ភ្នំពេញៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងដាក់ពង្រាយនិស្សិតស្ម័គ្រចិត្តនៅតាមបណ្តាលខេត្ត ដើម្បីបន្សុទ្ធពូជស្រូវជាមួយកសិករ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីលើកស្ទួយសមត្ថភាពប្រកួតប្រជែងក្នុងវិស័យស្រូវអង្ករកម្ពុជា។នេះបើតាមលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងដាក់ពង្រាយនិស្សិតស្ម័គ្រចិត្តនៅតាមបណ្តាខេត្តមួយចំនួន ដែលតាមផែនការនឹងដាក់ចំនួន ២០០ នាក់ ប៉ុន្តែបច្ចុប្បន្ន ដាក់បានចំនួន ១៨០ នាក់ និងកំពុងបន្តជ្រើសរើសបន្ថែមទៀត រហូតគ្រប់ចំនួន ដែលគ្រោងទុកនោះ។ និស្សិតទាំងនោះនឹងចុះធ្វើការងារជាមួយប្រជាកសិករនៅសហគមន៍មូលដ្ឋាន ក្នុងការកសាងប្រព័ន្ធពូជស្រូវ ធ្វើយ៉ាងណាឱ្យកសិករដាំស្រូវពូជសុទ្ធល្អ ដើម្បីលើកស្ទួយសមត្ថភាពការប្រកួតប្រជែងនៃវិស័យស្រូវអង្ករកម្ពុជា។
លោកថ្លែងថា៖«ពួកគាត់ហ្នឹងគឺចូលរួមក្នុងការកសាងប្រព័ន្ធពូជមេ ព្រោះថា ប្រព័ន្ធពូជមានផ្នែកវាមានធាតុសំខាន់ៗទី១គឺអ្នកផលិតពូជសុទ្ធ អ៊ីចឹងគាត់ធ្វើការជាមួយសហគមន៍ ដើម្បីគាំទ្រឱ្យគាត់ផលិតពូជសុទ្ធ ដែលគេហៅថាពូជវិញ្ញាបនបត្រ»។
លោក យ៉ង សាំងកុមារ បន្ថែមថា មួយវិញទៀត និស្សិតស្ម័គ្រចិត្តមានភារកិច្ចគាំទ្រដល់កសិករនៅសហគមន៍ ដែលប្រើប្រាស់ពូជសុទ្ធហ្នឹង ដើម្បីផលិតស្រូវគេហៅថាស្រូវចំណីហ្នឹងដើម្បីលក់ឱ្យរោងម៉ាស៊ីន ព្រោះរោងម៉ាស៊ីនគេត្រូវការស្រូវដែលប្រើប្រាស់ពូជសុទ្ធដើម្បីកិនទៅបានជាអង្ករល្អសម្រាប់ការនាំចេញ»។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការនៃក្រសួងកសិកម្ម ប្រាប់ថា និស្សិតស្ម័គ្រចិត្តក៏មានភារកិច្ចផ្សារភ្ជាប់អ្នកផលិតស្រូវដែលប្រើប្រាស់ពូជសុទ្ធ ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ ដើម្បីរៀបចំឱ្យមានកិច្ចសន្យាកសិកម្ម រវាងរោងម៉ាស៊ីននិងអ្នកដែលផលិតពូជសុទ្ធ។ លោកថ្លែងថា៖«អ៊ីចឹងប្រព័ន្ធហ្នឹងវាចងជាប់គ្នា អ្នកប្រើប្រាស់ពូជសុទ្ធដើម្បីផលិតស្រូវចំណី និងអ្នកដែលទិញស្រូវដែលផលិតដោយប្រើប្រាស់ពូជសុទ្ធហ្នឹង យកមកកែច្នៃជាអង្ករសម្រាប់នាំចេញ»។
បើតាមលោក យ៉ង សាំងកុមារ ចំពោះពូជស្រូវ ដែលត្រូវផលិតជាអង្ករល្អសម្រាប់នាំចេញគឺផ្តោតទៅលើពូជអង្ករក្រអូបបាយទន់ ពោលគឺពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូបសូន្យ១ ដែលហៅថា SK០១។ លោកថា សមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា ពិសេសបំផុតគឺមានឧត្តមភាពលើអង្ករដែលមានគុណភាពខ្ពស់ទាំង២ ប្រភេទនេះ។
លោកថ្លែងថា៖«ដើម្បីឱ្យឧត្តមភាពនេះស្ថិតស្ថេរបានយូរអង្វែងល្អយើងត្រូវពង្រឹងនូវគុណភាពពូជហ្នឹងដើម្បីធ្វើម៉េចឱ្យមានពូជសុទ្ធល្អ បានច្រើនគ្រប់គ្រាន់យកមកប្រើប្រាស់ក្នុងការផលិតស្រូវពូជដើម្បីកែច្នៃនាំចេញ»។
លោកបន្ថែមថា ជាមួយគ្នានេះរោងម៉ាស៊ីនកិនស្រុវក៏ត្រូវមានទុនគ្រប់គ្រាន់ដើម្បីប្រមូលទិញស្រូវដែលប្រើប្រាស់ពូជសុទ្ធឱ្យបានទាន់ពេលវេលា ផងដែរ ដើម្បីយកមកស្តុកទុក កែច្នៃ ជាពិសេសគឺពូជផ្ការំដួលដែលកសិករត្រូវច្រូតក្នុងរយៈពេលខ្លី តែម្តងក្នុង១ឆ្នាំ គឺក្នុងអំឡុងខែវិច្ឆិកា។
ក្នុងពិធីសំណេះសំណាលនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឱ្យក្រុមនិស្សិតជំនាញកសិកម្ម យកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ពីការងារផលិតពូជស្រូវ។ ជាមួយគ្នានោះដែរ និស្សិតហាត់ការត្រូវមានភាពក្លាហាន ភាពវៃឆ្លាត និងចេះរៀនរស់ជាមួយនឹងបរិបទខាងក្រៅ។
លោករដ្ឋមន្ដ្រីក្រសួងកសិកម្មបញ្ជាក់ថា ភាពវៃឆ្លាតនេះនឹងក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេលអនាគត។លោករដ្ឋមន្ត្រីកសិកម្មលើកឡើងថា វត្តមានរបស់និស្សិតស្ម័គ្រចិត្តកសិកម្មនៅតាមសហគមន៍ និងនៅតាមឃុំនីមួយៗ នឹងរួមចំណែកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