ភ្នំពេញ : កាយវិការលើកដៃឡើងរាំ ងរំពេនចេញជាក្បាច់ដែលផ្ដើមពីការដាំដុះគ្រាប់ពូជរហូតដល់ផ្លែទុំជ្រុះ បានបង្ហាញពីភាពទន់ភ្លន់ និងបង្កប់នូវអត្ថន័យនៃសេចក្ដីមង្គលប្រកបដោយសន្ដិភាព។
ជំនួសដោយផ្ទៃក្រោយជាប្រាង្គប្រាសាទ កម្រាលព្រឹលពណ៌សក្បុសនៅលើកំពូលភ្នំ Aoraki Mount Cook ប្រទេសនូវែលសេឡង់ អ្នករបាំអប្សរាម្នាក់កំពុងតែបញ្ចេញក្បាច់រាំនៅទីឋាន ដែលហាក់ដូចជាឋានសួគ៌។
ជាមួយនឹងការលើកតម្កើងវប្បធម៌ជាតិ និងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅក្នុងការថែរក្សាប្រពៃណីជាតិរបស់ពួកគេក្រុមការងារដ៏មានទេពកោសល្យនេះបានចាប់ផ្តើមដំណើរឆ្លងកាត់ព្រំដែននិងនាំយករបាំអប្សរាដ៏ទាក់ទាញទៅកាន់ពិភពលោក។
ការប្តេជ្ញាចិត្តរបស់ពួកគេ ក៏បានទាក់ទាញការកោតសរសើរពីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត ដែលបានចែករំលែករបាំអប្សរានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកផងដែរ។លោកបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដោយបង្ហាញពីការដឹងគុណចំពោះការលះបង់របស់ពួកគេក្នុងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក។
លោកបានសរសេរថា៖ «សូមអរគុណនិងកោតសរសើរដល់ប្អូនៗដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរក្នុងឈុតអប្សរាមករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាលនិងរុងរឿងរបស់ខ្មែរដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនានៅភ្នំទឹកកកនៅប្រទេស New Zealand»។
ការនាំយកសិល្បៈបុរាណខ្មែរទៅកាន់កំពូលភ្នំខ្ពស់បំផុតក្នុងប្រទេសនូវែលសេឡង់ ជាភ្នំ Aoraki Mount Cook កម្ពស់៣៧២៤ម៉ែត្រនៅលើកោះខាងត្បូងក្រុមយុវជនដែលមានចំណង់ចំណូលចិត្តទាំងនេះបានប្រឈមអាកាសធាតុផង និងឧបសគ្គនៃពេលវេលាដើម្បីបង្កើតទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ផង។
ការធ្វើដំណើរពីសណ្ឋាគារស្នាក់នៅទៅកាន់កន្លែងថតនៅលើភ្នំទឹកព្រឹលនោះចំណាយពេល៣ម៉ោងដោយធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ពេលដល់គោលដៅភ្លាម ក្រុមការងារមានពេលវេលាតែ១៥នាទីប៉ុណ្ណោះក្នុងការថត។
កញ្ញាសុគា គីមលាងហៅកូនស្រមោចជានាដកាម្នាក់ ដែលបានសម្ដែងរបាំអប្សរានៅលើភ្នំ Aoraki Mount Cook បាននិយាយថា៖ «ពេលចុះពីលើឧទ្ធម្ភាគចក្រភ្លាម ខ្ញុំចាប់ផ្ដើមពាក់មកុដ និងរាំតែម្ដង។ខ្ញុំសូមអរគុណដល់អ្នកបើកឧទ្ធម្ភាគចក្រដែលគាត់ទុកពេលឱ្យយើងប្រហែល ៥នាទី ដោយគាត់បង្ហាញភាពស្ញប់ស្ញែងចំពោះទឹកចិត្ដយើងក្នុងការនាំយករបាំតំណាងជាតិទៅរាំក្នុងសីតុណ្ហភាពដ៏ត្រជាក់»។
