នៅក្នុងវេទិកាទឹកអន្តរជាតិ មេគង្គ-កូរ៉េ លើកទី២ ដែលធ្វើឡើងនៅប្រទេស កូរ៉េខាងត្បូង តំណាងកម្ពុជាបានស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើនភាពជាដៃគូអន្តរជាតិ និងកិច្ចគាំទ្រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងអាងទន្លេមេគង្គ រួមមាន រំហូរទឹកទន្លេមេគង្គទាប និងការធ្លាក់ចុះផលស្តុកត្រី ជាដើម។
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក អាន ពេជ្រ ហត្ថដា កាលពីថ្ងៃទី ៨ ខែកញ្ញា តំណាងរដ្ឋមន្រ្តីលោក ថោ ជេដ្ឋា ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងវេទិកាទឹកអន្តរជាតិ មេគង្គ-កូរ៉េ លើកទី២ ក្រោមប្រធានបទ «ភាពធន់នឹងអាកាសធាតុ តាមរយៈការគ្រប់គ្រងធនធានទឹកបែបឌីជីថលនៅក្នុងតំបន់ទន្លេមេគង្គ» នៅទីក្រុង Incheon ប្រទេសកូរ៉េ។
ក្រសួងធនធានទឹកកម្ពុជា បានឱ្យដឹងថា គោលបំណងនៃវេទិកា គឺពង្រឹងកិច្ចសហការរវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន តាមរយៈកំណត់ភាពស៊ីសង្វាក់គ្នារវាងតម្រូវការរបស់រដ្ឋាភិបាលប្រទេសមេគង្គ ជំនាញបច្ចេកវិទ្យានៃវិស័យឯកជន និងបទពិសោធន៍ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍគម្រោងជាក់ស្តែង និងការអនុវត្តដែលលើកកម្ពស់ដល់ការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់មេគង្គប្រកបដោយនិរន្តរភាព។
ថ្លែងក្នុងវេទិកានោះ លោក អាន ពេជ្រ ហត្ថដា បានសង្កត់ធ្ងន់លើតម្រូវការរក្សារំហូរទឹកឱ្យមានសុខភាពល្អ និងការពារទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា និងអាងទន្លេមេគង្គក្រោម ដោយបញ្ជាក់ជំហរចង់ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវ។ បន្ថែមពីនេះ លោកបានស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើនភាពជាដៃគូអន្តរជាតិ និងកិច្ចគាំទ្រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងអាងទន្លេមេគង្គ រួមមាន រំហូរទឹកទន្លេមេគង្គទាប ការធ្លាក់ចុះផលស្តុកត្រី និង រំហូរចូលបឹងទន្លេសាបទាប។
លោកក៏បានជួបពិភាក្សាការងារ និងស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគីដាច់ដោយឡែកចំនួនបួន រួមមាន ជាមួយនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC និងដៃគូអភិវឌ្ឍន៍ជាតំណាងក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ និង K-water របស់កូរ៉េ។
នៅក្នុងជំនួបនោះ រដ្ឋលេខាធិការកម្ពុជា បានលើកឡើងពីអាទិភាពនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលថ្មីនៃកម្ពុជា និងក្រសួង ធនធានទឹក និងឧតុនិយម លើវិស័យអាទិភាពមួយចំនួន រួមមាន ប្រព័ន្ធធារាសាស្ត្រ ប្រកបដោយចីរភាព ប្រព័ន្ធគាំទ្រការធ្វើសម្រេចចិត្តទំនើប មជ្ឈមណ្ឌលអាកាសធាតុជាតិ និងប្រព័ន្ធព្យាករណ៍ទឹកជំនន់ និង ភាពរាំងស្ងួត។
ជាមួយគ្នានេះ ប្រទេសតំណាងដៃគូអភិវឌ្ឍន៍បានវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យច្បាស់លាស់ និងតម្រូវការជាអាទិភាព និង បានបង្ហាញសុច្ឆន្ទៈត្រៀមគាំទ្រដល់របៀបវារៈសំខាន់ៗនៃកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលថ្មី៕