គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជិត ១,៥ លានដុល្លារ ដល់កម្មករនិយោជិតជិត ៣៥ ០០០ ពាន់នាក់ ដែលបានព្យួរកិច្ចសន្យាការងារចាប់តាំងពីខែមេសាមក ខណៈលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ស្ថានភាពព្យួរកិច្ចសន្យាការងារបច្ចុប្បន្នមិនធ្ងន់ធ្ងរដូចក្នុងអំឡុងពេលវិបត្តិកូវីដទេ។
លោក ហេង សួរ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ កញ្ញាថា អំឡុងពេលនៃផលប៉ះពាល់បណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣ នេះ មានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ និងកម្មករនិយោជិតមួយចំនួន បានរងផលប៉ះពាល់ ដែលនាំឱ្យមានការព្យួរកិច្ចសន្យាការងារ។
លោកបានបន្តថា គិតក្នុងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ រោចក្រ សហគ្រាសមួយចំនួនធំបានបើកដំណើរការផលិតកម្មរបស់ខ្លួនជាប្រក្រតីឡើងវិញហើយ។ដោយឡែកមានរោងចក្រសហគ្រាសត្រឹមតែជាង ៤០ ក្នុងចំណោមរោងចក្រសហគ្រាសសរុបជាង១ ៣០០ ប៉ុណ្ណោះដែលកំពុងព្យួរកិច្ចសន្យាការងារដោយផ្នែកនិងរយៈពេលខ្លី ក្នុងនោះមានកម្មករនិយោជិតប្រមាណ ១៩ ០០០ នាក់។
លោកបានបញ្ជាក់ថា៖«ស្ថានភាពព្យួរកិច្ចសន្យាការងារនាពេលបច្ចុប្បន្ននេះ មិនធ្ងន់ធ្ងរដូចក្នុងអំឡុងពេលវិបត្តិកូវីដ១៩ទេ។ជាក់ស្តែងបើគិតក្នុងឆ្នាំ២០២០ជាមធ្យមមានរោងចក្រសហគ្រាសព្យួរកិច្ចសន្យាការងារក្នុងថ្ងៃប្រមាណជាង១០០ឬស្មើកម្មករនិយោជិតប្រមាណ៦ម៉ឺននាក់។ ប៉ុន្តែបច្ចុប្បន្ននេះ ចំនួនរោងចក្រសហគ្រាសដែលកំពុងព្យួរក្នុងថ្ងៃជាមធ្យមមានប្រមាណជាង៣០ដែលស្មើកម្មករនិយោជិតជាមធ្យមប្រមាណជាង១ម៉ឺននាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា មានកម្មករនិយោជិតប្រមាណជិត ៣៥ ០០០នាក់ បានទទួលប្រាក់ឧបត្ថម្ភនេះដែលស្មើថវិកាសរុបចំនួនជិត៦ពាន់លានរៀលឬប្រមាណជិត ១,៥ លានដុល្លារ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣មក។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់កម្មករនិយោជិតដែលបាត់បង់ការងារ ឬមានបំណងផ្លាស់ប្តូរការងារ ឱ្យស្វែងរកឱកាសការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA)ដែលអាចជួយស្វែងរកការងារជូនបងប្អូន ដោយឥតគិតថ្លៃ។
លោកបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាល មានទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដែលជួយស្វែងរកការងារ ជូនបងប្អូនដោយឥតគិតថ្លៃ ហើយជាមួយគ្នានេះបងប្អូនកម្មករនិយោជិតក៏អាចមកចុះឈ្មោះរៀនជំនាញបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ»។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជាសាទរចំពោះគោលនយោបាយដែលបានដាក់ចេញក្នុងន័យគាំទ្រដល់ជីវភាពកម្មករនិយោជិត ដែលកំពុងប្រឈមនឹងការព្យូរការងារក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែលោកថា ចំពោះក្រុមហ៊ុន ដែលបន្តព្យួរការងារលើសពីច្បាប់កំណត់ គួរតែផ្តល់ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ពេញដល់កម្មករ ហើយក្រសួងក៏គួរតែពិនិត្យមើលក្រុមហ៊ុនណាដែលប្រកាសព្យួរការងារកម្មករញឹកញាប់ដែលបង្កការខាតបង់ដល់កម្មករផងដែរ។
បន្ថែមពីនេះលោក អាត់ ធន់ ក៏ចង់ឱ្យរដ្ឋាភិបាល ធានានូវចំណែកទីផ្សារ និងការនាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកឱ្យបានច្រើន ជាពិសេសលទ្ធភាពរក្សាការអនុគ្រោះពន្ធ និងបង្កើនការងារក្នុងស្រុកឱ្យបានច្រើនតាមរយៈការបង្កើនទំនាក់ទំនងទៅប្រទេសផ្សេងទៀតផងដែរ។
លោកបានបញ្ជាក់ថា៖«ការបង្កើនការនាំចេញ និងបង្កើតការងារដល់កម្មករនិយោជិត គឺជារឿងសំខាន់ ព្រោះបើមិនដូច្នេះទេ ចំនួនការព្យួរអាចនឹងមានច្រើន ហើយផលនៃការបាត់បង់ការងារក៏ច្រើនដែលកម្មករពិតជាលំបាក ហើយគាត់នឹងមិនមានលទ្ធភាពអ្វីក្នុងការទទួលបានប្រាក់ឈ្នួលឬប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយផ្សេងៗនោះទេ ជាពិសេសកម្មករខ្លះ គាត់ជំពាក់លុយមីក្រូហិរញ្ញវត្ថុទៀត អ៊ីចឹងត្រូវតែបង្កើតការងារឱ្យបានច្រើន»។
ឆ្លើយតបនឹងបញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរច្បាស់លាស់ ហើយនៅតែមានទីផ្សារទៅកាន់បណ្តាប្រទេសនៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដដែល បើទោះជាកម្ពុជាគ្មានកត្តាអនុគ្រោះពន្ធក៏ដោយ។
លោកបានអះអាងថា រដ្ឋាភិបាលអាណត្តិថ្មី ក៏នៅតែរក្សាគោលជំហរដដែលក្នុងការមិនយកអធិបតេយ្យជាតិទៅដោះដូរនឹងជំនួយជាមួយប្រទេសណាជាដាច់ខាត ដោយលោកថ្លែងថា រដ្ឋាភិបាលនឹងប្រឹងប្រែងប្រកួតប្រជែងបន្ថែមទៀត ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារពិភពលោក។
លោកបានបញ្ជាក់ថា៖ «សូមកុំច្រឡំថា ការកាត់ EBA និងGSP មានន័យថា កម្ពុជា បាត់ការងារនោះ។ កម្ពុជា នៅតែអាចនាំចេញទៅអឺរ៉ុប និងអាមេរិកដដែល គ្រាន់តែក្នុងលក្ខណៈប្រកួតប្រជែងដូចគេដូចឯង និងបង់ពន្ធ។ យើងអត់មានបាត់ទីផ្សារទេ»៕