ភ្នំពេញៈ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែសីហាថា ក្រសួងទទួលវត្ថុបុរាណជាកុលាលភាជន៍ដែលស្រង់ពីបាតសមុទ្រមានអាយុកាលចន្លោះពី ៣០០ ទៅ ៤០០ ឆ្នាំ ជាទិន្ន័យបឋមចំនួន ១ ៧២៩ កាលពីថ្ងៃទី ៤ ខែកញ្ញា ពីលោក លី ហួត មេបញ្ជាការនៃបញ្ជាការដ្ឋានជួរមុខនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅខេត្តព្រះសីហនុ កាលពីដើមសប្តាហ៍នេះ។
លោកបន្តថា វត្ថុបុរាណកុលាលភាជន៍ទាំងនោះត្រូវផ្ញើនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុសិនដើម្បីពិនិត្យផ្ទៀងផ្ទាត់រាប់ចំនួន សម្រាប់បែងចែកទៅតាមប្រភេទកុលាលភាជន៍នីមួយៗ។ កុលាលភាជន៍ភាគច្រើនជាក្រឡ ពាងត្រចៀក ៤ ក្រឡត្រចៀក ៤ ផើង និងខួច [ដបតូចមូលមាត់ធ្វើដោយដី]។
លោកបញ្ជាក់ថា កុលាលភាជន៍ទាំងអស់នោះ ភាគច្រើនធ្វើពីដីដុតដែលគេដុតក្នុងសីតុណ្ហភាពខ្ពស់ និងមានស្រទាប់រលោង ហើយមានកុលាលភាជន៍មួយចំនួនដុតក្នុងសីតុណ្ហភាពទាប។ ក្រៅពីកុលាលភាជន៍នេះក៏នៅមានភ្លុកដំរីពុកផុយធំចំនួន១ និងមានបំណែកដំឈើ ដែលក្រុមអ្នកជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងសិក្សាបន្ថែមទៀត។ ចំពោះដុំឈើវិញបើតាមក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានបឋមថា អាចជាផ្នែកខ្លះនៃតួសំពៅឬមួយជាឈើដែលគេប្រើប្រាស់ក្នុងសំពៅដែលលិចនោះ។
លោក សំណាង ថ្លែងថា៖«បន្ទាប់ពីយើងធ្វើការចុះបញ្ជីសារពើភណ្ឌទៅជាសម្បត្តិជាតិហើយនោះគឺក្រុមការងារជំនាញរបស់ក្រសួងហ្នឹងអាចនឹងចាប់ផ្តើមធ្វើការងារអភិរក្សជួសជុលវា។ក្រុមការងារនឹងធ្វើការលាងសម្អាតវត្ថុបុរាណណាដែលខូចខាត»។
បើតាមលោក ប្រធាននាយកដ្ឋានបុរាណវត្ថុទៅថ្ងៃអនាគតក្រសួងវប្បធម៌និងវិចិត្រសិល្បៈគ្រោងរៀបចំឱ្យមានជាការតាំងពិព័រណ៍មួយស្តីពីវត្ថុដែលប្រមូលបានពីបាតសមុទ្រ។អ្វីដែលជាប្រយោជន៍នោះគឺតាមរយៈវត្ថុទាំងនេះអាចឱ្យយើងដឹងពីប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយប្រទេសក្នុងតំបន់ផ្សេងៗ។
ម្យ៉ាងវិញទៀតវត្ថុបុរាណទាំងនោះជារបរធ្វើជំនួញដែលសន្និដ្ឋានថា បានដឹកតាមសំពៅជំនួញ។
លោក សំណាង បញ្ជាក់ថា ក្នុងចំណោមវត្ថុបុរាណចំនួន ១ ៧២៩ នោះ ទីបញ្ជាការដ្ឋានលម្ហសមុទ្រប្រគល់មកឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈនេះគឺមិនមានឆ្អឹងមនុស្សទេ។វត្ថុបុរាណទាំងអស់នោះអាចជាព័ត៌មានបឋមដែលអាចឱ្យអ្នកជំនាញស្រាវជ្រាវដឹងថា វត្ថុទាំងអស់ហ្នឹងផលិតចេញពីតំបន់ណាមក។ ចំពោះភ្លុកដំរីវិញក៏នឹងត្រូវសិក្សាដែរថាវាជាដំរីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក៏នាំចូលពីតំបន់ណាផ្សេងព្រោះភ្លុកដំរីនោះជាប្រភេទភ្លុកធំ។តាមរយៈការប្រៀបធៀបទៅលើរូបរាងរបស់កុលាលភាជន៍ទាំងនោះ អាចភាគច្រើនត្រូវបានគេផលិតនៅចន្លោះសតវត្សរ៍ទី១៥ ទៅសតវត្សរ៍ទី១៧ ដែលប្រហាក់ប្រហែលចន្លោះពី ៣០០ ទៅ ៤០០ ឆ្នាំមុន។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ឱ្យភ្នំពេញប៉ុស្តិ៍ ដឹងនៅថ្ងៃទី៥ ខែសីហា ថា ពាក់ព័ន្ធនឹងវត្ថុបុរាណនៅក្នុងបាតសមុទ្រនេះ កន្លងមកសាលាខេត្តព្រះសីហនុជាពិសេសមន្ទីរវប្បធម៌ខេត្ តដែលជាមន្ទីរជំនាញបានធ្វើការផ្សព្វផ្សាយរួចហើយ។វត្ថុបុរាណដែលមិនមានច្បាប់ទម្លាប់ហ្នឹងគឺវាខុសច្បាប់។«សម្រាប់បងប្អូនប្រជានេសាទរបស់យើងហ្នឹងលោកមានការយល់ដឹងពីបញ្ហាហ្នឹងហើយពេលរកឃើញគឺគាត់ជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច»។
ដោយឡែកលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បញ្ជាក់នៅថ្ងៃទី៥ ខែសីហាដែរថា ចំពោះទីតាំងរកឃើញវត្ថុបុរាណនៅលើលម្ហសមុទ្រស្ថិតនៅចន្លោះកោះឫស្សី និងកោះតាគៀវ។ ចំពោះទីតាំងផ្សេងទៀតដែលលោកបានសាកសួរទៅបញ្ជាការដ្ឋានជួរមុខនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រប្រាប់លោកថា មិនមានទេ៕