ភ្នំពេញៈ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានប្រាប់ឱ្យដឹងថា គណបក្សកំពុងរៀបចំឯកសារឡើងវិញ ដើម្បីដាក់សំណើសុំជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មីម្តងទៀត ដើម្បីពិភាក្សាពាក់ព័ន្ធការចុះបញ្ជីគណបក្សនយោបាយ។
ការស្នើសុំជួបនេះក្នុងគោលបំណងដើម្បីពិភាក្សាលើការរកដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ បន្ទាប់ពីត្រូវបានបដិសេធទទួលយកសំណើកាលពីរាជរដ្ឋាភិបាលអាណត្តិទី៦។
លោករ៉ុង ឈុនបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ ថា៖ «កាលមុនបោះឆ្នោត យើងបានស្នើទៅក្រសួងមហាផ្ទៃតែគេថា ចាំបោះឆ្នោតហើយ។លុះបោះឆ្នោតហើយ នៅថ្ងៃទី២ ខែសីហាគណបក្សបានដាក់ម្តងទៀតមន្រ្តីនៃក្រសួងមហាផ្ទៃមិនទទួលទេប៉ុន្តែបានប្រាប់មកវិញថា ចាំបង្កើតរដ្ឋាភិបាលថ្មីហើយ»។
លោកបានបន្តថា ៖ «មកដល់ពេលនេះការបង្កើតរាជរដ្ឋាភិបាលក៏បានបង្កើតរួចហើយដែរដូចនេះគណបក្សយើងនឹងដាក់សំណើសុំជួបម្តងទៀតក្នុងពេលឆាប់ៗខាងមុខនេះ តែយើងមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកផាតសុផានិតនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាមថាចំពោះលោកផ្ទាល់ មិនមានយោបល់អ្វីនោះទេចំពោះសំណើផ្សេងៗរបស់គណបក្សនយោបាយ។
លោកបានបញ្ជាក់ថា ៖«ក្រសួងនឹងពិនិត្យលើសំណើរបស់គ្រប់បណ្តាគណបក្សនយោបាយដែលដាក់មកក្រសួង ហើយនឹងចាត់ចែងអនុវត្តទៅតាមអ្វីដែលច្បាប់អនុញ្ញាត»។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធមិនទទួលស្គាល់និង
មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីខែកក្កដាកន្លងទៅឡើយ ដោយសំអាងថា មិនមានឯកសារគ្រប់គ្រាន់។
លោក រ៉ុង ឈុនបានអះអាងជាថ្មីផងដែរថាគណបក្សភ្លើងទៀន នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយជាមួយក្រសួងមហាផ្ទៃហើយសង្ឃឹមថា ក្រសួងនឹងផ្ដល់ដំណោះស្រាយបញ្ហានេះដើម្បីគណបក្សយកមកប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់នៅពេលខាងមុខ៕