ភ្នំពេញៈលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនទៀត ដែលត្រូវអនុវត្ត គឺការគ្រប់គ្រងសំណល់ទីក្រុងនិងជនបទ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកខណៈបច្ចុប្បន្ន ក្រសួងបាននិងកំពុងបើកយុទ្ធនាការតាមសាលារៀនទូទាំងប្រទេស កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
លោក អ៊ាង សុផល្លែត បានថ្លែងដូចនេះក្នុងជំនួបពិភាក្សាការងារស្តីពីកិច្ចការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកអ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) និងសហការី កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣។
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានលោកUENO Atsushi បានលើកឡើងថា ជប៉ុនគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាដែលធានាបាននូវចីរភាពបរិស្ថាន និងការត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង។ នាឱកាសនោះដែរ លោកក៏បានរំលេចឡើងពីជំនួយឥតសំណងសម្រាប់អនុវត្តគម្រោង ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជារបស់ជប៉ុនដែលបានផ្តល់ជូនកម្ពុជា គឺតាមរយៈអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដំណាក់កាលទី១។
បើតាមក្រសួង លោកUENO Atsushiបញ្ជាក់ថាលោកសន្យាបន្តគម្រោងដំណាក់កាលទី២និងតាមរយៈភាពជាដៃគូ ជាមួយទីក្រុងអូសាកា ប្រទេសជប៉ុន និងផ្តល់ជូនក្រសួងបរិស្ថាននូវរថយន្តដឹកសំរាមបន្តទៀត ដើម្បីគ្រប់គ្រងសំណល់នៅតំបន់ជនបទ។
សូមរំឭកផងដែរថារដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិក ដែលចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជាដើម្បីលើកកម្ពស់ និងគាំទ្រដល់វដ្ដនៃការផលិត គ្រប់គ្រង ប្រើប្រាស់ និងបោះចោលប្លាស្ទិកនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។
គោលបំណងនៃការផ្ដល់ជំនួយនេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រតាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។
លោក អ៊ាង សុផល្លែត បានសម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជប៉ុន ជាពិសេសជាមួយក្រសួងបរិស្ថាន។ លោកមានប្រសាសន៍ថា ៖ «ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការកំណត់ជាយុទ្ធសាស្រ្តដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។
លោកបានបន្ថែមថា កិច្ចការអាទិភាពរបស់ក្រសួងលើការងារគ្រប់គ្រងសំណល់ទីក្រុង និងជនបទការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកការប្រើប្រាស់ធនធានកកើតឡើងវិញ ការដាំដើមឈើដើម្បីបង្កើនគម្របព្រៃ និងការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារ។
បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងបើកយុទ្ធនាការជាមួយសិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
លោកហួឆៃងន់ ស្ថាបនិកក្រុមយុវជនស្ម័គ្រចិត្តបរិស្ថាន ក្រៀលកម្ពុជា បានថ្លែងនៅថ្ងៃទី៧ ខែកញ្ញាថា គម្រោងរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញជាអាទិភាពមកនេះ អាចនឹងមានការចូលរួមច្រើន ប្រសិនបើមានការបង្កើតភាពរីករាយបន្ថែមទៅដល់ទឹកចិត្តយុវជន និងសិស្សសាលា។
លោកថា៖«ក្រសួងគួរតែបញ្ចូលបន្ថែមនូវក្រុមមនុស្សល្បីៗដែលជាយុវជន ឬសិស្សសាលា ឱ្យចូលរួមជាមួយនឹងសកម្មភាពរបស់ក្រសួងនិងការសហការនានា»។
លោក ហួ ឆៃងន់ បន្ថែមទៀតថា ក្រសួងបរិស្ថានគួរតែសហការជាមួយនឹងម្ចាស់អាជីវកម្មឱ្យមានការគាំទ្រលើការការពារបរិស្ថាន ដោយនាំចូល ឬលក់របស់ណាដែលអាចប្រើប្រាស់ឡើងវិញបានដែលអាចរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ៕