ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ដេញថ្លៃប្រាក់ ៥០ លានដុល្លារ ចំនួន ៤ លើកនៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ដែលការប្រកាសនេះត្រូវបាន អ្នកជំនាញក្នុងវិស័យធនាគារលើកឡើងថា ជាវិធានការដ៏សំខាន់ និងទាន់ពេលវេលាក្នុងការរក្សាស្ថិរភាពប្រាក់រៀល។
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៤ ខែកញ្ញា ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាប័ណ្ណទាំងអស់ឱ្យត្រៀមលក្ខណៈចូលរួមដេញថ្លៃប្រាក់ដុល្លារអាមេរិក តាមកាលបរិច្ឆេទដែលបានកំណត់ដោយធនាគារជាតិ។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា៖ «ធនាគារជាតិនែកម្ពុជាបានកំណត់ការដេញថ្លៃនោះចំនួន ៤ លើក ក្នុងខែនេះ គឺលើកទី១ នៅថ្ងៃទី៦ ចំនួន ១០ លានដុល្លារ អាមេរិក។ លើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ចំនួន ១៥ លានដុល្លារអាមេរិក,លើកទី៣ នាថ្ងៃទី១៣ ចំនួន ១០ លានដុល្លារ អាមេរិក និងលើកទី៤ប្រព្រឹត្តទៅនាថ្ងៃទី១៥ ចំនួន ១៥ លានដុល្លារ អាមេរិក»។
ធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់ច្បាស់ពីមូលហេតុការដាក់ឱ្យដេញថ្លៃ ប្រាក់ដុល្លារអាមេរិកនាពេលនេះនោះទេ ប៉ុន្តែសកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានខែមកនេះ ប្រាក់រៀលបានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលពេញនិយមចាយវាយដោយសេរីនៅប្រទេសកម្ពុជា។
ការសម្រេចចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការដាក់ដេញថ្លៃប្រាក់ដុល្លារនាពេលនេះ ក៏ទំនងជាធ្វើឡើងក្នុងគោលបំណង ដើម្បីស្រូបយកប្រាក់រៀល និងដើម្បីរក្សាអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក។
ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី ថ្លែងថា វិធានការរបស់ធនាគារជាតិដែលបានប្រកាសដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពប្រាក់រៀលនេះ មិនមែនធ្វើឡើងជាលើកទី១ទេ គឺបានធ្វើតាំងពីអំឡុងទសវត្សរ៍៩០មកម្ល៉េះ ដែលនេះជាវិធានការដ៏ត្រឹមត្រូវ។
លោកថ្លែងថា៖«ខ្ញុំនៅចាំបានថា ក្នុងឆ្នាំ២០២១ធនាគារអេស៊ីលីដាបានចូលរួមដេញថ្លៃជាង១០លើក តែឆ្នាំ២០២២ មិនបានចូលរួមដោយសារប្រាក់រៀលយើងមានស្ថិរភាពល្អហើយ ហើយឆ្នាំ២០២៣នេះទើបតែចាប់ផ្តើមធ្វើក្នុងខែនេះ ដែលនេះគឺវិធានការរបស់ធនាគារជាតិក្នុងការរក្សាថ្លៃនិងស្ថិរភាពប្រាក់រៀលខ្មែរយើងហើយ»។
លោក ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានប្រាប់ដែរថា ធនាគារលោកមិនមានគម្រោងចូលរួមដេញប្រាក់ដុល្លារនោះទេ ដោយសារតែខាងធនាគារ មានតម្រូវការប្រាក់រៀលច្រើនជាងដុល្លារ ខណៈដែលស្ថាប័នធនាគារដទៃទៀត អាចនឹងមានតម្រូវការប្រាក់ដុល្លារ។
លោកបានបន្ថែមថា ចំពោះអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកនាខណៈនេះ មិនទាន់មានហានិភ័យ ឬបញ្ហាប្រឈមខ្លាំង ដែលគួរឱ្យព្រួយបារម្ភនោះទេ ប៉ុន្តែបើសិនជាដុល្លារមានការកើនឡើងបន្តទៀត អាចនឹងហានិភ័យ ចំពោះការវិនិយោគពីក្រៅប្រទេស។
លោកបានបញ្ជាក់ថា៖«យើងពិតជាអរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការទាន់ពេលវេលា ដើម្បីរក្សាស្ថិរភាពប្រាក់ខ្មែរយើង ព្រោះថាបើដុល្លារអាមេរិកបន្តឡើងថ្លៃជាងនេះ វាអាចនឹងមានហានិភ័យ»។
លោក ហួត អៀងតុង និយាយបន្តថា ៖ «ហានិភ័យនោះគឺថា អ្នកវិនិយោគនឹងជួបបញ្ហាដោយសារតែនៅពេលប្រាក់ចុះថោក នោះនៅពេលទៅទិញប្រាក់ដុល្លារ នឹងមានការចំណាយច្រើន ធ្វើឱ្យគាត់ជួបការលំបាក»។
សូមរំឭកថា ធនាគារជាតិនៃកម្ពុជា កាលពីចុងខែសីហា ឆ្នាំ២០២៣កន្លងទៅ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដោយសារតែស្ថាប័ននេះសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារ អាមេរិកនៅលើទីផ្សារអន្តរជាតិ។
ធនាគារជាតិបញ្ជាក់ថា ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀលបានថយល្បឿន នៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាមេរិក ជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិកនិងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា នៅតែបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួន ចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព៕