ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាជាថ្មីនៅចំពោះមុខថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ពីការបន្តពង្រឹងកិច្ចសហការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់គណបក្ស ប្រទេស និងប្រជាជនទាំង ២។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ស្តីពីមេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ជំនួបនេះធ្វើឡើងរវាងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាមួយនឹងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣។
ក្នុងឱកាសទស្សនកិច្ចនេះលោក លីវ ជានឆាវ បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ដោយបានធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងចិន ដែលក្នុងនោះរួមមាន សភាពការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា,ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំង ២ ជាដើម។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹង និងពង្រីក កិច្ចសហការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ព្រមទាំងលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់គណបក្ស ប្រទេស និងប្រជាជនទាំង ២។
ក្នុងជំនួបនោះដែរ លោក លីវ ជានឆាវ តាមរយៈសេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងបាននាំមកនូវការគាំទ្រយ៉ាងពេញទំហឹងរបស់អគ្គលេខាធិការបក្ស លោកស៊ី ជិនភីង ចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា។
លទ្ធផលនៃជំនួបរវាងប្រមុខដឹកនាំនេះដែរ គណបក្សទាំង ២ បានសម្តែងការពេញចិត្តចំពោះសម្ទុះដ៏រឹងមាំ និងប្រកបដោយថាមវន្តនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
សេចក្តីប្រកាសបញ្ជាក់ថា ៖ «គណបក្សទាំង ២ បានវាយតម្លៃខ្ពស់ អំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សទាំង ២ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេចតេជោ ប្រធានគណបក្ស ហើយគណបក្សទាំង ២ នឹងប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ប្តូរ ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ»។
ជាមួយគ្នានោះ គណបក្សទាំង ២ ប្តេជ្ញាបង្កើនទំនាក់ទំនងគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសអង្គការមហាជន និងយុវជន ព្រមទាំងរួមគ្នាដើម្បីធ្វើឱ្យគម្រោង «ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន» ដំណើរការបានល្អប្រសើរ។
លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា មិត្តភាព និងទំនាក់ទំនងចិន និងកម្ពុជាគឺរឹងមាំគ្រប់ជ្រុងជ្រោយ និងពហុសណ្ឋានចាប់តាំងពីប្រមុខរដ្ឋដល់កម្រិតប្រជាជន។
លោកបានបន្តថា ចិនគឺជាដៃគូអភិវឌ្ឍន៍ និងវិនិយោគធំជាងគេរបស់កម្ពុជាក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ ហើយការកសាងសង្គមសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនខ្លាំង ដែលទាំងអស់នេះគឺបានមកពីមិត្តភាពត្បូងពេជ្ររបស់កម្ពុជា និងចិន។ លោកថ្លែងថា៖ «ការបេ្តជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិនគឺកើតចេញពីការផ្តល់ប្រយោជន៍ជាតិ សន្តិសុខ និងស្ថិរភាពកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងសុខុមាលភាពប្រជាជនជាស្នូល»។
ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ថ្លែងដែរថា នៅរាល់ជំនួបនៃថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំង ២ តែងតែបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នេះការប្តេជ្ញាចិត្តបន្ថែមលើការប្តេជ្ញាចិត្តដែលមានកន្លងមក រវាងកម្ពុជា-ចិន។
លោកថ្លែងថា៖ «ការរំពឹងទុករបស់ខ្ញុំ គឺអាចនិយាយបានថា ទំនាក់ទំនងរវាងប្រទេសទាំង ២ នេះកាន់តែរឹងមាំឈរលើមូលដ្ឋាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់របស់ប្រទេសទាំង ២ ដែលមកដល់ពេលនេះ ទំនាក់ទំនងរបស់ប្រទេសទាំង ២ មកដល់កម្រិតកំពូលបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»៕