​ភ្នំពេញៈ ក្នុងឱកាស​អបអរ​ទិវា​សត្វ​ត្មាត​ ២០២៣ អង្គការ WWF អំពាវនាវ​ដល់​ពលរ​ដ្ឋ​ទូទាំង​ពិភពលោក​ក៏ដូចជា​ពលរដ្ឋ​កម្ពុជា ឱ្យចូល​រួមការ​ពារ​ស​ត្វ​ស្លាប​ដ៏​មាន​សារៈសំខាន់​ ១​ នេះ ដោយ​កុំ​បំពុល ឬ​រំខាន​ដល់ទី​តាំង​សម្បុក ដែល​ពួកវា​រស់នៅ ដើម្បី​ការពារ និង​ជួយសង្គ្រោះ​សត្វ​ត្មាត​ដែល​នៅ​សេសសល់​។​

​ទិវា​ការយល់ដឹង​អំពី​សត្វ​ត្មាត​អន្តរជាតិ​គឺ​ត្រូវបាន​កម្ពុជា​ចូលរួម​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​អំឡុង​ខែកញ្ញា ដែល​ទិវា​នេះ​គឺជា​ឱកាស​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ចែករំលែក​ព័ត៌មាន បទ​ពិសោធន៍ ដើម្បី​បង្កើន​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ចូលរួម​ការពារ​សត្វ​ស្លាប​ដ៏​មាន​សារៈសំខាន់​នេះ​។ នេះ​បើតាម​អង្គការ WWF​។​

​អង្គការ​បាន​អះអាងថា​៖ «​សត្វ​ត្មាត​ចំនួន​ ៣​ ប្រភេទ​រស់​ជា​អចិ​ន្រៃ្ដ​យ៍​នៅ​ប្រទេស​កម្ពុជា​ហើយ​សត្វ​ដ៏​កម្រ​នេះ​បាននិងកំពុង​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ឈានដល់​ការ​ជិត​ផុត​ពូជ​។ ចំណី​របស់​សត្វ​ត្មាត​កាលពីដើម​មានដូចជា​សាកសព​សត្វព្រៃ​ប្រភេទ​ធំៗ ដូចជា​សត្វ​ក្របីព្រៃ និង​សត្វ​ក្តាន់​ដែល​នៅ​សេសសល់​ពី​ការ​ប្រមាញ់​ដោយ​ប្រភេទ​សត្វ​មំសាសី ដូចជា​សត្វ​ខ្លាធំ ខ្លារខិន និង​ឆ្កែព្រៃ​ជាដើម​»​។​

​យ៉ាងណាក្ដី អង្គការ​នេះ បាន​អះអាងថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ សត្វ​គោក្របី​ដែល​រស់នៅ​ដោយ​សេរី​ក្នុងព្រៃ គឺជា​ប្រភព​ចំណីអាហារ​ដ៏​សំខាន់​សម្រាប់​សត្វ​ត្មាត ហើយ​សត្វ​ត្មាត​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​នានា ដូចជា ការបំពុល ការរំខាន​ទីតាំង​សម្បុក ដែល​ទាមទារ​ឱ្យមាន​ការចាត់វិធានកា​រកា​រពារ និង​ជួយសង្គ្រោះ​ចំនួន​សត្វ​ត្មាត​ដែល​នៅសល់​ជាបន្ទាន់​។

​តាម​ការសិក្សា​ចាប់តាំងពី​ឆ្នាំ​ ២០១០​ មក ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​ដែលមាន​កត់ត្រា​នៅតាម​អាហា​រដ្ឋា​ន​ត្មាត​បានចាប់ផ្តើម​ថយចុះ ប៉ុន្តែ​ដោយសារ​ការ​អភិ​​រក្ស​យ៉ាង​យកចិត្តទុកដាក់​ធ្វើឱ្យ​ចំនួន​សត្វ​ត្មាត​ហាក់​មាន​ស្ថិរ​ភាព​ក្នុងពេល​ ៥​ ឆ្នាំ​ចុងក្រោយ​។ លោក​ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បានឱ្យដឹងថា នៅ​កម្ពុជា កំពុងមាន​សត្វ​ត្មាត​ ៣ ​ប្រភេទ​រស់នៅ​មានដូចជា ត្មាតផេះ ត្មាត​ត្នោត និង​ត្មាតភ្លើង ដោយ​ត្រូវបាន​គេ​រកឃើញ​ក្នុង​ខេត្ត​ចំនួន​ ៥ គឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និង​រតនគិរី​។

​លោក​បានឱ្យដឹងថា​៖ «​តំបន់​ដែល​គេ​កត់ត្រា​ឃើញ​មាន​វត្ត​មាន​សត្វ​ត្មាត​ច្រើនជាងគេ​គឺ​ស្ថិតនៅក្នុង​ស្រុក​សៀម​ប៉ាង​ភាគ​ខាងជើង​ជិត​ព្រំដែន​ប្រទេស​កម្ពុជា​-​ឡាវ​»​។​

លោក​ ប៊ូ វរ​សក្ស បាន​បន្ដថា ការអភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​របស់​ក្រុមការងារ​អភិរក្ស​ត្រូវធ្វើឡើង​រយៈពេល​ ១០ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៥ រហូតដល់​ឆ្នាំ ២០២៥ ខាងមុខ​។​យោង​តាមរយៈ​ជំរឿន​ចុងក្រោយ​របស់​ក្រុមការងារ​អភិរក្ស បាន​បង្ហាញថា ចំនួន​សត្វ​ត្មាត​ត្រូវបាន​រកឃើញ​មាន​ចំនួន ១៣៤ ​ក្បាល​ក្នុង​ឆ្នាំ​ ២០២២ ក្នុងនោះ​មាន​ត្មាតភ្លើង​ ១៩ ​ក្បាល ត្មាត​ត្នោត ​៤២ ​ក្បាល និង​ត្មាតផេះ ​៧៣ ក្បាល​។​

​រីឯ​ឆ្នាំនេះ ក្រុមការងារ​អភិរក្ស​មិនទាន់បាន​បូក​សរុប​នៅឡើយ​ទេ ដោយ​រង់ចាំ​ដល់​ចុងឆ្នាំ ទើប​អាច​បូកសរុប​ចំនួន​សត្វ​ទាំងនេះ​បាន​។​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២២ ចំនួន​សត្វ​ត្មាត​ទាំង​ ៣ ​ប្រភេទ​ដែលមាន​ ១៣៤​ ក្បាល​នេះ​គឺ​កើនឡើង​ ១០,៧​ ភាគរយ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២១ និង​ជា​លទ្ធផល​ជំរឿន​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ មក​។ នេះ​បើតាម​រយៈ​ជំរឿន​ចុងក្រោយ​របស់​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២៕