្ណោះ, បម្រើភេសជ្ជៈដោយនៅក្នុងកែវដែលអាចប្រើប្រាស់ ឡើងវិញបាន, ផ្តល់គ្រឿងទេស នៅក្នុងក្រឡ ឬចានដែលអាចប្រើប្រាស់ឡើងវិញបាន ជាជាងនៅក្នុងកញ្ចប់ប្រើប្រាស់បានតែម្តងអាហារខ្ចប់ចេញក្រៅ សូមផ្ដល់សម្ភារវេចខ្ចប់ ដែលងាយរលាយ និងងាយពុកផុយ,សម្រាប់ភេសជ្ជ: ខ្ចប់ចេញក្រៅត្រូវគិតថ្លៃពីអតិថិជន ចំពោះកញ្ចប់ ប្លាស្ទិក ឬផ្តល់ការបញ្ចុះតម្លៃចំពោះអតិថិជន ដែលមានកែវ ឬដប ដែលប្រើប្រាស់ឡើងវិញបាន និងប្រើប្រាស់ធុងសំរាមដែលមានដាក់ស្លាកសញ្ញាញែកសំណល់សម្រាប់ការកែច្នៃឡើងវិញ៕