ភ្នំពេញៈ អ្នកជំនាញបានណែនាំឱ្យគិតគូរពីបញ្ហាគ្រោះមហន្តរាយនៅក្នុងកិច្ចការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងន័យធានានិរន្តរភាព និងបញ្ចៀសគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ ខណៈកម្ពុជាបានក្លាយជាប្រទេសងាយរងគ្រោះមួយដែលតែងតែជួបគ្រោះមហន្តរាយ។
ការអះអាងនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីបង្កើតទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញដើម្បីរួមគ្នាបង្កើតការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានពីការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
លោក សុទ្ធ គឹមកុលមុនី ប្រធាននាយកដ្ឋានផែនការស្រាវជ្រាវ និងជាអគ្គនាយករងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ទៅដល់វិស័យជាច្រើន ដូចជាធនធានទឹក កសិកម្ម សុខភាពមនុស្ស តំបន់ឆ្នេរ និងសមុទ្រ ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីជាដើម។
លោកបានបន្តថា ការប្រែប្រួលអាកាសធាតុក៏បានបង្កជាគ្រោះមហន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធ សុខភាពមនុស្ស សត្វ និងធម្មជាតិ ជាពិសេសគឺប៉ះពាល់ទៅដល់ការអភិវឌ្ឍប្រទេសតែម្តង។ ជាមួយគ្នានេះ លោកបានណែនាំថា៖ «អ្វីដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់គឺការគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ហើយត្រូវតែបញ្ជ្រាបបញ្ហាគ្រោះមហន្តរាយចូលក្នុងផែនការអភិវឌ្ឍន៍របស់ប្រទេស ព្រោះបើគ្មានការគិតគូរនោះការអភិវឌ្ឍនឹងមិនមាននិរន្តរភាពទេ»។
បន្ថែមពីនេះ លោក សុទ្ធ គឹមកុលមុនី បានលើកឡើងដែរថា គ្រោះមហន្តរាយគឺធ្វើឱ្យរាំងស្ទះដល់ដំណើរការការអភិវឌ្ឍ ហើយតែងធ្វើឱ្យធនធាននៃការអភិវឌ្ឍត្រូវបានទាញយកមកប្រើប្រាស់ដើម្បីឆ្លើយតប ស្របពេលប្រទេសកម្ពុជា មិនទាន់ខ្លាំង និងធន់ដែលពេលមានគ្រោះមហន្តរាយកើតឡើងគឺធនធានសម្រាប់យកទៅអភិវឌ្ឍគឺត្រូវបានដកយកមកឆ្លើយតប និងស្តារឡើងវិញ។
លោកបានពន្យល់ថា៖ «នៅពេលមានគ្រោះមហន្តរាយកើតឡើងនៅក្នុងប្រទេសនោះផែនការអភិវឌ្ឍន៍គឺត្រូវអាក់ខានហើយពេលខ្លះ ត្រូវលុបចោលឬត្រូវពន្យារពេលដោយសារតែថវិកាទាំងអស់នេះត្រូវដកយកទៅឆ្លើយតប និងស្តារឡើងវិញក្រោយមានគ្រោះមហន្តរាយ។ នេះជាឥទ្ធិពលនៃគ្រោះមហន្តរាយដល់ដំណើរការនៃការអភិវឌ្ឍព្រោះវាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដូច្នេះការអភិវឌ្ឍត្រូវតែគិតគូរជាមុនពីផលប៉ះពាល់ពីគ្រោះមហន្តរាយ»។
តាមការសិក្សាថ្មីៗដែលត្រូវបានដកស្រង់ដោយក្រសួងបរិស្ថានបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន ២,៥ ភាគរយនៅឆ្នាំ ២០៣០ និងរហូតដល់ ៩,៨ ភាគរយ នៅឆ្នាំ ២០៥០ ទោះបីជាការកើនឡើងសីតុណ្ហភាពសកលនៅក្រោម ២ អង្សាសេក៏ដោយ ហើយកម្ពុជាគឺជាប្រទេស ១ ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលតែងតែជួបប្រទះគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។
លោក សុទ្ធ គឹមកុលមុនី បានអះអាងថា ដើម្បីបង្ការ និងឆ្លើយតបការរាំងស្ទះ ការពន្យារពេល ឬការលុបចោលគម្រោងការអភិវឌ្ឍន៍ណាមួយរបស់ប្រទេស គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលត្រូវគិតគូរដាក់បញ្ចូលបញ្ហាគ្រោះមហន្តរាយពីការប្រែប្រួលអាកាសធាតុដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងបរិស្ថានពីឆ្នាំ ២០២០ បានឱ្យដឹងថា ប្រជាជនស្ទើរតែទាំងអស់នៅក្នុងប្រទេសគិតថា ការប្រែប្រួលអាកាសធាតុកំពុងតែកើតមានឡើងនៅកម្ពុជា ប៉ុន្តែមានប្រជាជនតែ ៥៦ ភាគរយប៉ុណ្ណោះ ដែលគិតថា ពួកគេបានត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹងការប្រែប្រួលនេះ។
លោក សែម សាវុធ មន្ត្រីកម្មវិធីសម្ព័ន្ធភាពអាកាសធាតុកម្ពុជា (CCCA) នៃក្រសួងបរិស្ថាន បានថ្លែងដែរថា មានតែការសម្របខ្លួន និងការបញ្ជ្រាបចំណេះដឹងជុំវិញដំណើរការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុចាប់ពីពេលនេះតទៅទេ ទើបអាចនាំឱ្យកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាគ្រោះមហន្តរាយនានាបានទាន់ពេលវេលា។
លោកបានបញ្ជាក់ថា៖ «បន្តលើកកម្ពស់ចំណេះដឹង និងគ្រប់គ្រងព័ត៌មានការប្រែប្រួលអាកាសធាតុតាមរយៈការផ្សព្វផ្សាយ និងការដាក់បញ្ចូលទៅក្នុងកម្មវិធីគ្រប់កម្រិត និងស្ថាប័នពាក់ព័ន្ធ។ លើកកម្ពស់សមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល ការចូលរួមគ្រប់ថ្នាក់ជាតិ និងអន្តរជាតិ»៕