ភ្នំពេញៈ នៅក្នុងខែសីហា ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលកុមារឈឺចំនួន ៨៥ ៨០៦ នាក់ ដែលចំនួននេះមានការថយចុះ ៥៧៣ នាក់ បើធៀបនឹងខែកក្កដាដែលមានចំនួន ៨៦ ៣៧៩ នាក់។ នេះបើតាមរបាយការណ៍។
តាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ចេញថ្ងៃទី ៥ កញ្ញាបានឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២៣ នេះមានកុមារឈឺចំនួន ៨៥ ៨០៦ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដែលមានការថយចុះចំនួន ៥៧៣ នាក់ធៀបនឹងខែមុន ដែលមានចំនួន ៨៦ ៣៧៩ នាក់។ កុមារមានជំងឺ ១៧ ៦៦៥ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មានការកើនឡើង ៨៧៦ នាក់ បើធៀបនឹងខែមុនដែលមាន ១៦ ៧៨៩ នាក់។
កុមារមានជំងឺគ្រុនឈាមចំនួន ២ ៩១២ នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ មានការកើនឡើង ៥៦២ នាក់ បើធៀបនឹងខែមុនដែលមានចំនួន ២ ៣៥០ នាក់។ ចំណែកកុមារ ២ ២៩៥ នាក់ត្រូវបានទទួលការវះកាត់បើធៀបនឹងខែមុនមាន ២ ៣៨៦ នាក់ គឺថយចុះ ៩១ នាក់។ កុមារវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន ៧៦ នាក់ កើនឡើង ៧ នាក់ បើធៀបនឹងខែមុនដែលមានចំនួន ៦៩ នាក់។
របាយការណ៍ដដែលបញ្ជាក់ថា នៅផ្នែកសម្ភពមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានស្ត្រីមានផ្ទៃពោះចំនួន ៩ ៨៤៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព។ ចំនួននេះកើនឡើង ១៥៩ នាក់បើធៀបនឹងខែមុនដែលមាន ៩ ៦៨៧ នាក់។ ចំណែកការសម្រាលកូនបានចំនួន ១ ៨៦៥ នាក់ កើនឡើង ១០០ នាក់ បើធៀបខែមុនដែលមានចំនួន ១ ៧៦៥ នាក់។
មន្ទីរពេទ្យគន្ធបុប្ផាបញ្ជាក់ថា៖ «រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង»។
តាមរបាយការណ៍សង្ខេបសកម្មភាពការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា ឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមារសរុបប្រមាណ ៥០ ម៉ឺននាក់ ដែលក្នុងនោះកុមារឈឺធ្ងន់ៗប្រមាណ ៩ ម៉ឺននាក់ត្រូវបានទទួលឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលចំនួននៃការសម្រាកព្យាបាលនេះមានការកើនឡើងជាង ១០០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាជាបន្តបន្ទាប់ទាំងប្រចាំខែ និងប្រចាំឆ្នាំ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ដំណើរការពិនិត្យព្យបាលជំងឺដោយឥតគិតថ្លៃ សំដៅជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋកម្ពុជា។
លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណ: នៃមូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យដឹងថា គិតមកដល់ពេលនេះមន្ទីរពេទ្យគន្ធបុប្ផាមានមូលនិធិចំនួន ២ សំខាន់ៗ សម្រាប់ប្រមូលថវិកាទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ទី១ គឺមូលនិធិគន្ធបុប្ផាស្វ៊ីស និង ១ ទៀត គឺមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកថា មូលនិធិគន្ធបុប្ផាស្វ៊ីសនៅតែបន្តការបរិច្ចាគ ខណៈមូលនិធិគន្ធបុប្ផាកម្ពុជាកំពុងតែទទួលបានការបរិច្ចាគថវិកាកាន់តែច្រើនឡើងៗ ធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផានៅតែដំណើរការបានរលូន ប៉ុន្តែមន្ទីរពេទ្យនៅតែត្រូវការការជួយបរិច្ចាគពីសប្បុរសជនពីគ្រប់ទិសទីដើម្បីធានានិរន្តភាពនៃដំណើរការមន្ទីរពេទ្យ៕