ភ្នំពេញៈ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅពាក់កណ្តាលខែតុលាខាងមុខនេះ ក្រសួងទេសចរណ៍ បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានីខេត្ត ធ្វើការសហការជាមួយនឹងអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យផងដែរ។
ការណែនាំនេះត្រូវបានធ្វើឡើងដោយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន តាមរយៈសារាចរណែនាំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈសារាចរនេះ លោក សុខ សូកេន បានលើកឡើងថា ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣-១៤ និង១៥ ខែតុលា មន្ទីរទេសចរណ៍រាជធានីខេត្តត្រូវសហការជាមួយស្ថាប័ន និងអ្នកពាក់ព័ន្ធពិនិត្យមើលពីផលិតផល និងសេវាកម្មទេសចរណ៍នានាឱ្យបានត្រឹមត្រូវ។
លោកបានបញ្ជាក់ថា ៖ «រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
លោកក៏បានស្នើឱ្យគ្រប់មន្ទីរទេសចរណ៍ទាំងអស់ ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីណែនាំ ម្ចាស់មូលដ្ឋានអាជីវកម្ម អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យទាំងអស់គ្នា។
លោក សុខ សូកេន បានលើកឡើងតាមរយៈសារាចរនេះថា ៖ «ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់នានា»។
សូមបញ្ជាក់ផងដែរថា រៀងរាល់ឆ្នាំក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងទេសចរណ៍តែងតែចេញសារាចរណែនាំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ដោយតម្រូវឱ្យរក្សាតម្លៃផលិតផលនិងសេវាកម្មបានសមរម្យ។
ទាក់ទងនឹងសារាចរនេះដែរ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏ធ្លាប់បានចេញសេចក្តីណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវណែនាំ និងអប់រំយុវជន យុវជនារី កុមារា កុមារី ព្រមទាំងសមាសភាពផ្សេងៗទៀត យល់ពីខ្លឹមសារនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋ ត្រូវធ្វើខ្លួនឱ្យស័ក្តិសមជាពុទ្ធសាសនិកជនដ៏ល្អពិតប្រាកដ ដោយមិនបង្កសកម្មភាពនាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗធ្វើឱ្យខូចរបៀបរៀបរយ បាត់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ជាយថាហេតុផងដែរ»៕