
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងព័ត៌មាន។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងព័ត៌មានដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវិស័យព័ត៌មាន។
ក្នុងជំនួបនេះលោក នេត្រ ភក្ត្រា ថ្លែងថា ការប្រឆាំងព័ត៌មានក្លែងក្លាយ ជាបញ្ហារួមដែលបណ្តាប្រទេសទាំងអស់ត្រូវរួមគ្ នាក្នុងការទប់ស្កាត់ព្រោះព័ត៌មានក្លែងក្លាយ មានគ្រោះថ្នាក់សម្រាប់សង្គម។ លោក នឹងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យក្រសួងព័ត៌មានក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈ ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋកម្ពុជា និងអន្ដរជាតិ និងស្នើភាគីជប៉ុនជួយកម្ពុជាធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយផងដែរ។
លោក ថ្លែងថា៖«ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត ក្រសួងនឹងរៀបចំឱ្យមានស្តង់ដាប្រតិបត្តិជាតិរួមមួយនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្ត»។
លោក នេត្រ ភក្ត្រា ក៏បានថ្លែងដោយស្នើសុំភាគីជប៉ុន ជួយក្រសួងព័ត៌មានកម្ពុជាលើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយផងដែរ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងថា ជប៉ុននិងកម្ពុជាមានទំនាក់ទំនងល្អ និងមានសមិទ្ធផលជាច្រើននៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារផ្សព្វផ្សាយកាលពីឆ្នាំ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថាក្រសួងនឹងធ្វើទំនើបកម្មស្ថាប័នដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារនិងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន៕