ភ្នំពេញៈ​កម្មវិធី​ពិព័រណ៍​ជំនាញ​ និង​ការងារ​ក្នុង​វិស័យ​ធនា​គារ ​(JOBS & SKILLS SUMMIT 2023) នឹង​ធ្វើ​ឡើង​នៅ​ទី​២៩-៣០ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ដែល​នឹង​មាន​ស្ថាប័ន​ធនា​គារ​ប្រមាណ​២០​ស្ថា​ប័ន​ចូល​រួមនិង​ផ្តល់​ការងារ​រាប់​ពាន់​កន្លែង​សម្រាប់​សិស្ស​និស្សិត​ទូទៅ​។​

​បើ​តាម​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​ថ្ងៃទី​៦ ​ខែកញ្ញា​ ឆ្នាំ​២០២៣ ​កម្មវិធី​ពិព័រណ៍​ជំនាញ​និង​ការងារ​ក្នុង​វិស័យ​ធនា​គារ​នេះ​ ត្រូវបាន​រៀបចំ​ឡើង​ដោយ​មាន​ការ​សហការ​ពី​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​,​សមាគ​ម​ធនា​គារ​នៅ​កម្ពុជា​,​វិទ្យាស្ថាន​ធនា​គារ​និង​ហិរញ្ញវត្ថុ ​(IBF)និង​សា​លា​ថេ​ក (Salatech Pte. Ltd)ក្នុង​គោល​បំណ​ងផ្តល់​ឱកាស​ការងារ​និង​តួនាទី​ដល់​និស្សិត​ ដើម្បី​ស្វែង​យល់​បន្ថែម រៀប​ចំ​ខ្លួន​ទទួល​បាន​ចំណេះ​ដឹង​និង​ឱកាស​ដើម្បី​ទទួល​បាន​ការងារ​ក្នុង ​វិស័យ​ធនា​គារ ​និង​ហិរញ្ញ​វត្ថុ​។​

​នា​សន្និ​សីទ​សារ​ព័ត៌​មាន​នោះ​លោក​ស្រី ផល ឆា​លម៍ ធានី អគ្គ​លេខាធិ​ការនៃ​សមា​គម​ធនា​គារ​នៅ​កម្ពុជា​បាន​ថ្លែង​ថា ​សមាគម​ធនា​គារ​នៅ​កម្ពុជា​ចាត់​ទុក​ការ​កសាង​សមត្ថ​ភាព​និង​ធនធាន​មនុស្ស​និង​ផ្នែក​អប់​រំជា​របៀបវារៈ​ចម្បង​មួយ​ក្នុង​ចំណោម​របៀប​វារៈ​ចម្បង​ផ្សេងៗ​ទៀត​របស់​សមា​គម​។

​លោក​ស្រី បាប​បញ្ជាក់​ថា​៖«​សមា​គម​បាន​បង្កើត​គណៈ​កម្មាធិ​ការ​អប់រំ​និង​បាន​ផ្តួច​ផ្តើម​បង្កើត​វិទ្យា​ស្ថាន​ធនា​គារនិង​ហិរ​ញ្ញវត្ថុ​នេះ ដើម្បី​លើក​កម្ពស់​ការអប់រំ​ក្នុង​វិស័យ​ធនា​គារ​និង​ហិរញ្ញ​វត្ថុដើម្បី​កំណើន​និង​និរន្តរភាព​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​សមា​គម​ធនា​គារ​នៅ​កម្ពុជា​នឹង​បន្ត​ការ​គាំទ្រ​នូវ​រាល់​កិច្ចការ​ទាំង​ឡាយ​ដែល​ផ្តល់​ប្រ​យោជន៍​ជូន​ទៅ​ដល់​វិស័យ​អប់រំ​ និងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​»​។​

​លោកស្រី​បាន​បន្ត​ថា វិទ្យា​ស្ថាន​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​បាន​អប់​រំនិង​បណ្តុះ​ប​​ណ្តាល​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​វិស័យ​ធនាគារ​ប្រមាណ​ជាង ​៤០ ​០០០ ​នាក់ រាប់​ចាប់ពី​ការ​កកើត​វិទ្យា​ស្ថាន​នៅ​ឆ្នាំ​២០១៨ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ។

