​ភ្នំពេញៈ លោក គីម ជីន ព្យូ ប្រធានរដ្ឋសភា​កូរ៉េ បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការបង្កើត​នូវ​រាជរដ្ឋាភិបាល​និង​រដ្ឋសភា​អា​ណ​ត្តិ​ថ្មី​របស់​កម្ពុជា ដែល​លោក​ថា ​«​ជា​អ្នក​បន្តវេន​ពោរពេញ​ដោយ​ថាមពល នៅក្នុង​ការកសាង អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​»​។​

​ជាមួយគ្នានេះ លោកស្រី ឃួន​ សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា បានស្នើ​លោក ​គីម ជីន ព្យូ (Kim JinPyo)​ ជួយ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​កម្ពុជា និង​សា​ធារ​ណ​រដ្ឋ​កូរ៉េ ឱ្យ​កាន់តែ​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​ទាំង​ស្ថាប័ន​នីតិ​​ប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ពោល​ធ្វើយ៉ាងណា​ឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង ​២ បាន​ឈានដល់ «​ដៃគូ​សហប្រតិបត្តិការ​យុទ្ធ​សា​ស្ត្រ​គ្រប់​ជ្រុងជ្រោយ​» រួមទាំង​វិនិយោគ និង​ពាណិជ្ជកម្ម​។​

​សំណើ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ទ្វេភាគី នៅ​ថ្ងៃទី ​៧ ​ខែកញ្ញា ឆ្នាំ ២០២៣ នៅ​វិមាន​រដ្ឋសភា ក្នុងអំឡុង​ពេលដែល​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​ ៤ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ​៦ ដល់​ថ្ងៃទី​ ៩ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បី​ពង្រឹងពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​ស្ថាប័ន​នីតិប្រតិបត្តិ នៃ​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​រដ្ឋសភា​ដែល​បាន​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​តេ​ឡេ​ក្រាម​។​

​ប្រភព​ដដែល​បន្តថា​៖ «​សម្តេច​រដ្ឋសភាធិបតី​ក៏បាន​ស្នើ​ដល់​ភាគី​រដ្ឋសភា​កូរ៉េ បន្ត​គាំទ្រ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​នានា​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង ​២ (​កម្ពុជា​-​កូរ៉េ​)​ បានធ្វើ​កន្លងមក​ដូច​ជាការ​នាំចូល​ផលិតផល​ពី​កម្ពុជា អភិវឌ្ឍន៍​វិស័យ​ក​សិ​-​ឧស្សា​ហ​កម្ម​កែច្នៃ និង​បន្ត​ជួយ​ជំរុញ​និង​គាំទ្រ​រដ្ឋា​​ភិ​បាល​កូរ៉េ បន្ត​ការគាំទ្រ​ដល់​ពលករ និង​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​បម្រើការ​និង​ស្នាក់​នៅក្នុង​ប្រទេស​កូរ៉េ​»​។

​លើសពីនេះ កម្ពុជា​ក៏បាន​លើក​ជា​សំណើ​ដល់​ប្រធានរដ្ឋសភា​កូរ៉េ បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋសភា​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ជិតស្និទ្ធ​ថែមទៀត​នៅ​គ្រប់​កម្រិត តាំងពី​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ​ក្រុម​មិត្តភាព​សភា រហូតដល់​កម្រិត​មន្ត្រី​ជំនាញ រួមទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ផ្នែក​ព័ត៌មានវិទ្យា និង​ការស្រាវជ្រាវ ជាដើម​។​

​បើ​យោងតាម​រដ្ឋសភា​កម្ពុជា ក្នុងជំនួប​ទ្វេ​​ភាគី​នេះ​លោក គីម ជីន ព្យូ បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការបង្កើត​រាជរដ្ឋាភិបាល​និង​រដ្ឋសភា​អាណត្តិ​ថ្មី ដែលជា​«​អ្នក​បន្តវេន​ពោរពេញ​ដោយ​ថាមពល នៅក្នុង​ការកសាង អភិវឌ្ឍន៍​ប្រទេសជាតិ​»​និង​បាន​អប​​អរសាទរ​ចំពោះ​«​សម្តេច​រដ្ឋសភាធិបតី​» ដែលជា​ស្ត្រី​ដំបូង​នៅ​កម្ពុជា បាន​ក្លាយជា​ប្រធានរដ្ឋសភា​។

តាមរយៈ​រដ្ឋសភា​កម្ពុ​ជា​បាន​អះអាងថា​៖ «​ឯកឧត្តម គីម ជីន ព្យូ បាន​គូសបញ្ជាក់ថា រដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ ត្រៀមខ្លួន​ជានិច្ច នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព រវាង​រដ្ឋសភា​និង​រដ្ឋាភិបាល ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​រឹងមាំ​ឡើង​»​។​

​លោក​បាន​លើកឡើងថា ទំនាក់ទំនង​ប្រទេស​កម្ពុជា​និង​កូរ៉េ មានការ​រីកចម្រើន​ជា​លំដាប់ ទាំង​វិស័យ​ការទូត​និង​ពាណិជ្ជ​កម្ម ខណៈ​ការវិនិយោគ​នៅ​កម្ពុជា​របស់​កូរ៉េ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នៅក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​រថយន្ត​។

​ប្រធានរដ្ឋសភា​កូរ៉េ បាន​សន្យាថា នឹង​ខិតខំ​ជំរុញ​ការ​ផ្តល់ជំនួយ​នានា ដល់​កម្ពុជា នៅក្នុង​នោះ មានការ​បង្កើន​កូតា​ពលករ បច្ចេកទេស​កសិកម្ម និង​ការបណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី អគ្គលេខាធិការដ្ឋាន រដ្ឋសភា​ជាដើម​។ ជាការ​ឆ្លើយតប​លោកស្រី ឃួន សុ​ដា​រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ ដែលជា​និច្ចកាល​តែងតែ​ជួយឧបត្ថម្ភ គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានរដ្ឋសភា​ពនៃ​សាធារណរដ្ឋ​កូរ៉េ​បានបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ មិន​ថា ក្នុង​ក្របខ័ណ្ឌ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​នោះទេ តែ​ក៏បាន​បង្ហាញ​ពី​កិច្ច​សហការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំង ​២ ​ផងដែរ​។

​លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា និង​កូរ៉េ មាន​ទំនាក់ទំនង​ជាមួយគ្នា​ល្អ​និង​ស៊ី​ជម្រៅ តាំងពី​អតីតកាល​មក ជាពិសេស​ក្រោម​ការដឹកនាំ​របស់ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន​។ លោក​បាន​ថា​៖ «​រដ្ឋាភិបាល​អាណត្តិ​ថ្មី ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​បន្ត​ទំនាក់​ទំនង​នេះ​ឱ្យ​កាន់​ល្អ​ផងដែរ​។ ទំនាក់ទំនង​ការទូត​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើកចំហ​និង​ស្វាគមន៍​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ រដ្ឋាភិបាល​កម្ពុជា​មិន​ប្រកាន់​ពី​រប​បន​យោ​បាយ​កុម្មុយនីស្ត​ឬ​សេរី​នោះទេ​»៕