ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មថ្មីដែលទើបបានទទួលភារកិច្ចត្រូវជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងពិនិត្យលទ្ធភាពពង្រឹងសេវាផ្តល់លិខិតឆ្លងដែនដល់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសឱ្យបានលឿន។
តាមឃ្លីបវីដេអូដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកក្រសួងមហាផ្ទៃនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ លោក ស សុខា បានជំរុញដល់អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មថ្មីដែលទើបបានទទួលភារកិច្ច ត្រូវធ្វើការសិក្សាតាមបណ្តាច្រកចេញចូលតែ ១ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សជាពិសេស ពិនិត្យលទ្ធភាពធ្វើអ្វីបន្ថែមទៀតលើសពីអ្វីដែលកំពុងធ្វើដើម្បីពង្រឹងគុណភាពផ្តល់សេវាជូនប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា៖ «តើយើងអាចធ្វើអីលើសពីហ្នឹងបន្ថែម ដើម្បីពង្រឹងគុណភាពផ្តល់សេវាកម្ម ១ ដែលមានទំនុកចិត្តពីប្រជាពលរដ្ឋ។ ក្នុងនីតិកាលទី៧ នេះ ខ្ញុំចង់ដាក់គោលការណ៍ ១ គឺផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ពាក្យនេះអាចពិបាកនឹងធ្វើ តែបើយើងមានឆន្ទៈដូចគ្នា យើងអាចនឹងធ្វើបាន»។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មថ្មី បន្តសិក្សាសង្កេតពិនិត្យមើលតាមបណ្តាប្រទេស ជិតខាង និងប្រទេសដែលមានភាពរីកចម្រើនផ្សេងៗទៀតដើម្បីដឹងថា តើប្រទេសទាំងនោះបានធ្វើអ្វីខ្លះ? ហើយមានលទ្ធផលសម្រេចយ៉ាងណា ដើម្បីជាទុនក្នុងការពិនិត្យមើលការកែសម្រួលរបៀបរបបនៃការផ្តល់សេវាជូនប្រជាពលរដ្ឋកាត់បន្ថយភាពស្មុគស្មាញមួយចំនួនដែលមិនចាំបាច់ ហើយរក្សាគុណភាពបានល្អត្រឹមត្រូវស្របទៅតាមសម័យកាល។
លោក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែកញ្ញាថា ក្រោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបានធ្វើការប្រជុំម្តងរួចមកហើយដើម្បីជជែកពិភាក្សាធ្វើយ៉ាងណាឱ្យការផ្តល់សេវាកាន់តែងាយស្រួល និងឆាប់រហ័សហើយមានការទុកចិត្តពីប្រជាពលរដ្ឋ។
លោកប្រាប់ថា ក្រុមការងារជំនាញបានគិតគូរទៅលើ ២ ចំណុច ទី១ គឺជំរុញទៅលើការងារដែលមានស្រាប់ ធ្វើយ៉ាងណាផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ដែលក្នុងនោះក្រុមការងារជំនាញកំពុងពិនិត្យលើដំណើរការផ្តល់សេវាជារួមដែលបានអនុវត្តក្នុងពេលកន្លងមក តើមានការឆ្លងកាត់នីតិវិធីអ្វីខ្លះ ដើម្បីកាត់បន្ថយបញ្ហាមួយចំនួនដែលស្មុគស្មាញ និងមិនចាំបាច់ចេញ។
ចំណែកចំណុចទី២ ក្រុមការងារជំនាញកំពុងធ្វើការសិក្សា លើការផ្តល់សេវាតាមបច្ចេកវិទ្យាអេឡិចត្រូនិកដែលពលរដ្ឋអាចធ្វើការចុះបញ្ជីដោយខ្លួនឯង។ លោកបន្តថា ការសិក្សាលើការផ្តល់សេវា ដែលពលរដ្ឋអាចចុះបញ្ជីដោយខ្លួនឯងនេះ អាចចំណាយពេល ៣ ទៅ ៦ ខែទៀត នឹងអាចធ្វើការសាកល្បងនៅចំណុចទីតាំងមួយចំនួន បើសិនអនុវត្តជោគជ័យនឹងបន្តធ្វើការអនុវត្តនៅកន្លែងផ្សេងៗទៀតឱ្យបានច្រើនជូនប្រជាពលរដ្ឋ។ លោកថ្លែងថា៖«យើងមានការប្តេជ្ញាចិត្តទាំងថ្នាក់ដឹកនាំក្រសួងទាំងថ្នាក់ដឹកនាំនាយកដ្ឋានអត្តសញ្ញាណកម្មយើងប្តេជ្ញាចិត្តថា យើងនឹងប្រឹងប្រែងធ្វើយ៉ាងម៉េចឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សជូនគាត់»។
លោក តុប នេត បានលើកឡើងថា ចំពោះចំណុចដែលកំពុងសិក្សាថ្មីអំពីការផ្តល់លទ្ធភាពឱ្យពលរដ្ឋអាចចុះបញ្ជីដោយខ្លួនឯងដើម្បីទទួលសេវាសាធារណៈនេះ អ្នកជំនាញ អត្តសញ្ញាណកម្មនឹងប្រើកម្មវិធី ១ ឈ្មោះថា Self registration។ តាមរយៈកម្មវិធីនេះពលរដ្ឋអាចធ្វើការបំពេញព័ត៌មានដោយខ្លួនឯង តាមរយៈប្រព័ន្ធអេឡិចត្រូនិកនៅនឹងកន្លែងផ្តល់សេវា ដោយមានការចាំជួយណែនាំពីមន្ត្រីអត្តសញ្ញាណកម្ម ប៉ុន្តែបើពលរដ្ឋមិនចេះពីការប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិកទេនោះប្រជាពលរដ្ឋនៅតែអាចបំពេញព័ត៌មានដោយដៃបានដដែល៕