ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការនគរបាលភូមិន្ទថៃ ប្តេជ្ញារួមគ្នាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ប្រទេស ពិសេសពង្រីកទំនាក់ទំនងរវាងនគរបាល នៃប្រទេសទាំង ២ ឱ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត។
ការបង្ហាញការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ នារសៀលទី ៤ ខែកញ្ញា ឆ្នាំ ២០២៣។
បន្ទាប់ពីជំនួបនេះ ក្រសួងមហាផ្ទៃបានប្រកាសឱ្យដឹងថា ជំនួបពិភាក្សាការងារនេះ ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត។
បើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Surachate Hakparn បានលើកឡើងនាឱកាសនោះថា៖ «ជំនួបនេះ ភាគីថៃក៏ចង់ពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឈានសំដៅសម្រេចឱ្យបានលទ្ធផលធំៗក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទរវាងប្រទេសទាំង ២ ផងដែរ»។
ចំណែក លោក ស ថេត បានថ្លែងអំណរគុណចំពោះ អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដែលនេះបង្ហាញឱ្យឃើញពីស្មារតីគោរពស្រឡាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធក្នុងនាមកងកម្លាំងនគរបាលអាស៊ាន។
លោកថ្លែងថា៖ «កម្ពុជាឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាព»។
ពាក់ព័ន្ធនឹងករណីបទល្មើសនេះដែរ នៅថ្ងៃទី ៥ ខែកញ្ញា លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានសម្តែងក្តីបារម្ភជុំវិញបញ្ហាបទល្មើស ពិសេសបទល្មើសគ្រឿងញៀន បទល្មើសការជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសលាងលុយកខ្វក់ ហើយលោកយល់ថា ការពង្រឹងកិច្ចសហការគ្នារវាងបណ្តាប្រទេសនានា ពិសេសប្រទេសជាប់ព្រំដែនកម្ពុជា គឺជារឿងសំខាន់។
លោកនិយាយថា៖ «បទល្មើសជួញដូរមនុស្ស កន្លងមកកម្ពុជាត្រូវបានគេចោទប្រកាន់ជារឿយៗអំពីករណីជួញដូរមនុស្សនេះ បើទោះជាបទល្មើសនេះភាគច្រើនកើតឡើងរវាងជនបរទេស និងជនបរទេសក្តី»។
លោក អំ សំអាត បានបន្តថា៖ «ដូច្នេះបញ្ហានេះ គឺទាមទារឱ្យពង្រឹងការអនុវត្តច្បាប់របស់សមត្ថកិច្ច ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពថែមទៀត និងត្រូវបង្កើនកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធឱ្យបានកាន់តែរឹងមាំថែមទៀត»។
ទាក់ទិនករណីបទល្មើសឆ្លងដែននេះដែរ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ជាពិសេសបណ្តាប្រទេសអាស៊ាន ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងជំនួបទ្វេភាគីជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ី៕