ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធធ្វើការពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែនដោយពិនិត្យតម្លៃនៃប្រទេសខ្លះក្នុងអាស៊ាន។
លោក សុខា ថ្លែងថា៖ «សូមបន្តពិនិត្យឡើងវិញ នូវតម្លៃនៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យទៅលើប្រទេសក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមា វៀតណាម ដែលមានតម្លៃមួយទាប ប្រទេសថៃ និងសិង្ហបុរីជាដើម ដែលមានតម្លៃលើសមធ្យមតិចតួច ប៉ុន្ដែកម្ពុជាយើងតម្លៃហាក់ខ្ពស់ សូមឱ្យអង្គភាពពាក់ព័ន្ធមេត្តាពិនិត្យ ពិចារណា។ ការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម១០០ដុល្លារទេ ដោយមិនបូកបញ្ចូលសេវាលឿននោះទេ។ ជារួម សូមឱ្យពិនិត្យលើបញ្ហានេះ ហើយសូមឱ្យលើកជាយោបល់ក្នុងការសម្រេចដោយធ្វើយ៉ាងម៉េចផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ កុំឱ្យវិវឌ្ឍពី១អាណត្តិទៅ១អាណត្តិ លិខិតឆ្លងដែនមានការឡើងថ្លៃរហូតនោះ»។
នៅកម្ពុជាតម្លៃធ្វើលិខិតឆ្លងដែន១ច្បាប់ថ្លៃ១១៥ដុល្លារ រួចរាល់ក្នុងរយៈពេល១ខែ ប៉ុន្តែក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទសេវាកម្មលឿន ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនមានសុពលភាព១០ឆ្នាំ។
លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន នឹងអាចកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ ហើយជួយដល់ប្រជាពលរដ្ឋអាចមានលទ្ធភាពក្នុងការធ្វើឯកសារផ្លូវច្បាប់សម្រាប់ធ្វើដំណើរចេញក្រៅប្រទេស។
លោកថ្លែងថា៖«ខ្ញុំជឿថា ការបញ្ចុះតម្លៃលិខិតឆ្លងដែននេះ មិនបាច់ឱ្យថោកជាងប្រទេសជិតខាងទេ ឱ្យតែមានតម្លៃប្រហាក់ប្រហែលប្រទេសថៃ ឬវៀតណាមក៏បានដែរ»។
លោកថ្លែង ដោយគាំទ្រឱ្យមានការពង្រីកការិយាល័យធ្វើលិខិតឆ្លងដែននៅតាមទីតាំងមួយចំនួន ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយការធ្វើដំណើរជាពិសេសនៅតាមបណ្តាខេត្ត។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការធ្វើលិខិតឆ្លងដែននៅកម្ពុជា បើធៀបជាមួយបណ្តាប្រទេសនៅជិតខាង គឺមានតម្លៃខ្ពស់ដែលការងារនេះ គួរតែត្រូវបានពិនិត្យមើលកែសម្រួលតាំងពីយូរមកហើយ។
លោកថ្លែងថា៖«ប្រជាពលរដ្ឋយើងមានលិខិតឆ្លងដែន១ វាជាអធិបតេយ្យរបស់ពលរដ្ឋនីមួយៗ នៅក្នុងរដ្ឋ ហើយមួយទៀត គាត់អាចប្រើប្រាស់លិខិតឆ្លងដែននេះ ធ្វើដំណើរទៅក្រៅប្រទេដោយស្របច្បាប់ដែរ។ ដូចកន្លងមកនេះ ពលរដ្ឋទៅប្រទេសថៃដោយខុសច្បាប់ ព្រោះអត់លិខិតឆ្លងដែន តែបើបញ្ចុះតម្លៃ គាត់នឹងធ្វើ ហើយទៅថៃនឹងស្របច្បាប់»។
លោកថ្លែងថា៖ «ជាគោលការណ៍ខ្ញុំគាំទ្រ ឱ្យពិនិត្យមើល ឱ្យចុះតម្លៃធូរថ្លៃមែនទែន ធៀបនឹងកម្រិតជីវភាព សេដ្ឋកិច្ចរបស់កម្ពុជាយើងតែម្តង យើងមិនចាំបាច់ ធៀបនឹងប្រទេសវៀតណាម ឬប្រទេសថៃទេ គឺយើងធៀបនឹងជីវភាពរបស់ប្រជាពលរដ្ឋយើង អាចថាទាបជាងប្រទេសគេទៀត ព្រោះជីវភាពយើងនៅទាបជាងគេ ហើយបើធ្វើបាន វាជាការសាទររបស់ប្រជាពលរដ្ឋហើយ»៕