មណ្ឌលគិរីៈ ក្រុមអ្នកស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia ប្រចាំខេត្តមណ្ឌលគិរី បានរកឃើញសម្បុកសត្វក្រៀល ១ ថ្មីទៀតកាលពីចុងខែសីហា ឆ្នាំនេះដែលមានកូន ២ ក្បាលញាស់ចេញដោយសុវត្ថិភាព។
អង្គការ WCS Cambodia បានឱ្យដឹងនៅថ្ងៃទី ៤ ខែកញ្ញាថា នេះជាការរកឃើញលើកទី ២ បន្ទាប់ពីបានរកឃើញលើកដំបូងនៅឆ្នាំ ២០២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ អង្គការនេះបញ្ជាក់ថា៖«តាមរយៈការពិនិត្យសម្បុក និងសម្បកស៊ុតដែលបានញាស់បានបង្ហាញឱ្យឃើញថា កូនសត្វក្រៀលចំនួន ២ ក្បាល បានញាស់ចេញពីសម្បុកដោយសុវត្ថិភាព»។
អង្គការនេះបានឱ្យដឹងថា សត្វក្រៀលជាប្រភេទសត្វកម្រ និងកំពុងរងហានិភ័យខ្ពស់ពីមនុស្សមួយចំនួនដូចជា ការបំពុល ការរានព្រៃធ្វើកសិកម្មនៅតំបន់សត្វក្រៀលរស់នៅធ្វើឱ្យបាត់បង់ជម្រក និងចំណីព្រមទាំងការបន្តពូជ។ អង្គការ IUCN ដាក់សត្វក្រៀលបញ្ចូលក្នុងបញ្ជីក្រហម ជាសត្វងាយរងគ្រោះបំផុត។
អង្គការនេះបញ្ជាក់ថា៖ «សត្វក្រៀល គឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេដោយមានកម្ពស់ប្រហែល ១,៧០ ម៉ែត្រមានទម្ងន់ប្រមាណ៥-១២ គីឡូក្រាមសម្រាប់សត្វក្រៀលពេញវ័យ។ សត្វក្រៀលចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សា ពីខែឧសភា ដល់ខែតុលា និងធ្វើសម្បុកពងកូននៅតាមវាលស្មៅធំៗដែលជាតំបន់ដីសើមក្នុងដែនជម្រកសត្វព្រៃកម្ពុជា»៕