
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថ្លែងថា គណបក្សនយោបាយចំនួន៣០ក្នុងចំណោមគណបក្សនយោបាយជាង ៤០ គណបក្ស បានដាក់ពាក្យស្នើសុំចូលជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ក្រោយពីព្រះរាជក្រឹត្យចូលជាធរមាន កាលពីថ្ងៃទី២៦ ខែសីហា ហើយនឹងត្រូវបិទបញ្ចប់ការស្នើសុំនៅថ្ងៃទី១២ ខែកញ្ញានេះ។
លោក ឈឹម ផលវរុណ ថ្លែងនៅថ្ងៃទី១០ ខែកញ្ញាថា បន្ទាប់ពីទទួលបានលិខិតស្នើសុំរបស់គណបក្សនយោបាយទាំង៣០ នេះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានពិនិត្យឃើញថា មិនមានការខ្វះខាតឯកសារបញ្ជាក់នោះទេ ដោយរង់ចាំ២ថ្ងៃទៀត បើមិនមានគណបក្សនយោបាយណាផ្សេងទៀតដាក់ទេ នឹងបញ្ជូនឯកសារស្នើសុំទាំងនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិនិត្យ និងសម្រេចតែម្តង ហើយបន្ទាប់ពីនោះលេខាធិការដ្ឋាននឹងរៀបចំធ្វើលិខិតតែងតាំងជាផ្លូវការតែម្តង។
លោក ឈឹម ផលវរុណ ប្រាប់ថា៖ «យើងពិនិត្យឃើញថា គណបក្សទាំង៣០នេះមានគ្រប់លក្ខខណ្ឌអស់ហើយ។ យើងបានផ្ទៀងផ្ទាប់បឋម ឃើញថា ឯកសារមានគ្រប់ហើយ ហើយយើងនឹងពិនិត្យម្តងទៀតទៅលើឈ្មោះ បើត្រឹមត្រូវអស់ហើយ បានយើងរៀបចំជាបញ្ជីដាក់ជូននាយករដ្ឋមន្ត្រី»។
លោក គឹមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន នៅថ្ងៃទី១០ ខែកញ្ញា ថ្លែងថា គណបក្សភ្លើងទៀននៅតែប្រកាន់ជំហរមិនចូលរួម និងមិនស្នើសុំចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះទេ ព្រោះការចូលរួមជាមួយស្ថាប័ននេះ មិនមានប្រសិទ្ធភាពឡើយ ប៉ុន្តែនៅតែចូលរួមការបោះឆ្នោតនានា។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងថា គណបក្សធម្មាធិបតេយ្យបានដាក់ពាក្យសុំចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់នេះ រួចរាល់ហើយ ហើយការចូលរួមជាមួយស្ថាប័ននេះ គឺដូចជាបានចូលរួមកែទម្រង់ប្រទេស និងជួយរាជរដ្ឋាភិបាលក្នុងការសិក្សាស្រាវជ្រាវ រាល់ភាពអសកម្មរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផងដែរ។
លោកស្រី ពោធិតី សាវត្ថី ថ្លែងថា៖ «អាណតិ្តមុន យើងបានធ្វើច្រើនណាស់ហើយ ប៉ុន្តែបញ្ហាសង្គមមិនទាន់ចប់សព្វគ្រប់ទេ អាណត្តិនេះ យើងនឹងបន្តធ្វើក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីកែទម្រង់ និងចុះសិក្សាស្រាវជ្រាវនូវរឿងរ៉ាវអសកម្ម ដែលនៅសេសសល់ ឬមិនទាន់បានធ្វើ ហើយសរសេរជារបាយការណ៍ជូននាយករដ្ឋមន្ត្រីដើម្បីដោះស្រាយ និងសម្រេចផងដែរ»។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយគណបក្សនយោបាយដែលគ្មានអាសនៈក្នុងរដ្ឋសភាអាចចូលរួមដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងដោយអនុលោមតាមលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងព្រះរាជក្រឹត្យនេះ។
ព្រះរាជក្រឹត្យស្តីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន ៧ ជំពូក និង ២១ មាត្រា ដោយបានឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី២៦ ខែសីហា និងទើបចេញផ្សាយនាពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣។
ព្រះរាជក្រឹត្យលើកឡើងថា គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ទទួលបានបុព្វសិទ្ធិជាគណបក្សស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងលក្ខខណ្ឌដែលគណបក្សនយោបាយនោះបានដាក់ពាក្យស្នើសុំជាផ្លូវការក្នុងរយៈពេល ២ សប្តាហ៍ បន្ទាប់ពីការចូលជាធរមាននៃព្រះរាជក្រឹត្យនេះ និងទទួលបានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី សម្រាប់ការតែងតាំងជាសមាសភាពដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយអនុលោមតាមព្រះរាជក្រឹត្យនេះ៕