កំពង់ធំៈ ដោយមើលឃើញពីភាពខ្វះខាតទីតាំងសម្រាប់រក្សាទុកវត្ថុតាងបទល្មើសនេសាទ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានគាំទ្រថវិកាសម្រាប់ការសាងសង់ផែបណ្តែតទឹកថ្មី ១ នៅជិតស្នាក់ការរងបរិស្ថានក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា។
អង្គការនេះបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញាថា ផែបណ្តែតទឹកថ្មីនោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស សហការជាមួយអ្នកស្ម័គ្រចិត្តនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាធ្វើការសាងសង់ នៅក្បែរស្នាក់ការរងបាឡត សម្រាប់ទុកដាក់វត្ថុតាងបទល្មើដែលប្រមូល និងរឹបអូសបានក្រោយពេលចុះល្បាត។
អង្គការនេះបញ្ជាក់ថា៖«ការសាងសង់នេះធ្វើឡើង តាមរយៈថវិកាគាំទ្ររបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ដោយសង្កេតឃើញពីកង្វះនូវទីតាំងសមស្រប សម្រាប់រក្សាទុកវត្ថុតាងបទល្មើស ក្នុងសកម្មភាពការអនុវត្ដពង្រឹងច្បាប់របស់មន្រ្ដីឧទ្យានុរក្សកន្លងមក»។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បញ្ជាក់បន្ថែមថា អង្គការបាននិងកំពុងគាំទ្រមន្រ្ដីឧទ្យានុរក្សប្រចាំតំបន់រ៉ាមសារបឹងទន្លេឆ្មារលើការគ្រប់គ្រងតំបន់នេះ ដោយធ្វើការបង្ហាត់បង្ហាញចំណេះដឹង សមត្ថភាពពាក់ព័ន្ធ នឹងការល្បាតឱ្យមានប្រសិទ្ធភាពប្រចាំខែលើការអនុវត្តច្បាប់ ព្រមទាំងតាមដានជីវចម្រុះនៅតំបន់នោះផងដែរ។
អង្គការនេះលើកឡើងថា៖«យើងសង្ឃឹមថា ផែបណ្ដែតទឹកនេះ នឹងរួមចំណែកក្នុងការរក្សាទុកវត្ថុតាង និងជួយគាំទ្រលើសកម្មភាពពង្រឹងច្បាប់របស់មន្រ្ដីឧទ្យានុរក្ស ក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ»។
លោក អ៊ុច សុខា មេឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំបានឱ្យដឹងថា នៅក្នុងឃុំពាមបាងមានកន្លែងការងារមន្ត្រីបរិស្ថានចំនួន៣កន្លែង ទី១គឺការិយាល័យអភិរក្សបរិស្ថាន ដែលស្ថិតក្នុងភូមិដូនស្តើង ឃុំពាមបាង នៃស្រុកស្ទោង ទី២គឺស្នាក់ការរងបាឡត ដែលស្ថិតនៅភូមិបាឡត ឃុំពាមបាង និងទី៣ គឺស្នាក់ការរងបរិស្ថាននៅភូមិពៅវើយ នៃឃុំពាមបាង។ លោកបញ្ជាក់ថា ផែបណ្តែតទឹកថ្មីដែលទើបធ្វើឡើងនេះ គឺដាក់នៅជិតស្នាក់ការរងបាឡត។
បើតាមលោកមេឃុំពាមបាង ផែបណ្តែតទឹកថ្មីនេះជាជំនួយថ្មី១ ដែលមិនធ្លាប់មាន ហើយតាមរយៈផែថ្មីនេះនឹងបង្កភាពងាយស្រួលសម្រាប់ការរក្សាទុកដាក់វត្ថុតាង បទល្មើសផ្សេងៗពេលមន្ត្រីជំនាញល្បាត និងឃាត់បានពីការប្រព្រឹត្តបទល្មើស។ លោកមេឃុំថា ក្រោយពេលអាជ្ញាធរខេត្តបានបង្កើតទីបញ្ជាការស្រាលនៅទីនេះ កន្លងមករយៈពេលជាង២ឆ្នាំហើយដែល ការរក្សាទុកវត្តុតាងបទល្មើស ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅកន្លែងតែ១គឺ នៅទីបញ្ជាការស្រាលនៃឃុំពាមបាង។
លោកថ្លែងថា៖«ពីមុនអត់ទាន់មានផែបណ្តែតទឹកអ៊ីចឹងទេ គឺកាលនោះក្រោយពេលបង្កើតទីបញ្ជាការស្រាលមក គេយកមកដាក់រួម ការចាប់បានវត្ថុតាងបទល្មើផ្សេងៗគ្នា តែគេយកមកដាក់រួម១កន្លែងគឺនៅទីបញ្ជាការស្រាលហ្នឹង»។
លោក អ៊ុច សុខា ប្រាប់ថា កម្លាំងទីបញ្ជាការស្រាលគឺចំណុះឱ្យអាជ្ញាធរខេត្ត ដែលមានកម្លាំងប្រដាប់អាវុធចម្រុះ ចុះធ្វើសកម្មភាពល្បាតជាប្រចាំឃ្លាំមើល និងបង្ក្រាបបទល្មើសនេសាទផ្សេងៗដែលកើតមានឡើងក្នុងឃុំពាមបាងនេះ។
លោក ជ័យ ចាន់គង់ អនុប្រធានទីបញ្ជាការស្រាលឃុំពាមបាងបានឱ្យដឹងថា មានវត្ថុតាងបទល្មើសជាច្រើនកំពុងរក្សាទុកនៅទីបញ្ជាការស្រាលក្នុងឃុំពាមបាងនេះ ប៉ុន្តែមិនមានការសរុបទិន្នន័យរួមថា ចំនួនប៉ុន្មាននោះទេ។ វត្ថុតាងទាំងនេះត្រូវបានប្រមូលមកពីការចុះល្បាតនិងបង្ក្រាបនៅទីតាំងផ្សេងៗគ្នា ទៅតាមគោលដៅនៃមន្ត្រីជំនាញរួមមានទាំងមន្ត្រីបរិស្ថាន កងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាវុធហត្ថផងដែរ។
ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹង និងការអភិរក្សធនធានធម្មជាតិនៅខេត្តកំពង់ធំនេះដែរ ក្នុងពេល ថ្មីៗនេះអង្គការជីវិតធម្មជាតិនៅកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឱ្យមានអេកូក្លិបប្រចាំឃុំផាត់សណ្តាយ ឃុំផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ ផងដែរ។ ក្រុមអេកូក្លិបនេះមានសមាជិក ៨៥ រូប សុទ្ធតែជាសិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យផាត់សណ្ដាយ ដែលអ្នកទាំងនោះនឹងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីការងារអភិរក្សធម្មជាតិក្នុងសហគមន៍របស់ពួកគេ៕