ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានចាត់វិធានការតាមច្បាប់ ទៅលើអាជីវករ ឬអ្នកលក់អនឡាញណាដែលប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ផ្សព្វផ្សាយលក់វត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថារដ្ឋាភិបាលកម្ពុជាខ្វះការគ្រប់គ្រង និងការពារវត្ថុទាំងនេះ។
ការព្រមាននេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយ លក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្ដាញសង្គម។
សេចក្តីជូនដំណឹងបានលើកឡើងថា មួយរយៈកាលកន្លងមកនេះ មន្ត្រីជំនាញបានសង្កេតឃើញថា មានអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាពទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។
សេចក្តីជូនដំណឹងបញ្ជាក់ថា ៖ «ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ មិនតែប៉ុណ្ណោះទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថាវត្ថុបុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា»។
ប្រការនេះ នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស។
តាមរយៈសេចក្តីជូនដំណឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសង្កត់ធ្ងន់ថា ៖ «ក្រសួងសូមអំពាវនាវដល់អាជីវករ និងអ្នកលក់អនឡាញនានា ដែលប្រកបមុខរបរនេះ ត្រូវបញ្ឈប់ជាបន្ទាន់ហើយក្នុងករណីនៅតែបន្តអនុវត្តទង្វើមិនស្របច្បាប់នេះ ក្រសួងនឹងចាត់វិធានការចាំបាច់តាមច្បាប់ជាធរមាន»។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា ការហាមឃាត់បែបនេះជារឿងត្រឹមត្រូវ ព្រោះធម្មតានៅក្នុងច្បាប់ស្ដីពីវប្បធម៌ គឺមរតកវប្បធម៌ត្រូវបានស្ថិតក្នុងការថែរក្សា អភិរក្ស ហើយវត្ថុបុរាណរបស់ជាតិ ក៏មិនមាននរណាម្នាក់ហ៊ានលក់បានឡើយ។
លោកបានបន្តថា វត្ថុបុរាណ ជាវត្ថុដែលកម្រ វត្ថុដែលមាននៅក្នុងអតីតកាលរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំ ដូច្នេះហើយគឺមិនមាននរណាហ៊ានប៉ះពាល់ និងធ្វើចរាចរណ៍លក់វត្ថុបុរាណទាំងនោះទេ។
លោក ឈត ប៊ុនថង បានថ្លែងថា៖ «ទាំងអាជីវករក្ដី វិចិត្រករក្ដី ជាងគំនូរ ជាងចម្លាក់អី ឬអ្នកសូនរូបក្ដី បើចង់លក់សូមលក់តែចម្លាក់ គំនូរ និងរូបភាពរបស់គាត់ហ្នឹងទៅ កុំចាំបាច់យកជារូបភាពជាវត្ថុបុរាណខ្មែរទៅលាយឡំនាំឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិមានការភាន់ច្រឡំថាវត្ថុបុរាណក៏អាចជួញដូរ និងទិញលក់បានដែរ។ អ៊ីចឹងខ្ញុំគាំទ្រចំពោះការហាមឃាត់ របស់ក្រសួង»៕