ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀននៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៣ និងជាផ្នែកមួយជួយពង្រឹងសមត្ថភាពអប់រំលើវិស័យតែងនិពន្ធ និងស្មូតកំណាព្យដល់សិស្សានុសិស្ស និងគ្រូបង្រៀន។
សេចក្តីណែនាំរបស់ក្រសួងអប់រំកាលថ្ងៃទី ៦ ខែកញ្ញាឱ្យដឹងថា ដើម្បីប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ ២០២៣ ឱ្យបានទូលំទូលាយ និងអធិកអធម ក្រសួងសូមធ្វើការណែនាំឱ្យមានការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ដែលត្រូវរៀបចំឡើងទាំងនៅថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ជាតិ។
ក្រសួងបន្តថា៖ «ការប្រឡងប្រណាំងនេះ គឺត្រូវតែជ្រើសរើស គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននិងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីចូលរួមប្រឡងប្រណាំងការតែងនិពន្ធ ពានរង្វាន់ សម្តេចព្រះសង្ឃរាជ ជួន ណាត និងប្រឡងប្រណាំងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ក្រោមប្រធានបទ«គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព»។
បន្ថែមពីនេះសម្រាប់កម្រិតថា្នក់ក្រោមជាតិ ក្រសួងអប់រំ បានប្រកាសឱ្យមន្ទីរអប់រំរាជធានី ខេត្តទាំងអស់ ត្រូវណែនាំដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ខណ្ឌ ស្រុក និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ឱ្យរៀបចំការប្រឡងប្រណាំងដែលមាន ២ ដំណាក់កាល។ ដំណាក់កាលទី១ ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីកំណត់ពេលវេលារៀបចំ ជ្រើសរើសយកបេក្ខជនជាប់ចំណាត់ថ្នាក់លេខ ១ ទាំង ២ វិញ្ញាសា (តែងនិពន្ធ និងស្មូតកំណាព្យ) ជាបេក្ខភាពទៅប្រឡងប្រណាំងនៅថ្នាក់រាជធានី ខេត្ត បន្តទៀតដោយមានការផ្ដល់រង្វាន់លើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្ដែង។
ដំណាក់កាលទី២ គ្រប់មន្ទីរអប់រំ រាជធានី ខេត្តទាំងអស់ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍនិងមន្ត្រីជំនាញ នៃមន្ទីរដែលពាក់ព័ន្ធ ធ្វើការរៀបចំប្រឡង ប្រណាំងជ្រើសរើសបេក្ខជនចំណាត់ថ្នាក់លេខ ១ ទាំង ២ វិញ្ញាសាជាបេក្ខភាពប្រឡងប្រណាំងយកជយលាភីថ្នាក់ជាតិ ដោយមានការផ្តល់រង្វាន់លើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្ដែង។ ចំពោះដំណើរការប្រឡងប្រណាំងជ្រើសរើសបេក្ខភាពនៅថ្នាក់រាជធានី ខេត្តនេះ ត្រូវរៀបចំឱ្យបានរួចរាល់ ជាកំហិត ត្រឹមថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៣។
ដោយឡែក សម្រាប់កម្រិតថា្នក់ជាតិវិញ ការប្រឡងប្រណាំង និងការវាយតម្លៃថ្នាក់ជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែតុលាឆ្នាំ ២០២៣នៅក្នុងបរិវេណអគាររដ្ឋបាលថ្មី (ជាន់ទី១) របស់ក្រសួងអប់រំ។ ចំពោះ ការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់ជយលាភីលេខ ១ លេខ ២ និងលេខ ៣ លើវិញ្ញាសាទាំង ២ នឹងប្រព្រឹត្តទៅក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀន នាថ្ងៃ ទី ៥ ខែតុលា ឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជុំវិញរឿងនេះលោកគង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងនៅថ្ងៃទី ៧ ខែកញ្ញា ថា លោកគាំទ្រចំពោះសកម្មភាពប្រឡងប្រណាំងផ្សេងៗរបស់ក្រសួងដើម្បីអបអរទិវាគ្រូបង្រៀន និងការអប់រំនៅកម្ពុជា ពិសេសពង្រឹងសមត្ថភាពអប់រំលើវិស័យតែងនិពន្ធ និងស្មូតកំណាព្យរបស់សិស្ស។
លោក គង់ សំនៀង បន្តថា៖«សកម្មភាពប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យនេះ នឹងផ្តល់ផលចំណេញសំខាន់ៗចំនួន ២ គឺទី១ ជួយបំផុសសិស្ស និងគ្រូឱ្យខិតខំស្រាវជ្រាវលើការតែងនិពន្ធ និងស្មូតកំណាព្យឱ្យបានស៊ីជម្រៅ និងទី២ នឹងផ្តល់ផលចំណេញដល់វិស័យអប់រំកម្ពុជា តាមរយៈការរំលេចចេញពីគុណតម្លៃរបស់គ្រូបង្រៀនរបស់យើង»។
អ្នកជំនាញអប់រំរូបនេះក៏បានស្នើទៅកាន់ក្រសួងអប់រំ ឱ្យបន្តរៀបចំសកម្មភាពប្រឡងប្រណាំងបែបនេះ ឱ្យបានច្រើន ដើម្បីលើកកម្ពស់គុណភាពអប់រំ ពិសេសបញ្ជ្រាបសកម្មភាពអប់រំលើផ្នែកតែងនិពន្ធ និងស្មូតកំណាព្យឱ្យបានទូលំទូលាយថែមទៀត។
បើតាមក្រសួងអប់រំ ប្រធានការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវបង្កើតគណៈកម្មការជ្រើសរើសបេក្ខជនជយលាភី និងអនុគណៈកម្មការវាយតម្លៃដាក់ពិន្ទុការប្រឡងប្រណាំងតែងនិពន្ធ ព្រមទាំងអនុគណៈកម្មការវាយតម្លៃដាក់ពិន្ទុប្រឡងប្រណាំងស្មូតកំណាព្យផងដែរ៕