គណៈកម្មការទន្លេមេគង្គដែលហៅកាត់ថា MRC នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ បានចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ខ្លួនដែលកត់ត្រានូវសមិទ្ធផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក៏ដូចជាបញ្ហាប្រឈមសំខាន់ៗដែលអាងទន្លេកំពុងជួបប្រទះ ដែលទាមទារការយកចិត្តទុកដាក់ជាពិសេស។
ក្នុងរបាយការណ៍ប្រចាំឆ្នាំ បានកត់ត្រាការរីកចម្រើនជាក់ស្តែងទូទាំងអាងទន្លេមេគង្គ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និង "ការទូតទឹក" នៃប្រទេសជាសមាជិករួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងដៃគូនានា។
ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើនកាលពីឆ្នាំមុន មានដូចជា គោលការណ៍ណែនាំថ្មីសម្រាប់ការរចនាទំនប់វារីអគ្គិសនី និងផលប៉ះពាល់បរិស្ថានឆ្លងដែនដើម្បីសម្រួលដល់ចលនាបំលាស់ទីរបស់ត្រី និងលំហូរដីល្បាប់ ច្បាប់នាវាចរណ៍ថ្មីដើម្បីលើកកម្ពស់សុវត្ថិភាពទន្លេឱ្យបានល្អជាងមុន។
ឧបករណ៍ដែលមានភាពច្នៃប្រឌិតដើម្បីព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួតឱ្យបានប្រសើរជាងមុនស្ថានីយត្រួតពិនិត្យថ្មី នៅលើចុងខាងជើងនៃអាងដើម្បីឱ្យដឹងពីការផ្លាស់ប្តូររបស់ទឹកឱ្យបានឆាប់រហ័ស និងការចាប់ផ្តើមនៃការសិក្សារួមគ្នា (ជាមួយនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង) ដើម្បីបង្កើតការយល់ដឹងរួមគ្នា ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម អំពីការផ្លាស់ប្តូររបបរំហូរទឹក។
លោក អានុល័ក គិធិឃួន នាយកប្រតិបត្តិនៃលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បានលើកឡើងពីនិន្នាការ ដ៏គួរឱ្យព្រួយបារម្ភចំនួន ៥ ដូចជា ការផ្លាស់ប្តូរនៃរបបរំហូរទឹក កំណកកករ ការជ្រៀតចូលរបស់ទឹកប្រៃ ការបំពុលដោយបាស្ទិក និងទឹកជំនន់ និងគ្រោះរាំងស្ងួតដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុ។
លោក គិធិឃួន បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះថា៖«បញ្ហាប្រឈមទាំងនេះគឺជាធម្មជាតិមានលក្ខណៈឆ្លងដែន ដូច្នេះវាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាបន្តរវាងប្រទេសជាប់ដងទន្លេដើម្បី ដោះស្រាយវា។ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងតម្រូវការនៃការចែករំលែកទិន្នន័យ ការចរចា ការសម្របសម្រួល និងការបើកចំហចំពោះដៃគូក្នុងតំបន់ និងអន្តរជាតិ»។
លោក គិធិឃួន បានរំលេចថា៖«យើងមានទន្លេមេគង្គតែមួយគត់។ ដូច្នេះហើយ ជាការល្អបំផុត យើងគួរតែប្រកាន់យកនូវវិធីសាស្ដ្រទូទាំងអាង ចំពោះការស្វែងរកដំណោះស្រាយ និងការសម្រេចចិត្ត ចំពោះអ្វីៗគ្រប់យ៉ាងចាប់ពីការរចនាវារីអគ្គិសនី និងការតាមដានទន្លេ រហូតដល់ច្បាប់នាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ»។
លោក ស៊ូរ៉ាស្រី គិដធីមនធុន (Surasri Kidtimonton) សមាជិកនៃគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គ សម្រាប់ប្រទេសថៃ ដែលជាអគ្គលេខាធិការនៃការិយាល័យធនធានទឹកជាតិថៃ និងលេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គជាតិថៃផងដែរ មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ គណៈកម្មការទនេ្លមេគង្គ មានគោលនយោបាយ និងនីតិវិធីរឹងមាំក្នុងការដោះស្រាយអភិបាលកិច្ចទឹកឆ្លងដែន ដោយផ្អែកលើគោលការណ៍សហប្រតិបត្តិការ កាតព្វកិច្ច និងសុច្ឆន្ទៈនៃសន្ធិសញ្ញា»។
គួរជម្រាបថា គណៈកម្មការទន្លេមេគង្គ បានចាប់ផ្តើមអនុវត្តគោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ឬ TbEIA ស្របពេលដែលការសិក្សារួមគ្នាបានបញ្ចប់ដំណាក់កាលដំបូងរបស់ខ្លួន។ លទ្ធផលនៃសិក្សាស្រាវជ្រាវនេះនឹងត្រូវបានចែករំលែកនៅក្នុងវេទិកាភាគីពាក់ព័ន្ធប្រចាំតំបន់លើកទី ១៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នៅទីក្រុងលួងប្រាបាង ប្រទេសឡាវ។
លើសពីនេះទៅទៀត គណៈកម្មការទន្លេមេគង្គចង់បំពេញបន្ថែមទៅលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ អាងឆ្នាំ ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រឆ្នាំ ២០២១-២០២៥ របាយការណ៍ប្រចាំឆ្នាំនេះ ពណ៌នាអំពីរបៀបដែលអាទិភាពជាយុទ្ធសាស្ត្រទាំង ៥ របស់ស្ថាប័នខ្លួន រួមមាន បរិស្ថាន សង្គម សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការ។
ក្នុងរបាយការណ៍ដដែលបន្តថា បច្ចុប្បន្ន មានកម្រិតទឹកភ្លៀងដែលខ្ពស់ជាងឆ្នាំ ២០២១ និង ២០២២ ចំនួន ៤០% គុណភាពទឹកតាមដងទន្លេមេគង្គនៅតែ "ល្អ" ឬ "ល្អឥតខ្ចោះ" នៅតំបន់ភាគច្រើន និងការកើនឡើងនៃកំណើនសេដ្ឋកិច្ចសង្គម និងស្តង់ដារស់នៅ ទូទាំងតំបន់) អាងទន្លេនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមធំៗនានា៕