ភ្នំពេញ : ដើម្បីរំឭកដល់ខួបមរណភាពរបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊ីត រីចនើ (Beat Richner) មជ្ឈមណ្ឌលបុប្ផាណា នឹងដាក់បញ្ចាំងភាពយន្ដឯកសារក្រោមចំណងជើងថា «...ពេលវេលានៅតែបន្ដ» ឬ (...And the Beat Goes on) នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ខាងមុខនេះ នៅមជ្ឈមណ្ឌលបុប្ផាណា វេលាម៉ោង ៥ ល្ងាច។
លោក អាន សុភត្រា អនុប្រធានផ្នែកបណ្ណសារ នៃមជ្ឈមណ្ឌលបុប្ផាណា បានឱ្យដឹងថា៖ «ភាពយន្ដឯកសារនេះបានរៀបរាប់ពីលោកវេជ្ជបណ្ឌិត ប៊ីត រីចនើ និងការងារដ៏ស្វិតស្វាញរបស់លោក ដើម្បីជួយដល់វិស័យសុខាភិបាល ជាពិសេស ដើម្បីជួយព្យាបាលជំងឺកុមាររាប់លាននាក់នៅប្រទេសកម្ពុជា ដោយឥតបង់ថ្លៃ»។
លោកបានបន្ដថា ក្រោមទឹកចិត្តដ៏ធំធេងនេះ លោកវេជ្ជបណ្ឌិត រីចនើ បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន គ្រួសារ និងអ្វីៗជាច្រើនទៀត រហូតដល់លោកចែកឋាន។
ការចាក់បញ្ចាំងភាពយន្តឯកសារនេះ គឺជាការរំឭកការចងចាំចំពោះលោកវេជ្ជបណ្ឌិត ជនជាតិស្វ៊ីស ដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិត ដើម្បីប្រជាជនកម្ពុជា។
លោក សុភត្រា បាននិយាយថា លោកវេជ្ជបណ្ឌិត ប៊ីត រីចនើ គឺជាសប្បុរសជន និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ ខ្សែភាពយន្ដឯកសារ «...ពេលវេលានៅតែបន្ដ» បានរៀបរាប់ពីជីវិត និងការងាររបស់លោកវេជ្ជបណ្ឌិត ដែលបានរៀបចំជួសជុលឱ្យមន្ទីរពេទ្យគន្ធបុប្ផាទី១ មានដំណើរការឡើងវិញ និងបានកសាងមន្ទីរពេទ្យគន្ធបុប្ផាទី២ ដើម្បីជួយព្យាបាលជំងឺដល់កុមារដោយឥតបង់ថ្លៃ។
លោកបានលើកឡើងថា គន្ធបុប្ផា គឺជាឈ្មោះមន្ទីរពេទ្យដែលបានកសាងឡើងដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្ដ្រនិយម ដើម្បីឧទ្ទិសដល់ព្រះរាជបុត្រីរបស់ទ្រង់ដែលបានសោយទីវង្គតទៅ មានព្រះនាមថា នរោត្តម គន្ធបុប្ផា។
អនុប្រធានផ្នែកបណ្ណសារនៃមជ្ឈមណ្ឌលបុប្ផាណា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្រោយមក លោកវេជ្ជបណ្ឌិត ប៊ីត រីចនើ ទទួលបានប្រាក់ពីសប្បុរសជននានា ដើម្បីបង្កើតមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប (សម្ពោធឆ្នាំ១៩៩៩) ដើម្បីរួមចំណែកក្នុងការព្យាបាលជំងឺកុមារនៅក្នុងខេត្តសៀមរាប និងខេត្តជិតខាង»។
ភាពយន្ដឯកសារ «...ពេលវេលានៅតែបន្ត» ត្រូវបានផលិតឡើងដោយផលិតករជនជាតិបារាំងកាត់ស្វ៊ីស លោក Georges Gachot។
ជាអ្នកផលិតខ្សែភាពយន្ត សម្រាប់ការផ្សាយពាណិជ្ជកម្ម និងជាជំនួយការបច្ចេកទេសសំឡេង លោក Gachot ក៏បានផលិតខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ "Journey of Hope" ដឹកនាំដោយ Xavier Koller ក្នុងឆ្នាំ១៩៩០ ផងដែរ។ ចន្លោះឆ្នាំ១៩៩៦ និង ២០១២ លោក Gachot ក៏បានដឹកនាំភាពយន្តឯកសារចំនួន ៥ អំពីប្រទេសកម្ពុជា។
លោក សុភត្រា បានបន្ថែមថា ខ្សែភាពយន្ដឯកសារដែលមានរយៈពេល ៦៥ នាទីនេះ និយាយអំពីកំណើនកុមារកំពុងឈឺ និងបុរសម្នាក់គឺលោកវេជ្ជបណ្ឌិត ប៊ីត រីចនើ ដែលខំប្រឹងតស៊ូយ៉ាងស្វិតស្វាញទៅនឹងការព្យាបាលជំងឺកុមាររាប់លាននាក់។ លោកវេជ្ជបណ្ឌិត រៃអង្គាសប្រាក់ដើម្បីជួយកសាងមន្ទីរពេទ្យសម្រាប់សង្គ្រោះកុមារកម្ពុជា៕