ភ្នំពេញៈ សមាជិករដ្ឋសភានីតិកាលទី៧ បានបើកកិច្ចប្រជុំ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនិងលេខាធិការគណៈកម្មការនានានៃរដ្ឋសភា ដោយមានសំឡេងយល់ព្រមភាគច្រើនលើសលប់ដែលមានវត្តមាននៅក្នុងអង្គប្រជុំ។
សមាជិករដ្ឋសភាចំនួន ១១០ រូបនៃសមាជិកសរុប ១២៥ រូប មានវត្តមាននៅក្នុងអង្គប្រជុំបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការទាំង ១០ នៃរដ្ឋសភាចំនួន ៧០ រូប និងលេខាធិការចំនួន ៧ រូប។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី ១ នីតិកាលទី ៧ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣។
សេចក្តីប្រកាសបានឱ្យដឹងបន្តថា គណៈកម្មការជំនាញទាំង ១០ មាន គណៈកម្មការទី១ គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ គណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
គណៈកម្មការទី៣ គឺគណៈកម្មការផែនការ វិនិយោគ កសិកម្មអភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ គណៈកម្មការទី៤ គឺគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។ គណៈកម្មការទី៥ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។គណៈកម្មការទី ៦ គឺគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
គណៈកម្មការទី៧ គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌។ គណៈកម្មការទី៨ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ គណៈកម្មការទី៩ គឺគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គណៈកម្មការទី១០ គឺគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។
ក្រោយពីទទួលបានលទ្ធផលនៃការបោះឆ្នោតរួចមក លោកស្រី ឃួន សុដារី បានប្រកាសថា សមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧ ត្រូវអង្គរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប់ជាស្ថាពរ។ លោកស្រីបានអះអាងថា ដោយសារតែសម័យប្រជុំបានដំណើរការប្រជុំតាមរបៀបវារៈចប់សព្វគ្រប់ ហើយរដ្ឋសភា មិនទាន់មានរបៀបវារៈថ្មីក្នុងការពិភាក្សា នោះអង្គរដ្ឋសភា បានលើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ១ រយៈសិន។
លោកស្រី ឃួន សុដារី បានបញ្ជាក់ថា៖«ចំពោះព័ត៌មានទាក់ទងនឹងការបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងជូនដំណឹងនៅពេលក្រោយ»។
លោក ប៉ាន សូរស័ក្តិ ដែលទើបជាប់ឆ្នោតជាលេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា បានបង្ហាញការតាំងចិត្តថា លោក នឹងខិតខំប្រឹងប្រែងសម្របសម្រួលដោយធ្វើយ៉ាងណាឱ្យវិស័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី៩ ទទួលបានជោគជ័យស្របតាមគោលនយោបាយបញ្ចកោណដែលរដ្ឋាភិបាលបានដាក់ចេញ។
ជាមួយនឹងការតាំងចិត្តនេះ លោក ក៏បានអះអាងថា ក្នុងនាមតំណាងរាស្ត្រ តំណាងអង្គនីតិប្បញ្ញត្តិ នឹងបន្តតាមដាន សម្របសម្រួល ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា អាចសម្រេចបានក្នុងទិសដៅដែលក្លាយជាប្រទេសពឹងផ្អែកខ្លួន និងឈានទៅរកប្រទេសដែលមានការអភិវឌ្ឍក្នុងឆ្នាំ ២០៥០។
លោកបានបញ្ជាក់ថា៖ «ខ្ញុំនឹងខំពង្រឹងរចនាសម្ព័ន្ធបន្ថែមទៀតទាំងរឹង ទាំងទន់។ ខ្ញុំនឹងតាមដានការអនុវត្តរបស់មន្ត្រីរដ្ឋាភិបាល ដើម្បីឱ្យដើរតាមគោលនយោបាយបញ្ចកោណដែលរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញក្នុងពេលថ្មីៗនេះ ដែលមានគោលដៅក្លាយជាប្រទេសមានការអភិវឌ្ឍ និងមានចំណូលកម្រិតមធ្យមត្រឹម ២០៣០ និងកម្រិតខ្ពស់ត្រឹម ២០៥០»។
ក្នុងនាមជាលេខាធិការ ដែលធ្លាប់មានបទពិសោធន៍ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាង ៧ ឆ្នាំ លោក ប៉ាន សូរស័ក្តិ ក៏បានអះអាងដែរថា លោក ខិតខំជំរុញកំណើនសេដ្ឋកិច្ច និងការសម្របសម្រួលផ្នែកទីផ្សារ ក៏ដូចជាជំរុញផ្នែកសេដ្ឋកិច្ចឌីជីថល ឱ្យស្របតាមគោលការណ៍របស់គណៈកម្មការទី៩៕