ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចទទួលយកការស្នើសុំរបស់លោក សាយ បូរី អតីតឧត្តមប្រឹក្សាព្រះបរមរតនកោដ្ឋ និងជាអតីតមេធាវីការពារក្តីឱ្យលោក ខៀវ សំផន ឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្ស ដែលកំពុងកាន់អំណាច ក្រោយពីលោកបានលាលែងចេញពីគណបក្ស សឺន សាន តាំងពីឆ្នាំ១៩៩៥។
លោក ហ៊ុន សែន បានបង្ហាញសារតាមប្រព័ន្ធតេឡេក្រាម របស់លោកកាលពីថ្ងៃទី ៥ ខែកញ្ញាថា៖ «ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរី គណបក្សប្រជាជនកម្ពុជា នឹងទទួលបានបញ្ញាវន្ត ដែលជាទីគោរពនិងធនធានមនុស្សដ៏កម្របន្ថែមទៀត»។
លោក សាយ បូរី នៅថ្ងៃទី ៥ ខែកញ្ញា នេះដែរក៏បានបង្ហាញសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយបានបញ្ជាក់ថា លោកលាលែងចេញពីគណបក្សលោកតា សឺន សាន តាំងពីឆ្នាំ ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏នៅបន្តឯករាជ្យរហូត ដើម្បីបម្រើជាតិខ្មែរ។
លោកបានឱ្យដឹងថា៖ «ខ្ញុំយល់ច្បាស់អំពីមនោគមន៍វិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់ខ្ញុំទាំងស្រុង។ នៅព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ខ្ញុំបានផ្ញើសារគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញទឹកចិត្តរបស់ខ្ញុំ ចង់សុំចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា រួមគ្នាបន្តដំណើរកសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើនរបស់សង្គមឱ្យកាន់តែបានឆាប់រហ័ស»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្តុំនូវបញ្ញជនមកពីគ្រប់និន្នាការទាំងអស់ដែលមានបំណងចូលរួមអភិវឌ្ឍប្រទេសដែលមានសុច្ឆន្ទៈ ពិតប្រាកដ ក្នុងសង្គមមកចូលរួមការងារនយោបាយដឹកនាំស្រុកទេសជាមួយគ្នានេះ។
លោកបានប្រាប់ថា៖ «នេះ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា តែងតែធ្វើ (ហើយ) មួយវិញទៀត គណបក្សប្រជាជនកម្ពុជា មិនរើសអើងនយោបាយ ចំពោះគ្រប់ធនធានមនុស្សទាំងអស់ បើទោះបីធ្លាប់ធ្វើការងារនៅខាងណាក៏ដោយ ឱ្យតែបំណង ឬសុច្ឆន្ទៈជួយចូលរួមបម្រើជាតិ គឺគណបក្សប្រជាជនស្វាគមន៍ ហើយការប្រមូលផ្តុំបញ្ញជនជាទូទៅក្នុងយុគសម័យប្រកួតប្រជែងនេះ គឺជារឿងត្រឹមត្រូវ»៕