ភ្នំពេញៈ អង្គការយូណេស្កូ (UNESCO) និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL)នឹងធ្វើការជាមួយយុវជនជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដើម្បីបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងឌីជីថលដល់យុវជន ដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការពង្រីកសំឡេង និងភាសារបស់ពួកគេនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដោយប្រើប្រាស់ខ្លឹមសារឌីជីថលសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងចូលរួមក្នុងការដំណើរការអភិវឌ្ឍសង្គមជាតិ។ យោងតាមសារ FB របស់អង្គការយូណេស្កូនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣។
ប្រភពដដែលនេះបានឱ្យដឹងថា គម្រោងថ្មីនេះនឹងដោះស្រាយបញ្ហាប្រឈមនានាដែលសហគមន៍ និងយុវជនទាំងនេះប្រឈមមុខ រួមទាំងការទទួលបានព័ត៌មានជាភាសាកំណើតរបស់ពួកគេក្នុងប្រព័ន្ធផ្សព្វផ្សាយនៅមានកម្រិត ព្រោះកន្លងមកការនាំយកនូវសំឡេងរបស់សហគមន៍ជនជាតិដើមភាគតិច នៅក្នុងកិច្ចពិភាក្សាជាវេទិកាសាធារណៈ គឺតែងតែត្រូវបានដកចេញ។
តាមរយៈគម្រោងនេះ នឹងធ្វើការពង្រឹងជំនាញ និងសមត្ថភាពរបស់យុវជនជនជាតិដើមភាគតិចក្នុងការបង្កើត និងចែករំលែកខ្លឹមសារព័ត៌មានជាភាសាកំណើតរបស់ពួកគេ ហើយគម្រោងនេះនឹងជួយពង្រីកសំឡេងរបស់យុវជនជនជាតិដើមភាគតិច ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាដែលមានសារៈសំខាន់សម្រាប់សហគមន៍របស់ពួកគេ និងជាការអំពាវនាវឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។
សារដដែលនេះបានឱ្យដឹងថា លោក ណូង សំអឿង នាយកប្រតិបត្តិនៃ CIPLបានថ្លែងថា៖ «កិច្ចសហការជាមួយអង្គការយូណេស្កូ មានគុណតម្លៃយ៉ាងធំធេងសម្រាប់សហគមន៍ជនជាតិដើមភាគតិចរបស់យើង ដោយសារវាអនុញ្ញាតឱ្យយើងពង្រីកសំឡេងរបស់យើងតាមរយៈវេទិកាប្រព័ន្ធផ្សព្វ ផ្សាយផ្សេងៗ។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសហគមន៍ផ្តល់សិទ្ធិអំណាចដល់យុវជនជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈការបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជំនាញឌីជីថលរបស់ពួកគេ»។
FB ដដែលនេះបានឱ្យដឹងថា ផ្នែកមួយនៃគម្រោងនេះ នឹងជ្រើសរើសយុវជន ១ ក្រុមដែលមានចំនួន ៣០ នាក់ដើម្បីទទួលវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញ និងសមត្ថភាពចែករំលែកព័ត៌មានដ៏ទូលំទូលាយ។ ដូច្នេះវគ្គបណ្តុះបណ្តាលទាំងនេះនឹងគ្របដណ្តប់លើទិដ្ឋភាពផ្សេងៗដូចជាការរាយការណ៍តាមទូរស័ព្ទ ការផលិតខ្លឹមសារ និងគោលការណ៍សកលស្តីពីសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិឌីជីថលជាដើម៕