ពិធីសមយុទ្ធសុខាភិបាលយោធារួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ក្រោមប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ ធ្ងន់ធ្ងរ» រវាងកងទ័ព កម្ពុជា-ចិន នឹងប្រព្រឹត្តទៅថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការពង្រាយកម្លាំងសុខាភិបាលរួមគ្នាជួយដល់តំបន់រងគ្រោះមហន្តរាយ។
ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅប្រកបដោយរលូន និងមានសុវត្ថិភាព លោក ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់នេះ តាមរយៈវីដេអូពីចម្ងាយ ដោយមានភាគីពាក់ព័ន្ធចូលរួមជាង ១០០នាក់ មកពីស្នងការដ្ឋានទាំង ៧ ការិយាល័យជំនាញ នាយទាហាននៃកងរាជអាវុធហត្ថនៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តដែលមានការពាក់ព័ន្ធ។
ខេត្តពាក់ព័ន្ធរួមមាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
យោងតាមកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមយុទ្ធសុខាភិបាលយោធារួមគ្នា រវាងកងយោធពលខេមភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន៖«ផ្តោតលើការបញ្ជាកម្លាំងសុខាភិបាលរួមគ្នា ការដឹកជញ្ជូនកម្លាំងទ័ព ការពង្រាយកម្លាំងប្រតិបត្តិការ ការជួយសង្គ្រោះនៅទីតាំងរងគ្រោះ ការផ្ទេរបញ្ជូនអ្នករងគ្រោះព្យាបាលបន្ត ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស និង ការការពារបង្ការជំងឺឆ្លង»។
ការធ្វើសមយុទ្ធនេះ នឹងធ្វើនៅទីតាំង ៤ កន្លែង រួមមាន១ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក (អតីតកងពលតូច 911) ២ មន្ទីរពេទ្យព្រះកេតុមាលា ៣ ព្រលានយន្តហោះយោធា និង៤ មន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។
មុនពិធីធ្វើសមយុទ្ធមកដល់ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យប្រតិភូក្រុមការងារបច្ចេកទេសលំហាត់សុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ ២០២៣ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោក ប៊ី គ័ងយៀន (Bi Guangyuen) ប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រយោធា អគ្គនាយកដ្ឋានផ្គត់ផ្គង់ ភ័ស្តុភារ នៃគណៈកម្មាធិការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន ចូលជួបកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ នេះ ។
ក្នុងជំនួបនោះ លោក ឥត សារ៉ាត់ ថ្លែងថា៖ «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា កងទ័ពប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន ៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភេរវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់»។
លោកបញ្ជាក់ទៀតថា៖ «ជាក់ស្ដែង ឆ្នាំនេះ យើងទើបតែនឹងបញ្ចប់សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរ កម្ពុជា-ចិន គឺសមយុទ្ធនាគមាស ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និង ការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង»។
បើតាម ឥត សារ៉ាត់ ឆ្លងតាមរយៈនៃការធ្វើសមយុទ្ធនាគមាស ២០២៣ កងទ័ពប្រទេសទាំងពីរ បានឯកភាពគ្នាថា នឹងរៀបចំធ្វើសមយុទ្ធថ្មីមួយទៀតដែលបានដាក់ឈ្មោះថា «លំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព ឆ្នាំ ២០២៣ កម្ពុជា-ចិន»។
ជាមួយគ្នានោះ លោក ប៊ី គ័ងយៀន បញ្ជាក់ថា៖ «ការរៀបចំធ្វើលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ លើកនេះ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ ចិន-កម្ពុជា បានពូនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល ៦៥ ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពីទំនាក់ទំនងអន្តរជាតិបែបថ្មី»៕