ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ថា នាសប្តាហ៍ក្រោយនេះ ក្រុមការងារជំនាញរបស់ប្រទេសសិង្ហបុរី នឹងមកជជែកពិភាក្សាជាមួយមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពក្នុងការនាំចេញផលិតកសិកម្មទៅប្រទេសរបស់ខ្លួន។
លោកថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
លោកបានថ្លែងថា៖«សិង្ហបុរី ចាប់ផ្តើមចាប់អារម្មណ៍លើផលិតផលកសិកម្មរបស់ខ្មែរមួយចំនួនដូចជា បន្លែ សាច់ជ្រូក សាច់មាន់ហើយ។ដូចនេះក្រសួងពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យមើល និងធ្វើការចរចាជាមួយគ្នា ដោយក្រុមការងារសិង្ហបុរី គេនឹងមកអាទិត្យក្រោយនេះហើយ។ ដូច្នេះ គេធ្វើការលឿន យើងក៏ធ្វើការលឿនដូចគ្នា»។
លោក ហ៊ុន ម៉ាណែត បានជួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លោក លី ស៊ានឡុង នៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនោះមេដឹកនាំនៃប្រទេសទាំង២បានពិភាក្សាគ្នាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និងការពារជាតិ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម ដែលជាក្រុមហ៊ុនផលិតនិងនាំចេញបន្លែទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ថ្លែងថា កម្ពុជានឹងមានទីផ្សារថ្មីទៀត បើសិនជាការចរចារវាងផ្នែករដ្ឋាភិបាលនៃប្រទេសទាំង២ មានលទ្ធផលជាផ្លែផ្កាដែលឈានដល់ការចុះកិច្ចព្រមព្រៀងគ្នា។
លោកបានប្រាប់ថា ការនាំចេញបន្លែចម្រុះរបស់កម្ពុជា ជាប្រភេទបន្លែគ្រឿងទេស ដែលមានដូចជាប្រភេទជីរ ម្ទេស រំដេង រមៀត ខ្ជាយ និងមានប្រភេទបន្លែដែលមានតម្លៃ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទៅក្រៅប្រទេស ខណៈដែលការនាំចេញនេះស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បងនៅឡើយ។
លោកថា៖«ការបើកទីផ្សារថ្មីៗ មិនមែនជារឿងអាក្រក់នោះទេ គ្រាន់តែយើងត្រូវការសិក្សាឱ្យបានលម្អិត លើការចំណាយថ្លៃដើម ជាពិសេសការពង្រឹងគុណភាពលើដំណាំរបស់យើង ឱ្យត្រឹមត្រូវតាមស្តង់ដា និងភូតគាមអនាម័យ»។
លោកហ៊ុន ឡាក់ បានបន្តថា កន្លងមកក្រុមហ៊ុនលោកបាននាំចេញសាកល្បងនូវប្រភេទបន្លែគ្រឿងទេសនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ឃើញថា ទទួលបានចាប់អារម្មណ៍ពីអតិថិជនក្នុងប្រទេសនោះ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែសិក្សាលម្អិត ដើម្បីនាំចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដែលត្រូវដឹកតាមជើងយន្តហោះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី មានកើនឡើងក្នុងទំហំទឹកប្រាក់ជាង ៤៧៦លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២មានជាង ៧២លានដុល្លារ។ ការនាំចូលពីសិង្ហបុរីមកកម្ពុជាវិញ បានថយចុះពីជាង២ ៨៨៨លានដុល្លារក្នុងរយៈពេលដូចគ្នាមកនៅត្រឹមជាង៦២៥លានដុល្លារ៕