ភ្នំពេញៈ ក្នុងជំនួបពិភាក្សាលើវិស័យធនធានទឹកជាមួយមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើជប៉ុនឱ្យជួយដល់គម្រោងមួយចំនួនដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជា។
កិច្ចពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី ៤ ខែកញ្ញា រវាងលោកថោ ជេដ្ឋា ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក SANUI Kazumasa ប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា។
បើតាមការផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម ភាគីកម្ពុជាដែលតំណាងដោយរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើដល់ភាគីជប៉ុនឱ្យជួយសិក្សា និងផ្តល់ហិរញ្ញប្បទាន សម្បទានសម្រាប់គម្រោងការពារទឹកជំនន់ កែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជាឡើងវិញ។
លោកបានលើកឡើងថា៖ «កម្ពុជាសូមស្នើភាគីជប៉ុនផ្ដល់គ្រឿងចក្រធុនធ្ងន់សម្រាប់បម្រើដល់ការងារសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ និងសម្រាប់អន្តរាគមន៍ពេលមានគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិនានាដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម»។
ជាមួយគ្នានោះ លោកក៏បានស្នើឱ្យជប៉ុនជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបន្ថែមលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកផងដែរ។ចំណែកភាគីជប៉ុនក៏បានសំណូមពរឱ្យក្រសួងធនធានទឹក និងឧតុនិយម រៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានី ភ្នំពេញ (CP-P14) ដើម្បីបង្ហាញពីសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សូមបញ្ជាក់ដែរថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរការគម្រោងរៀបចំស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រដែលបានចាប់ផ្ដើមសកម្មភាពកាលពីឆ្នាំ ២០២២ និងបញ្ចប់នៅឆ្នាំ ២០២៤ និងគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញដែលចាប់ដំណើរការសាងសង់នៅឆ្នាំនេះ និងបញ្ចប់ឆ្នាំ ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
ឆ្នាំ ២០២៣ នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុន ដោយភាគីទាំង ២ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យធនធានទឹក ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
ទាក់ទងនឹងស្ថានភាពទឹកនេះដែរកាលពីចុងសប្តាហ៍មុនលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលស្រូវវស្សានៅទីតាំងទំនប់អាងម្កាក់ នៅក្នុងភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង និងទំនប់បង្ហៀរទឹកស្ទឹងស្រែង ១ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
នៅក្នុងឱកាសនោះ លោក ចាន់ យុត្ថា ក៏បានណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឱ្យយកចិត្តទុកដាក់ចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួន និងត្រៀមលក្ខណៈឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