ការជ្រើសរើសរបាំអប្សរាមករាំនៅលើព្រឹលនេះទាក់ទងអត្ថន័យរឿងព្រេងកថាកូរសមុទ្រទឹកដោះ។ព្រឹលតំណាងឱ្យពពក ហើយជួរភ្នំស្ថិតនៅក្រោយព្រឹលនោះគឺជាឋានកិលេសមួយដែលផុសចេញនាងទេពអប្សរពីការកូរសមុទ្រទឹកដោះ រវាងទេវនិងអសុរា។
កញ្ញាកូនស្រមោច បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំសូមបញ្ជូនសារនេះទៅដល់ប្រជាជនខ្មែរយើងទាំងអស់នៅទូទាំងពិភពលោកចូលរួមថែទាំ និងគាំទ្រសិល្បៈរបាំបុរាណនិងវប្បធម៌ផ្សេងៗដែលខ្មែរយើងមាន និងបន្សល់ទុកតាំងពីដូនតាយើង»។
កញ្ញាបាននិយាយថា គោលបំណងនៃការសម្ដែងរបាំអប្សរានេះគឺចង់បង្ហាញពីទិដ្ឋភាពថ្មីមួយនិងចង់ផ្សព្វផ្សាយពីបេតិកភណ្ឌជាតិដែលខ្មែរមានរបាំអប្សរា។
កូនស្រមោចបន្ដថាបទពិសោធន៍នេះពោរពេញទៅដោយភាពរីករាយនិងមោទនភាពយ៉ាងក្រៃលែង។ ការរាំនេះចាប់ផ្ដើមដោយគ្មានការហាត់សម ហើយការថតក៏ថតយកតែម្ដងផងដែរដោយសាររយៈពេលខ្លី។ បូករួមកម្លាំងចិត្ដ ក៏ដូចជាក្រុមការងារធ្វើការបេះដូងរួមគ្នាទើបធ្វើឱ្យកិច្ចការនេះសម្រេចបាន។
យ៉ាងណាមិញកូនស្រមោច តែម្នាក់ឯងមិនអាចនាំរបាំដ៏អស្ចារ្យនេះទៅកាន់កំពូលភ្នំទឹកព្រឹលបានទេ។ ក្នុងចំណោមយុវជនកម្ពុជាដែលមានទេពកោសល្យចូលរួមលោកលីតារាពន្លឺ ឬ តារា លីដែលរស់នៅក្នុងប្រទេសនូវែលសេឡង់ បានរចនាសម្លៀកបំពាក់អប្សរានិងមកុដដោយប្រើសម្ភារដែលមានក្នុងប្រទេស។
លោកតារា លី បានច្នៃបង្កើតឈុតប្រពៃណីកិន្នរផលិតពីផលិតផលផ្ទះបាយដែលជាប់ក្នុងប្រភេទជម្រើសរបស់ប្រជាជនក្នុងកម្មវិធី Best Edible Fashions Contest នៅប្រទេសនូវែលសេឡង់ក្នុងឆ្នាំ២០១៨ បានបង្ហាញពីបំណងក្នុងការច្នៃឈុតអប្សរាដោយប្រើសម្ភារពិតប្រាកដ។
លោកបានរៀបរាប់ថាការលើកទឹកចិត្តកើតមានកាន់តែខ្លាំងឡើង នៅពេលដែលបានដឹងពីដំណើរមកកាន់ប្រទេសនូវែលសេឡង់របស់កូនស្រមោច រយៈពេល ២-៣ខែមុន។
លោកបាននិយាយថា៖ «ចាប់តាំងពីពួកយើងបានរាប់អានគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គមអស់រយៈពេលជាច្រើនឆ្នាំមក ខ្ញុំគិតថា នេះជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីសហការជាមួយគ្នា»។
លោកតារា លីបានពន្យល់ថាលោកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សារចនាប័ទ្មដើមនៃចម្លាក់នៅប្រាសាទអង្គរវត្តទាក់ទងនឹងរូបភាពនិងសមាមាត្រ។
លោកតារា លីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «និយាយតាមបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំខ្ញុំគិតថា មកុដអប្សរាគឺជានិមិត្តរូបដ៏សំខាន់បំផុតមួយសម្រាប់កម្ពុជា។ វាមកពីអាណាចក្រខ្មែរដ៏អស្ចារ្យ ហើយវាតំណាងឱ្យអ្នករាំរបាំនៅកម្ពុជានាពេលបច្ចុប្បន្ននេះ»។
ការសម្តែងដ៏អស្ចារ្យនេះបានទាក់ទាញការបំផុសគំនិតពីកេរដំណែលដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៤០ នៅពេលព្រះមហាក្សត្រិយានីស៊ីសុវត្ថិកុសុមៈនារីរត្នសិរីវឌ្ឍនាបានយាងមកទស្សនានៅសាលាបឋមសិក្សាសុធារសនាយិកាដែលបានរៀបចំពិធីសិល្បៈកុមារបានកាត់ក្រដាសធ្វើជាមកុដពាក់ដូចគ្នានឹងមកុដអប្សរាឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។
