ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញទៅកាន់មន្ត្រីគ្រប់ថ្នាក់ ត្រូវខិតខំកសាងខ្លួន គោរពស្រឡាញ់ បម្រើប្រជាជន និងប្រទេសជាតិដោយឥតលក្ខខណ្ឌ។ លោកស្រីបានថ្លែងបែបនេះ ក្នុងពិធីផ្ទេរមុខតំណែង និងតែងតាំងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមហ្វេសប៊ុករបស់លោកស្រី ម៉ែន សំអន នៅថ្ងៃទី១០ ខែកញ្ញា លោកស្រីបានលើកឡើងដោយបានជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្សឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។
លោកស្រីបានថ្លែងថា៖«ថ្នាក់ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសា ចាស់ទុំផ្នែកនយោបាយ និងត្រូវម៉ឺងម៉ាត់ ហើយអ្នកដឹកនាំត្រូវធ្វើភាពជាគំរូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគំរូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្សផងដែរ»។
នាឱកាសនោះដែរ លោកស្រីម៉ែន សំអន ក៏បានអំពាវនាវឱ្យសមាជិក សមាជិកាទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ បន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច ខិតខំកសាងខ្លួន គោរពស្រឡាញ់ បម្រើប្រជាជន និងប្រទេសជាតិដោយឥតលក្ខខណ្ឌ។
លោកស្រីសង្កត់ធ្ងន់ថា៖«រួមគ្នាអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ ដើម្បីសម្រេចឱ្យបានស្របតាមការវិវត្តរបស់ពិភពលោកបច្ចុប្បន្ន នៃការរីកចម្រើន បច្ចេកវិទ្យាឌីជីថល ដែលជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសចាប់ពីឆ្នាំ២០២៣-២០២៨ បានដាក់ចេញក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅនេះ»។
នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែលត្រូវបានចាត់តាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានថ្លែងដែរថា លោកនឹងខិតខំប្រឹងប្រែងបំពេញបេសកកម្មការងារទាំងក្នុងរដ្ឋ និងជួរបក្ស។
លោកថ្លែងថា៖«ខ្ញុំសូមប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញការងារ ដោយគោរពតាមគោលការណ៍ណែនាំ របស់គណបក្ស ពិសេស ពិសេសប្តេជ្ញាយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង អនុវត្តឱ្យបានសកម្មខ្លាំងក្លា មោះមុត រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧»៕