ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានប្រកាសថា ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌មកកម្ពុជាវិញពីសំណាក់រដ្ឋាភិបាលបារាំងជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង ២ ខណៈសាស្ត្រាចារ្យប្រវត្តិសាស្ត្រលើកឡើងថា ជាសមានចិត្តដ៏មានគុណធម៌។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងនៅថ្ងៃទី ៥ ខែកញ្ញា បានឱ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងលោកកេត សោផាន់ បានទទួលចម្លាក់លិប ១ ផ្ទាំងដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន ដែលពិធីប្រគល់នេះធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និងសិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក កេត សោផាន់ បានថ្លែងអំណរគុណដល់អាជ្ញាធរបារាំងពាក់ព័ន្ធទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ។ឯកអគ្គរាជទូតកម្ពុជាបានលើកឡើងថា ការប្រគល់ចម្លាក់នេះជាតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែកនៃដួងព្រលឹងអាណាចក្រខ្មែរ ហើយក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និងអត្តសញ្ញាណខ្មែរផងដែរ។
លោកកេត សោផាន់ បានបញ្ជាក់ថា៖«ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង»។
សូមបញ្ជាក់ថា ចម្លាក់លិបនេះធ្វើពីថ្មភក់មាន ៥ បំណែក កសាងឡើងនៅសតវត្សរ៍ទី ១២ ឬទី ១៣ មានទម្ងន់ប្រហែល ៣០០ គីឡូក្រាមដែលអាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទបន្ទាយឆ្មារ។
ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ និងត្រូវបានរឹបអូសនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណ ១ កន្លែង នៅទីក្រុងលីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ ២០២០។
ជុំវិញការប្រគល់វត្ថុបុរាណនេះ លោកសំបូរ មាណ្ណារ៉ា សាស្ដ្រាចារ្យប្រវត្តិសាស្ដ្របានថ្លែងថា ការប្រគល់នេះ គឺជាសមានចិត្តដ៏មានគុណធម៌ប្រកបដោយកិត្តិយសណាស់ដែលបារាំងបានយល់ពីតម្លៃសម្បត្តិវប្បធម៌មនុស្សជាតិ។
លោកបានបញ្ជាក់ថា៖ «នេះគឺជាផ្នែកមួយនៃប្រទេសបារាំងដែលបានធ្វើមកដល់ប្រទេសកម្ពុជាយើងក្នុងកិច្ចការអភិរក្សវប្បធម៌តាមរយៈការស្រាវជ្រាវ បង្ការ ការតម្កល់ទុក ហើយថ្ងៃនេះបារាំងបានផ្តល់ឱ្យវិញនូវវត្ថុបុរាណដែលមានសម័យកាលក្នុងទសវត្សរ៍ ១២ និង ១៣ នៃសម័យអង្គរ»។
លោកបានបញ្ជាក់ទៀតថា៖«ចំណុចទាំងអស់នេះហើយដែលយើងគិតថា ពិភពលោកទាំងមូលក៏មានសមានចិត្តដូចគ្នា ដូចដែលយើងបានដឹងហើយកន្លងមកក៏មានសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសដទៃទៀតបានប្រគល់វត្ថុបុរាណមកឱ្យប្រទេសកម្ពុជា»។
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រដដែលនេះ ក៏បានលើកឡើងដែរថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពរស់នៅមានការចុះសម្រុងគ្នាក្នុងសង្គម ទើបគេផ្តល់ឱ្យត្រឡប់មកវិញនូវវត្ថុបុរាណទាំងអស់នោះ ដែលនេះជាការដង្ហោយហៅរបស់ដូនតាខ្មែរក្នុងការផ្សំផ្គុំនូវធាតុពិតនៃគ្រឹះរបស់ជាតិដែលកូនចៅជំនាន់ក្រោយត្រូវរៀនសូត្រ៕