ឃើញបែបនេះញ៉ាំងឱ្យព្រះមហាក្សត្រីយានី នឹកផ្ដូចផ្ដើមគំនិតបង្កើតរបាំនេះឡើងហើយបានប្រសិទ្ធនាមថា «របាំអប្សរា» មានន័យថារបាំទេវៈរបាំទេពអប្សរឬក៏របាំទេវតាតាមពាក្យផ្សំពីបាលីសំស្ក្រឹត។
ដំណើរទស្សនកិច្ចនេះនៅទីបំផុតបានជំរុញទឹកចិត្តព្រះអង្គម្ចាស់រាជបុត្រីនរោត្តមបុប្ផាទេវី ឱ្យក្លាយជាអ្នករបាំអប្សរាអាជីពដំបូងគេក្នុងសម័យទំនើប។
កូនស្រមោច ដែលទទួលបានភាពល្បីល្បាញដោយសារការសម្តែងជាតួអង្គទេវតាក្នុងឱកាសចូលឆ្នាំខ្មែរស្វាគមន៍ និងតួអង្គព្រះថោងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាននិយាយថា កញ្ញាជាផ្នែកតូចមួយនៃអ្នកអភិរក្សសិល្បៈប្រពៃណីខ្មែរ។
កញ្ញាបាននិយាយថាកញ្ញាមិនគួរឱ្យជឿខ្លួនឯង ដែលបានគ្រងឈុតអប្សរារាំលើកំពូលភ្នំព្រឹល ជាពិសេសប្រជាជនកម្ពុជាបានបង្ហោះនិងចែករំលែកតាមបណ្តាញសង្គម ទោះកញ្ញាមិនមានពេលវេលាពិនិត្យមើលការតុបតែងខ្លួន ឬសាកល្បងឈុតអប្សរានោះក៏ដោយ។
លោកតារាលីបានពន្យល់ថា ការសម្តែងរបាំអប្សរានៅលើភ្នំព្រឹល កើតចេញពីគំនិតសាមញ្ញ។ នៅពេលដែលយុវជនមកពីប្រទេសកម្ពុជាទៅលេងមិត្តភក្តិរបស់ពួកគេនៅនូវែលសេឡង់ ពួកគេបានប្រមូលផ្តុំគ្នាបង្កើតនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមានអត្ថន័យជាមួយគ្នា។
លោកបានបញ្ជាក់ថាក្នុងតំបន់របស់លោកសហគមន៍កម្ពុជាមានចំនួនតិចតួចហើយគ្រួសារនៅនូវែលសេឡង់ ជាទូទៅមានការរវល់នឹងជីវិតរៀងខ្លួន។ លោកបានកត់សម្គាល់ពីភាពខ្វះខាតនៃព្រឹត្តិការណ៍កម្ពុជាក្នុងតំបន់ ដែលនឹងផ្តល់ជាវេទិកាមួយដើម្បីបង្ហាញពីបេតិកភណ្ឌប្រពៃណីនិងវប្បធម៌របស់ពួកគេ។ លោកតារា លីបានបង្ហាញក្តីសង្ឃឹមថា លោកអាចចូលរួមក្នុងការផ្លាស់ប្តូរស្ថានការណ៍នេះទៅថ្ងៃអនាគត។
លោកនិយាយថា៖ «គោលបំណងចម្បង គឺដើម្បីបំផុសចលនាដ៏រស់រវើកនៃវប្បធម៌ខ្មែរនិងសិល្បៈដ៏គួរឱ្យទាក់ទាញនៃរបាំបុរាណខ្មែរ»។
កូនស្រមោច ក៏បាននិយាយផងដែរថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបានចែករំលែកអនុស្សាវរីយ៍ដ៏អស្ចារ្យទាំងនេះក្នុងការបង្កើតព្រឹត្តិការណ៍ដ៏ពេញនិយមមួយនៅលើបណ្តាញសង្គម អរគុណចំពោះការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជនកម្ពុជា។ ខ្ញុំពិតជារីករាយជាមួយនឹងលទ្ធផលដែលយើងសម្រេចបាន»។
នៅពេលយុវជនដែលមានចំណង់ចំណូលចិត្តទាំងនេះបន្តផ្សព្វផ្សាយភាពស្រស់ស្អាត និងសិរីរុងរឿងនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក លទ្ធផលរបស់ពួកគេក្លាយជាសក្ខីភាពនៃកេរដំណែលយូរអង្វែងនៃរបាំអប្សរា និងអរិយធម៌ខ្មែរ៕