ភ្នំពេញៈ មន្រ្តី និងអង្គការធ្វើការផ្នែកបរិស្ថាន គាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយនឹងក្រសួងបរិស្ថាន លើការពង្រីកការដាំ និងស្តារព្រៃឈើក្នុងប្រទេសកម្ពុជាឡើងវិញ ដោយការបង្កើនការបណ្តុះកូនឈើ យ៉ាងហោចណាស់ឱ្យបាន ១០ម៉ឺនដើម ក្នុង ១ ឆ្នាំ។
ការបង្ហាញការគាំទ្រនេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ជំរុញឱ្យតាមបណ្តាមន្ទីរបរិស្ថានទាំងអស់ ត្រូវបង្កើនការបណ្តុះកូនឈើ យ៉ាងហោចណាស់ ឱ្យបាន១០ម៉ឺនដើម ក្នុង១ឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងដាំដុះស្តារព្រៃឈើ ពង្រីកវិសាលភាពព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ដាំដើមឈើនៅតាមសហគមន៍ តាមភូមិ ក៏ដូចជានៅតាមផ្ទះជាដើម។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃទី៥ ខែកញ្ញាថា បច្ចុប្បន្ននេះ មន្ទីររបស់លោកមានកូនឈើជាង ១ ម៉ឺនដើម ខណៈពីមុនមានជាង ២ ម៉ឺនដើម ប៉ុន្តែលោកបានចែកជូនប្រជាពលរដ្ឋ សាលារៀន និងកងទ័ពតាមមូលដ្ឋានដើម្បីដាំដុះបន្ត។
ជាមួយគ្នានេះ លោក កត បូរ៉ាន់ ក៏កំពុងរៀបចំកូនឈើជាង ១ ម៉ឺនដើមបន្ថែមទៀត ដើម្បីជូនលោករដ្ឋមន្ត្រីបរិស្ថានយកទៅដាំ និងចែកជូនទៅបណ្តាស្ថាប័ន សាលារៀន និងអង្គភាពផ្សេងៗទៀត។
លោកនិយាយថា៖ «ខ្ញុំយល់ថា ជាការល្អដែលឯកឧត្តមរដ្ឋមន្ត្រីជំរុញឱ្យមានការបណ្តុះកូនឈើនេះ ហើយសម្រាប់ខ្ញុំ ខ្ញុំមានគោលការណ៍មួយ គឺមិនដែលលក់ទេ ឱ្យតែសុំ ខ្ញុំឱ្យ ប៉ុន្តែខ្ញុំមិនឱ្យទៅដំានៅផ្ទះឯកជនទេ។បើដាំលក្ខណៈជាចម្ការ ខ្ញុំឱ្យ បើសិនជាឯកជនក្រុមហ៊ុន ខ្ញុំមិនឱ្យទេ»។
ចំណែក លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)ក៏បានថ្លែងដែរថា លោកគាំទ្រចំពោះការដាក់ចេញយុទ្ធសាស្ត្រ ឱ្យមានការបណ្តុះកូនឈើនៅគ្រប់ថ្នាលរបស់មន្ទីរបរិស្ថាន ឬក៏នៅរដ្ឋបាលព្រៃឈើជាដើម ព្រោះវាមានសារៈសំខាន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងយុវជន ដែលមានបំណងចូលរួមដាំក្នុងការស្តារគម្របព្រៃឈើ ឡើងវិញនៅទូទាំងប្រទេស។
លោកបានថ្លែងថា៖ «ការដែលឱ្យបណ្តុះកូនឈើនេះ នឹងធ្វើឱ្យមានកូនឈើគ្រប់គ្រាន់ ដើម្បីចែកជូនដល់ពលរដ្ឋ»។
ទន្ទឹមនឹងនេះដែរ លោក ហេង គឹមហុង ក៏បានស្នើដល់មន្ទីរបរិស្ថាន គួរជំរុញតាមបណ្តាសាលារៀនទាំងអស់គួរតែរៀបចំឱ្យមានថ្នាលបណ្តុះកូនឈើ ហើយអាជ្ញាធរពាក់ព័ន្ធអាចផ្តល់នូវគ្រាប់ពូជ វិធីសាស្ត្រដាំ និងការគាំទ្រផ្សេងទៀត ពិសេសធ្វើយ៉ាងណា ឱ្យគ្រប់សាលាត្រូវដំាដើមឈើឱ្យបានច្រើនដើម្បីផ្តល់ម្លប់ដល់សិស្សានុសិស្ស និងសម្រស់បៃតងឱ្យបានច្រើន។
សូមបញ្ជាក់ដែរថា នាជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កាលពីថ្ងៃទី៣ ខែកញ្ញា លោក អ៊ាង សុផល្លែត បានណែនាំឱ្យមន្រ្តីរបស់លោកទាំងអស់ មិនត្រូវទៅដាំដើមឈើដោយខ្លួនឯងនោះទេ តែចាំបាច់ត្រូវធ្វើការអប់រំផ្សព្វផ្សាយ និងមានការចូលរួមពីអ្នកពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យចូលរួមដាំកូនឈើ។
លោកមានប្រសាសន៍ថា ៖ «ការដាំឈើជួយសហគមន៍ធានាបានអព្យាក្រឹតកាបូន និងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយសហគមន៍ក៏អាចរកចំណូលមកអភិវឌ្ឍមូលដ្ឋាន បានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍជីវភាព តាមរយៈទេសចរណ៍ធម្មជាតិផងដែរ»៕