ភ្នំពេញៈ សហព័ន្ធសហគ្រិនចិន ក្រៅប្រទេសប្រចាំខេត្តហឺណាន ប្រទេសចិន ដែលមានក្រុមហ៊ុនចិន ជាសមាជិកយ៉ាងតិច ៥០ ក្រុមហ៊ុន កំពុងសម្លឹងមើលឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ លើវិស័យចិញ្ចឹមសត្វជាពិសេសការចិញ្ចឹមគោជ្រូកក៏ដូចជា បើកឧស្សាហកម្មកែច្នៃសាច់សត្វទាំង២ ប្រភេទនេះ ដើម្បីជំរុញការនាំចេញទៅចិនវិញ។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងប្រាប់ដូចនេះនៅព្រឹកថ្ងៃទី៦ ខែកញ្ញា តាមរយៈប្រព័ន្ធវាត់អាប់ (WhatUp) ពីប្រទេសចិន ក្នុងឱកាសលោកដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅខេត្តហឺណាន។
លោកបានប្រាប់ឱ្យដឹងថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេមួយ នៅប្រទេសចិនផងដែរ។
លោកបាននិយាយទៀតថា លោក វ័ង ហ្គ័ងហ្គួ (Wang Guangguo) នាយកប្រតិបត្តិសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន បានប្តេជ្ញាជំរុញសហគ្រាសជាង ៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ ជ្រូកនិងការបង្កើតឧស្សាហកម្មកែច្នៃសាច់គោ និងសាច់ជ្រូក ផងដែរ។
លោក វ៉ី សំណាង ថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនៅខេត្តហឺណាន ប្រទេសចិន នាពេលនេះ គឺផ្អែកលើតម្រូវការក្នុងការបង្កើតឱកាសវិនិយោគ នៅក្នុងវិស័យផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការទទួលស្គាល់អំពីសារៈសំខាន់ក្នុងការអនុវត្ត កម្មវិធីសហការដ៏រឹងមាំ នៅក្នុងវិស័យសំខាន់ៗមួយចំនួន។
លោកបានបញ្ជាក់ថា៖«សហព័ន្ធសហគ្រិនចិន ក្រៅប្រទេសប្រចាំខេត្តហឺណាន ពិតជាមានបំណងលើកកម្ពស់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងវិនិយោគិនចិន នៅខេត្តកំពង់ស្ពឺ លើវិស័យកសិកម្ម,ពាណិជ្ជកម្ម, ថាមពលស្អាត យានយន្តអគ្គិសនី និង វិស័យផ្សេងៗទៀត»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទីក្រុងចឹងចូវ ប្រទេសចិន ជាទីផ្សារមួយដែលមានសក្តានុពលខ្លាំងសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលនានាក្នុងវិស័យកសិកម្ម និងការភ្ជាប់ទំនាក់ទំនងផ្នែកទេសចរណ៍ផងដែរ។
លោកថ្លែងថា៖«ខេត្តនេះ ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសចិន មានអំណោយផលសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្លួនមកកាន់ទីផ្សារមួយនេះ។ ការភ្ជាប់ទំនងទំនងល្អរវាងខេត្តហឺណាន ជាមួយកម្ពុជាយើង វាជាការជំរុញកំណើនទេសចរណ៍បន្ថែម ដើម្បីជាមធ្យោបាយស្តារវិស័យទេសចរណ៍យើងឡើងវិញ»។
លោក សុខ ទូច ថ្លែងថាក្នុងដំណើរទស្សនកិច្ចរបស់លោក និងក្រុមការងារទៅកាន់ខេត្តហឺណាន កន្លងមកមិនទាន់ទទួលលទ្ធផលជាផ្លែផ្កាអ្វីនៅឡើយទេ ដោយស្ថិតនៅក្នុងកម្រិតពិភាក្សាគ្នាជាមុនសិន មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង។
លោកថ្លែងដោយ រំពឹងថា កិច្ចពិភាក្សាលើកក្រោយ នឹងទទួលបានលទ្ធផលល្អ រវាងកិច្ចសហប្រតិបត្តិការរវាងខេត្តហឺណាន និងប្រទេសកម្ពុជា ជាពិសេសការជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍៕