ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ានទាំងនោះ។
លោក ហ៊ុន ម៉ាណែត នាថ្ងៃទី ៤ ខែកញ្ញា នៅមុនការចាប់ផ្តើមដំណើរការកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងពីថ្ងៃទី ៥-៧ ខែកញ្ញា មានជំនួបទ្វេភាគី ជាមួយលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ីនៅវិមាន Istana Merdeka ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបនេះ លោក ចូកូ វីដូដូ បានថ្លែងថា ឥណ្ឌូនេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រប្រព័ន្ធសន្តិសុខស្បៀងរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ជី និងផ្តល់ការបណ្តុះបណ្តាលដល់អ្នកធ្វើកសិកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី ANTARA។
ANTARA បានដកស្រង់សម្ដីលោក ចូកូ វីដូដូ ថា៖ «ប្រទេសឥណ្ឌូនេស៊ី ក៏បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ប្រព័ន្ធសន្តិសុខស្បៀងរបស់កម្ពុជាតាមរយៈការផ្គត់ផ្គង់ជី និងការបណ្តុះបណ្តាល»។ ANTARA បានចុះផ្សាយថា លោក ចូកូ វីដូដូ ក៏បានកោតសរសើរកម្ពុជាដែលបានស្វាគមន៍ផែនការសហប្រតិបត្តិការលទ្ធកម្មអង្ករ ហើយបានស្រង់សម្ដីលោកប្រធានាធិបតីឥណ្ឌូនេស៊ីថា៖ «ខ្ញុំសូមកោតសរសើរចំពោះការស្វាគមន៍របស់កម្ពុជាចំពោះបំណងរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការនាំចូលអង្ករពីកម្ពុជាក្នុងរង្វង់ ២៥ ម៉ឺនតោន ក្នុង ១ ឆ្នាំ»។
នៅក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត និងលោក ចូកូ វីដូដូ មេដឹកនាំទាំង ២ ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងទាំង ២ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
បណ្តាញសង្គមលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅក្នុងជំនួបនេះលោក ចូកូ វីដូដូ បានសម្តែងការអបអរសាទរចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ប្រព័ន្ធផ្សព្វផ្សាយសង្គមដដែលបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំង ២ ក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ចពាណិជ្ជកម្មការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ ក្នុងន័យនេះថ្នាក់ដឹកនាំទាំង ២ បានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ីឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត»។
នៅមុនពិធីបើកកិច្ចប្រជុំកំពូលនេះជាផ្លូវការ នាថ្ងៃទី ៥ ខែកញ្ញា លោក ហ៊ុន ម៉ាណែត ក៏បានជួបទទួលទានអាហារពេលព្រឹក និងមានកិច្ចពិភាក្សាត្រីភាគីជាមួយលោក ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅក្នុងជំនួបនេះមេដឹកនាំនៃប្រទេសទាំង ៣ បានឯកភាព «ជាគោលការណ៍» បន្តដោះស្រាយជាមួយគ្នា និងជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ និង «បន្តអនុវត្តយន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំង៣ដើម្បីបញ្ចប់ទាំងស្រុងនាពេលឆាប់ៗខាងមុខ»។
ប្រភពដដែលបន្តថា មេដឹកនាំនៃប្រទេសទាំង ៣ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ទាំងក្នុងទិដ្ឋភាពសង្គមសេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន វប្បធម៌ និង ប្រពៃណី និងជំរុញបន្ថែមនូវទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រទេសទាំង ៣ លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែខ្សែចង្វាក់ផ្គត់ផ្គង់ និងទេសចរណ៍។
ប្រព័ន្ធផ្សព្វផ្សាយសង្គមដដែល លើកឡើងថា នៅក្នុងជំនួបនេះ លោក ផាម មីញជីញ បានបង្ហាញបំណងចង់ជួបដោយផ្ទាល់ជាមួយលោក ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងពេលណាមួយខាងមុខ ចំណែកលោក សនសៃ ស៊ីផាន់ដន ក៏បានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាឆ្នាំ ២០២៤ ខាងមុខ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមដដែលបញ្ជាក់ថា នៅក្នុងជំនួបរវាង លោក ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាថ្ងៃទី ៥ ខែកញ្ញា មេដឹកនាំទាំង ២ បានពិភាក្សាបន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ ពាណិជ្ជកម្មការវិនិយោគ ការអប់រំសន្តិសុខថាមពល ការងារ និងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
លោក ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។
ប្រព័ន្ធផ្សព្វផ្សាយសង្គមដដែលបន្តថា៖ «ប្រមុខរដ្ឋាភិបាលទាំង ២ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime [ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត]) បង្កើនបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្ម និងលើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា។
នាល្ងាចថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយលោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ។ មេដឹកនាំទាំង ២ បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