​ជា​មួយគ្នា​នោះ​ដែរ ​លោក ហោ ប៉េង សា​កល​វិទ្យាធិ​ការនៃ​សាក​លវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រងក៏​បាន​លើក​ឡើង​ដែរ​ថា វិស័យ​ធនា​គារ និង​ហិរ​ញ្ញវត្ថុ​មាន​ការ​រីក​ចម្រើន​ខ្លាំង​គួរ​ឱ្យកត់​សម្គាល់​ដោយ​បាន​ជំរុញ​ឱ្យ​សា​កល​វិទ្យា​ល័យ​នេះ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​ស្ថា​ប័ន​រាជ​ដ្ឋា​ភិ​បាល ​ស្ថាប័​ន​ឯក ​ដូចជា​វិទ្យា​ស្ថាន​ធនា​គារ​និង​ហិរញ្ញវ​ត្ថុ (IBF) និង​សមា​គម​ធនាគារ​នៅ​កម្ពុជា​ជាដើម​ដើម្បី​ជំរុញ​ឱ្យ​មាន​ចំនួន​ធន​ធាន​មនុស្ស​ដែល​មាន​សមត្ថ​ភាព និង​មាន​ស្ដង់ដា​ ស្រប​ទៅនឹ​ង​តម្រូវ​ការ​ទីផ្សារ​ការងា​រ​ក្នុង​វិស័យ​នេះ​។

​លោក​បាន​ថ្លែង​ថា​៖«​យើង​ខិតខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​របស់ដើ​ម្បី​ធ្វើ​យ៉ាងណា​​ឱ្យ​ចេញ​ទៅ ​មាន​ទីផ្សារ​ការងារ​បា​ន​ច្រើន ​ដោយ​បាន​រៀបចំ​កែ​សម្រួល​កម្ម​វិធីសិក្សា​បំពេញ​បន្ថែម​ទៅ​តាម​សំណូម​ពរ​ និង​លក្ខខ​ណ្ឌ​របស់​បណ្តា​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ ឬក៏​ធនា​គារ​នា​ពេល​បច្ចុប្បន្ន​នេះ​»​។​

​លោក​បានប​ន្តថា ដោ​យសារក​ន្លង​ទៅ​មាន​និស្សិត​ជាច្រើន​ចេញទៅ​ធ្វើកា​រដែល​ខុសពី​ជំនាញ​ដែល​ខ្លួន​បាន​រៀន​នៅ​សា​កល​វិទ្យា- ល័យទើប​គណៈ​គ្រប់​គ្រង​សា​កល​វិទ្យា​ល័យ ​បាន​សម្រេច​បង្កើត​មជ្ឈ​មណ្ឌល​ការងារ​មួយ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​និស្សិត ​និង​ស្ថា​ប័ន​ក្រុម​ហ៊ុន​នានា​ជំរុញ​ឱ្យ​ការ​ជ្រើស​ការងារ​របស់​និស្សិត​ត្រូវ​ជំនាញ​ដែល​ខ្លួន​បាន​រៀន​។​

​ចំណែក​លោក​ សុខ​ លាភ ស្ថាប​និក​នៃ​សា​លា​ថេ​ក (Salatech Pte. Ltd) ដែល​ជា​ដៃគូ​របស់ ​IBF​បាន​ឱ្យ​ដឹង​ដែរ​ថា​ វិស័យ​ធនា​គារ​និង​ហិរញ្ញ​វត្ថុ​នេះ​ផ្តល់​ជូន​នូវ​ឱកាស​ការងារ​និង​តួនាទី​ជា​ច្រើន ​ប៉ុន្តែវិ​ស័យនេះ​ក៏​ទាម​ទារ​ជំនាញ​និង​សមត្ថ​ភាព​ផង​ដែរ​។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖«​ដូច្នេះ​ហើយ​ Skill and Job Summit គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​ដើម្បី​ស្វែង​យល់​បន្ថែម រៀបចំ​ខ្លួន​ទទួល​បាន​ចំណេះ​ដឹង​និង​ឱកាស​ដើម្បី​ទទួល​បាន ​ការងារ​ក្នុង​វិស័យ​ធនា​គារ ​និង​ហិរញ្ញ​វត្ថុ​ ដែល​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ដែល​មាន​ភាព​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​៕